ក្រសួងពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំពិធីចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រសួងពាណិជ្ជកម្មកម្ពុជាសម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក សន យីន អាជីវករទិញលក់ដំឡូងមី នៅខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងដែរថា ទីផ្សារដំឡូងមីក្នុងឆ្នាំនេះមានភាពល្អប្រសើច្រើនបើធៀបទៅឆ្នាំ២០២១ ដោយសារតែ តម្រូវការមានច្រើន ហើយទិន្នផលដំឡូងមីឆ្នាំនេះ ហាក់មានតិច ដោយសារតែមានភ្លៀងធ្លាក់ច្រើន។ លោកបានបន្ថែមថា កន្លងមកការនាំចេញដំឡូងមីរបស់លោកគឺត្រូវបាននាំចេញទៅកាន់ប្រទេសថៃ ដែលមិនបាននាំចេញផ្ទាល់ទៅកាន់ទីផ្សារគោលដៅប្រទេសចិននោះទេ។ អាជីវកររូបនេះ កាលណាដំឡូងមីកម្ពុជាអាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារក្រៅប្រទេសបាន នោះតម្លៃក៏អាចលក់បានខ្ពស់ផងដែរ។
លោក ឈឺម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានគូសបញ្ជាក់ដែរថា តម្លៃទីផ្សារដំឡូងមីក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ដោយតម្លៃជាមធ្យមដំឡូងមីស្រស់មានតម្លៃ ២៤០ រៀលមួយគីឡូក្រាម និង ដំឡូងមីក្រៀម តម្លៃ ជាង៧២០ រៀលក្នុងមួយគីឡូក្រាម។ គោលដៅនាំចេញដំឡូងមីនៅខេត្តបាត់ដំបង ប្រមាណ៧០% ត្រូវនាំចេញទៅប្រទេសថៃ និងប្រមាណ ៣០% ទៀតគឺសម្រាប់ប្រើប្រាស់ក្នុងស្រុក។
ក្រៅតែពីការនាំចេញដំឡូងមីស្ងួត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្នើឯកឧត្តមអភិបាលខេត្តក្វាងស៊ី ឱ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ីបន្ថែមទៀត និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ីផងដែរ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសចិនសម្រេចបានជាង ១១ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងខេត្តក្វាងស៊ី មានប្រមាណជិត១៦០លានដុល្លារ កើនឡើងជិត ៦៤%៕
អត្ថបទ សោមស្រីពេជ្រ