ការសន្យានេះធ្វើឡើងជួនចំពេលសហរដ្ឋអាមេរិក ទើបតែប្រកាសបន្ថែមកញ្ចប់ទឹកប្រាក់ពន្លឿនការផលិតឈីប ដែលកំពុងតែខ្វះខាត ថែមទាំងបានប្រកាសពង្រឹងខ្សែចង្វាក់ផលិតកម្មបន្ទះឈីបជាមួយតៃវ៉ាន់ និងកូរ៉េខាងត្បូងទៀតផង។
នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង អះអាងបន្ថែមថា នៅក្នុងផែនការរបស់ខ្លួន ចិនក៏នឹងពង្រឹងគុណភាពនៃប្រព័ន្ធ 5G របស់ខ្លួនឲ្យគ្របដណ្តប់ពេញផ្ទៃប្រទេសផងដែរ។
ចិនព្យាយាម ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើលោកខាងលិចសម្រាប់សមាសធាតុសំខាន់ៗដូចជា បន្ទះឈីបកុំព្យួទ័រ ដែលកន្លងមកវាបានចោទជាបញ្ហាមួយទៅកាន់ចិន និងបណ្តាប្រទេសឧស្សាហកម្មធំៗជាច្រើនទៀត ដោយសារការខ្វះខាតជាសកល នៃឧបករណ៍អេឡិចត្រូនិក និងបន្ទះឈីបផ្ទាល់តែម្តង អំឡុងការរាតត្បាតកូវីដ-១៩។
សូមបញ្ជាក់ថា ទោះបីចិនខ្លួនឯងជាប្រទេសផលិតឈីបមួយក្នុងពិភពលោកដែរនោះ ក៏មិនអាចបំពេញតម្រូវការរបស់ខ្លួនបានដែរ ពោលគឺប្រទេសនេះបាននាំចូលបន្ទះឈីបក្នុងមួយឆ្នាំៗ ដល់ទៅ ៣០០ពាន់លានដុល្លារអាមេរិក។
គួរជម្រាបជូនដែរថា ក្រៅតែពីការបង្កើនថវិកាក្នុងវិស័យពាណិជ្ជកម្ម ការផលិតឈីបនេះ ចិនក៏បានចំណាយលុយបន្ថែមលើវិស័យយោធារបស់ខ្លួនផងដែរ ក្នុងនោះឆ្នាំ២០២១ ចិនបង្កើនថវិកាការពារជាតិជាង ៧% ទៀត គិតជាទឹកប្រាក់ប្រមាណជាង ២០០ ពាន់លានដុល្លារអាមេរិក៕