លោក ឆាល មីឆែល (Charles Michel) អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក បានប្រកាសកាលពីថ្ងៃសៅរ៍ ទី៦ ខែមករា ថា លោកបានសម្រេចចិត្តឈរឈ្មោះបោះឆ្នោតសភារបស់សហភាពអឺរ៉ុប នៅខែមិថុនា ខាងមុខ ដូច្នេះហើយលោកនឹងត្រូវលាឈប់ពីតំណែងប្រធានក្រុមប្រឹក្សាអឺរ៉ុប (European Council) មុនកាលកំណត់ ដែលជាក់ស្ដែងលោកនឹងត្រូវបញ្ចប់អាណត្តិរបស់លោកនៅចុងខែវិច្ឆិកា ចុងឆ្នាំនេះ។
ខណៈប្រទេសហុងគ្រី ត្រូវធ្វើជាប្រធានប្តូរវេននៃក្រុមប្រឹក្សាអឺរ៉ុប ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំនេះ នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អូបាន (Viktor Orban) អាចនឹងត្រូវដឹកនាំកិច្ចប្រជុំជាច្រើនក្នុងនាមជាអ្នកស្នងតំណែងបណ្តោះអាសន្ន។ លោក វីកទ័រ អូបាន (Viktor Orban) បានប្រឆាំងជំទាស់នឹងគំនិតផ្តួចផ្តើមជាច្រើនរបស់សហភាពអឺរ៉ុប ក្នុងការជួយគាំទ្រដល់អ៊ុយក្រែន ហើយលោកក៏បានរងការរិះគន់យ៉ាងខ្លាំងផងដែរ ចំពោះការធ្វើឱ្យខូចសិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហុងគ្រី។
លោក ឆាល មីឆែល (Charles Michel) បានប្រាប់អ្នកសារព័ត៌មានថា លោកចង់បញ្ជាក់ឱ្យច្បាស់ថា ទោះជាក្នុងករណីណាក៏ដោយ ចាប់ពីខែមិថុនា ឆ្នាំនេះ ការសម្រេចចិត្តទាំងអស់គឺស្ថិតនៅលើអ្នកស្នងតំណែងរបស់លោក ហើយសភាអឺរ៉ុប ចាប់ពីខែកក្កដា គឺជាអ្នកសម្រេចចិត្តជ្រើសរើសប្រធានក្រុមប្រឹក្សាអឺរ៉ុប ឱ្យកាន់តំណែងនេះបន្តពីលោក។
ការលាលែងពីតំណែងរបស់លោក ឆាល មីឆែល (Charles Michel) នេះបានកើតឡើងក្នុងពេលដ៏សំខាន់សម្រាប់ការទូតសហភាពអឺរ៉ុប ខណៈដែលប្លុកនេះកំពុងប្រឹងប្រែងរក្សាសន្ទុះ និងការគាំទ្រសម្រាប់អ៊ុយក្រែន និងដោះស្រាយជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងជម្លោះជាមួយប្រទេសចិន។
លោក អាល់បឺតូ អាឡេម៉ាណូ (Alberto Alemanno) សាស្ត្រាចារ្យច្បាប់សហភាពអឺរ៉ុប នៅសកវិទ្យាល័យ HEC ក្នុងប្រទេសបារាំង បាននិយាយតាមបណ្ដាញទំនាក់ទំនងសង្គម X ថា ការសម្រេចចិត្តរបស់លោក ឆាល មីឆែល (Charles Michel) លាឈប់ពីតំណែងប្រធានក្រុមប្រឹក្សាអឺរ៉ុប ដើម្បីងាកទៅបន្តអាជីពនយោបាយផ្ទាល់ខ្លួន មិនត្រឹមតែជាទង្វើសួនទួអាត្មានិយមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទង្វើគ្មានការទទួលខុសត្រូវផងដែរ ព្រោះការធ្វើបែបនេះនឹងជួយត្រួសត្រាយផ្លូវសម្រាប់លោក វីកទ័រ អូបាន (Viktor Orban) ដែលនឹងត្រូវធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្តូរវេននៅឆ្នាំនេះ ហើយនឹងបន្តគ្រប់គ្រងក្រុមប្រឹក្សានេះរហូតដល់មានការតែងតាំងអ្នកថ្មី៕