រោងចក្រផ្អាកនៅអំឡុងពេលបិទខ្ទប់

រោងចក្រជាង ៣៦០ និងមានកម្មករជាង៣០ម៉ឺននាក់ត្រូវបានផ្អាកការងារក្នុងអំឡុងបិទខ្ទប់


សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានអះអាងថា យ៉ាងហោចណាស់មានរោងចក្រជាង ៣៦០ និង កម្មករកម្មការិនីជាង៣០ម៉ឹននាក់ ត្រូវបានផ្អាកការងារក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ចេញពីធ្វើការ។ រូបថតសហការី
ដោយ និង

ជាមួយគ្នានេះ ក្រសួងការងារបានឲ្យដឹងដែរថា តាមច្បាប់ការងារកម្មករនិយោជិតនឹងមិនអាចទទួលបានប្រាក់ឈ្នួលនោះទេ នៅពេលឈប់សម្រាកពីការងារនៅអំឡុងពេលបិទខ្ទប់នេះ។ ប៉ុន្ដែ សម្រាប់ប្រាក់ខែ ៥០% នៃខែមេសា ខាងរោងចក្រ នឹងបើកឲ្យកម្មករកម្មការិនីធម្មតា រួមជាមួយនឹងប្រាក់ឧបត្ថម្ភមួយចំនួនទៀត ប៉ុន្ដែ ការបើកប្រាក់ខែជូននេះ ត្រូវរង់ចាំដល់ផុតការបិទខ្ទប់សិន ពោលគឺនៅក្រោយថ្ងៃទី៥ខែឧសភាខាងមុខនេះ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មាន ខេមបូណូមីសថា មានរោងចក្រកាត់ដេរជាសមាជិករបស់សមាគមចំនួន ៣៦០រោងចក្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅត្រូវបានផ្អាកដំណើរការបណ្តោះអាសន្នក្នុងអំឡុងពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រទាំងពីរ ដោយសារមានការរាតត្បាតនៃជំងឺកូវីដ-១៩។ 

លោក កាំង ម៉ូនីកា សង្កត់ធ្ងន់ថា ការផ្អាកដំណើរការរោងចក្រកាត់ដេរដោយសារវិធានការបិទខ្ទប់ គឺជាចំណុចល្អក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ប៉ុន្តែ វាក៏ប៉ះពាល់ខ្លាំងដល់វិស័យវាយនភណ្ឌកាត់ដេរ ជាពិសេសការនាំចេញនៅក្នុងខែមេសានេះតែម្តង។ 

ជុំវិញនឹងរឿងនេះដែរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា នៅក្នុងខែមេសានេះ កម្មករនឹងទទួលបានប្រាក់ឈ្នួល ៥០% និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ប៉ុន្ដែ ត្រូវរង់ចាំដល់ផុតការបិទខ្ទប់សិន គឺក្រោយថ្ងៃទី៥ខែឧសភាខាងមុខនេះ ព្រោះតែមានការបារម្ភពីការឆ្លងកូវីដ-១៩រាលដាលកាន់តែខ្លាំង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏នឹងបន្ដផ្ដល់ការឧបត្ថម្ភស្បៀងអាហារដល់កម្មករកម្មការិនី ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ផងដែរ។

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់បន្ថែមថា ក្រោយអាជ្ញាធរបានបែងចែកតំបន់ជា ៣កម្រិត រួមមាន តំបន់ពណ៌លឿង តំបន់លឿងទុំ និង តំបន់ក្រហមរួចមក នឹងមានរោងចក្រមួយចំនួនអាចនឹងពិចារណាបើកដំណើរការឡើងវិញដែរ ប៉ុន្តែ នៅខណ្ឌមួយចំនួនដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យជាដើម ដែលសម្បូររោងចក្រ គឺនៅតែមានចំណុចប្រឈមច្រើន និងត្រូវរង់ចាំបន្តិចសិន ។

បើតាមអ្នកនាំពាក្យក្រសួងការងារដដែលនេះ បានគូសបញ្ជាក់ទៀតថា មានរោងចក្រសរុបប្រមាណជាង ៦០% ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ដែលត្រូវបានផ្អាកដំណើរការ ក្នុងនោះ មានចំនួន ១៧រោងចក្រស្ថិតនៅតំបន់ក្បែរ និង ក្នុងតំបន់ក្រហម។ ជាមួយគ្នានោះដែរ មានកម្មករ-និយោជិត ប្រហែល១លាន២សែននាក់ត្រូវបានជាប់គាំងមិនអាចទៅធ្វើការបាន អំឡុងពេលនៃការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ក្នុងនោះ មានកម្មករកម្មការិនីរោងចក្រជាង៤០ម៉ឺននាក់ត្រូវបានប៉ះពាល់ការងារ។

សូមបញ្ជាក់ថា ដំបូងឡើយ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ១៤ថ្ងៃ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ២៨ ខែមេសានេះ ប៉ុន្ដែ ដោយសារតែស្ថានភាពកូវីដ-១៩ នៅតែបន្ដកើនឡើង រាជរដ្ឋាភិបាលបានសម្រេចបន្ថែមរយៈពេលបិទខ្ទប់នេះ ចំនួន ៧ថ្ងៃបន្ថែមទៀត ពោលគឺការបិទខ្ទប់នឹងបន្ដរហូតដល់ថ្ងៃទី ៥ខែឧសភា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងចាប់ផ្ដើមនាំចេញស្វាយទៅចិនបានក្នុងសប្ដាហ៍នេះហើយ!

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ ការចុះហត្ថលេខានាំចេញផ្លែស្វាយពីកម្ពុជា ទៅកាន់ទីផ្សារចិន នឹងត្រូវរៀបចំឡើងនៅក្នុងសប្ដាហ៍នេះហើយ ដោយក្នុងនោះ មានក្រុម…

ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ ដាំក្បាលចុះជាង ១០% នៅត្រីមាសទី១ឆ្នាំនេះ, ហេតុអ្វី?

ព័ត៌មាន
ប្រទេសកម្ពុជា និង ថៃ នៅដើមឆ្នាំនេះ កំពុងជួបទុក្ខដោយសារកូវីដ-១៩ រាតត្បាតមិនចាញ់គ្នាប៉ុន្មានទេ ហើយបើមើលទៅលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ