លោក ឡែម ផូរ វរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សមាគមវារីវប្បកម្មកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុងខែមករា ដល់ខែមេសាគឺជាខែដែលអ្នកចិញ្ចឹមត្រីមានបំរុងនៅក្នុងស្រះស្រាប់ កំពុងឲ្យចំណីបំប៉នដើម្បីត្រៀមចាប់លក់។ ហើយចាប់ពីខែឧសភាទៅពួកគាត់នឹងចាប់ផ្តើមដាក់ត្រីចិញ្ចឹមឡើងវិញផងដែរ។ មន្ត្រីអភិវឌ្ឍន៍សមាគមវារីវប្បកម្មកម្ពុជារូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា តាមរយៈការចុះទៅមើលស្ថានភាពផ្ទាល់នៅក្នុងខេត្តដែលមានសមាជិករបស់សមាគមវារីវប្បកម្មកម្ពុជាកាលពីពេលថ្មីៗនេះ លោកបានកត់សម្គាល់ឃើញថា អ្នកចិញ្ចឹមត្រីចាប់ផ្តើមដាក់ចិញ្ចឹមត្រីឡើងវិញ ក្នុងបរិមាណមួយសមរម្យ ខណៈពួកគាត់មើលឃើញថា ឥទ្ធិពលដោយសារកូវីដ១៩នាពេលបច្ចុប្បន្នមានភាពថមថយ ហើយចរន្តសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ មានការបើកកន្លែងដើរកំសាន្ត ភោគជនីយដ្ឋាន និងកម្មវិធីបុណ្យ ពិធីអាពាហ៍ពិពាហ៍នានា ធ្វើឲ្យទីផ្សារត្រីហាក់មានភាពល្អប្រសើរឡើងវិញ។ ក្រុមអ្នកចិញ្ចឹមត្រីមានក្តីរំពឹងថា នៅចុងឆ្នាំ២០២២នេះ ចរន្តសេដ្ឋកិច្ចនឹងមានភាពល្អច្រើន នាំឲ្យទីផ្សារត្រីក៏កាន់តែល្អផងដែរ។ លើសពីនេះ លោក ឡែម ផូរវរិទ្ធិបានអះអាងដែរថា នាពេលបច្ចុប្បន្នតម្រូវការត្រីមានការកើនឡើងច្រើន នាំឲ្យទីផ្សារត្រីមានការកើនឡើងពី ៣០% ទៅ ៥០% ផងដែរ បើប្រៀបធៀបនឹងពេលមិនទាន់មានកូវីដ១៩។
លោក ធី ម៉ាលី អ្នកចិញ្ចឹមត្រី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានគូសបញ្ជាក់ឲ្យដឹងថា ការចញ្ចឹមត្រីរបស់លោកក្នុងឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន ដោយសារតែបច្ចុប្បន្នទីផ្សារត្រីមានតម្រូវការច្រើន។ ចំណែកអ្នកស្រី ថៃ សុភឿន អ្នកចិញ្ចឹមត្រីនៅក្នុងខេត្តកំពង់ចាមដែរនោះ បានបញ្ជាក់ថា ការចិញ្ចឹមត្រីរបស់អ្នកស្រីក្នុងឆ្នាំនេះ ហាក់មានការថយចុះជាងឆ្នាំមុនបន្តិច ពីព្រោះមិនសូវមានដើមទុនច្រើនសម្រាប់ចិញ្ចឹម ។ អ្នកស្រី បានមើលឃើញថា ទីផ្សារត្រីនៅពេលបច្ចុប្បន្នហាក់មានភាពល្អគួរសម ដោយត្រីប្រាមានតម្លៃ ៤៥០០ រៀលក្នុងមួយគីឡូក្រាម ត្រីឆ្តោមានតម្លៃជាង ៩០០០រៀលក្នុងមួយគីឡូក្រាមផងដែរ។ អ្នកស្រីបន្តទៀតថា នៅក្រោយពេលប្រមូលផលត្រីនៅខែសីហាខាងមុខនេះ អ្នកស្រីនឹងបង្កើនការចិញ្ចឹមត្រីឡើងវិញ ដោយមើលឃើញថា បច្ចុប្បន្នបញ្ហាកូវីដ១៩មានភាពថមថយច្រើនហើយទីផ្សារត្រីនឹងមានភាពល្អជាងមុនផងដែរ។
បើតាមសមាគមវារីវប្បកម្មកម្ពុជា បច្ចុប្បន្ន នៅតាមបណ្តាប្រទេសជិតខាងតម្លៃត្រីមានការកើនឡើងខ្ពស់ ប៉ុន្ដែនៅប្រទេសកម្ពុជាតម្លៃត្រីកើនឡើងត្រឹមតម្លៃតិចតួចបំផុត ពោលគឺកើនត្រឹម១០០ ឬ ២០០ រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ ក្នុងនោះ ត្រីប្រាមានតម្លៃ ៤៣០០ រៀលក្នុងមួយគីឡូក្រាម ត្រីអណ្តែងមានតម្លៃ ៤៥០០ រៀលក្នុងមួយគីឡូក្រាម ហើយចំពោះត្រីពោរ ហាក់មានការកើនឡើងបន្តិច គឺមានតម្លៃ ៦៥០០ ទៅ ៧០០០ រៀលក្នុងមួយគីឡូក្រាម ខណៈពីមុនមានតម្លៃត្រឹមតែ ៥៥០០ ទៅ ៦០០០រៀលក្នុងមួយគីឡូក្រាម។
តាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ក្នុងរយៈពេល៤ខែឆ្នាំ២០២២នេះ បង្ហាញថា ការចិញ្ចឹមត្រី និងបង្គារមានចំនួនជិត១៧ពាន់តោន ថយចុះចំនួនជាង ៨០ពាន់តោន បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕