នៅចុងឆ្នាំ២០២៤ នេះ ទាំងធនាគារកណ្តាលអឺរ៉ុប និងអាម៉េរិក បានសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់ជាបន្តបន្ទាប់ ក្រោយពីបានរឹតបន្តឹងវាអស់ជារយៈពេលជាយូរ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា។ កត្តានេះបានជំរុញឱ្យតម្លៃភាគហ៊ុននៅអឺរ៉ុប និងអាម៉េរិក ស្ទុះងើបឡើងដល់កម្រិតខ្ពស់ ហើយកាលពីពេលថ្មីៗទស្សនាវដ្តី Forbes បានប្រកាសពីបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកថ្មីចំនួន១៤១នាក់។
សារព័ត៌មានសេដ្ឋកិច្ចធំៗនៅលើពិភពលោក សុទ្ធតែរាយការណ៍ពីភាពវិជ្ជមានរបស់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ប៉ុន្តែសម្រាប់ឆ្នាំក្រោយ ស្ថានភាពសេដ្ឋកិច្ចពិភពលោកអាចនឹងប្រែប្រួល នៅពេលដែល លោក ដូណាល់ ត្រាំ វិលចូលមកកាន់សេតវិមានអាម៉េរិកជាថ្មី។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ មនុស្សជាច្រើនគិតថា ស្ថានភាពសេដ្ឋកិច្ចពិភបលោកនៅឆ្នាំ២០២៥ អាចនឹងតានតឹង ប្រសិនបើលោក ត្រាំ អនុម័តដំឡើងពន្ធលើការនាំចូលទំនិញពីប្រទេសផ្សេងៗ ជាពិសេសចិន ដ្បិតវាអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម។
បញ្ហាជាច្រើនដែលនឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកនឹងលេចឡើងនៅឆ្នាំក្រោយ រាប់ចាប់តាំងពីរលកនៃការកើនឡើងអតិផរណាបណ្តាលមកពីសម្ពាធពន្ធ អត្រាអ្នកអត់ការងារធ្វើ ស្ថានការណ៍ពិបាកព្យាករពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា រួមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុ។
នៅក្នុងស្ថានភាពនេះ ធនាគារពិភពលោកបានព្រមានថា ប្រជាជនដែលរស់នៅប្រទេសក្រីក្របំផុត នឹងស្ថិតក្នុងស្ថានភាពកាន់តែអាក្រក់ ខណៈប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ពលរដ្ឋអាចប្រឈមមុខនឹងកំណើននៃការចំណាយ។ លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្តាលអ៊ឺរ៉ុប បាននិយាយថា បញ្ហានៃភាពមិនប្រាកដប្រជា នឹងកើតមានឡើងច្រើននៅក្នុងឆ្នាំ២០២៥ ខាងមុខ៕
ដោយៈ សរ សុជាតិ