ទោះបីសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជា ហើយការធ្វើពាណិជ្ជកម្មរបស់ចិន រងសម្ពាធពីលោកខាងលិចយ៉ាងណាក្តី តែមហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកសម្រេចអតិរេកពាណិជ្ជកម្មខ្ពស់គួរឱ្យកត់សម្គាល់។ ជាក់ស្តែងបើយោងតាមរបាយការណ៍របស់រដ្ឋបាលគយចិន ទីក្រុងប៉េកាំង សម្រេចបានអតិរេកពាណិជ្ជកម្មរហូតដល់ជាង៩៩២ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤ មានការកើនឡើង២១% បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ។
ក្រុមអ្នកវិភាគបានចាត់ទុកកំណើនអតិរេកពាណិជ្ជកម្មរបស់ចិន វាគ្រាន់តែជាសមិទ្ធផលនៅក្នុងឆ្នាំចាស់តែប៉ុណ្ណោះ តែនៅក្នុងឆ្នាំ២០២៥នេះ ពួកគេជឿជាក់ថា អតិរេកពាណិជ្ជកម្មរបស់ចិន អាចនឹងមានការធ្លាក់ចុះខ្លាំង ដោយសារតែគំនាបពន្ធរបស់លោក ដូណាល់ ត្រាំ។
លោក ខេរិន ឡេម(Kelvin Lam) អ្នកសេដ្ឋវិទូជាន់ខ្ពស់ចិននៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Pantheon Macroeconomics បានសរសេរនៅក្នុងកំណត់ត្រាមួយថា ជាមួយនឹងការកើនឡើងភាពមិនច្បាស់លាស់ពីខាងក្រៅលើគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលលោក ត្រាំ កំណើននៃការនាំចេញរបស់ប្រទេសចិន ទំនងជាអាចប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរនៅឆ្នាំ២០២៥ នេះ។
អ្នកជំនាញរូបនេះជឿជាក់ថា នៅពេលលោក ត្រាំ ឡើងមកដឹកនាំសេតវិមានជាថ្មី ប្រទេសនៅជុំវិញពិភពលោកនឹងដាក់ក្រសែភ្នែករង់ចាំតាមដានសារនយោបាយរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងប្រទេសកាណាដា ម៉ិកស៊ីក និងចិន ដោយសារតែប្រទេសទាំងនេះសុទ្ធសឹងជាប្រទេសមានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយសហរដ្ឋអាម៉េរិក។ សម្រាប់អ្នកជំនាញរូបនេះ សម្ពាធពាណិជ្ជកម្មដែលដាក់ដោយសហរដ្ឋអាម៉េរិកលើប្រទេសចិន និងប្រទេសផ្សេងៗ ជាពិសេសសហភាពអឺរ៉ុបអាចនឹងមានសភាពធ្ងន់ធ្ងរ។
ជាមួយគ្នានេះ លោក ស៊ីជន ហួង (Zichun Huang) អ្នកសេដ្ឋវិទូចិន នៅក្រុមហ៊ុន Capital Economics យល់ឃើញថា ការនាំចេញរបស់ចិន ទំនងជារក្សាបានភាពធន់ក្នុងរយៈពេលខ្លីនៅឆ្នាំ២០២៥ ប៉ុន្តែការធ្លាក់ចុះនឹងកើតមាននៅចុងឆ្នាំ ប្រសិនបើលោក ត្រាំ ពិតជាអនុវត្តដូចអ្វីដែលលោកបានព្រមានកាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតមែននោះ៕
ដោយៈ សរ សុជាតិ