កំពង់ផែទឹកជ្រៅរបស់ប្រទេសស្រីលង្កា ត្រូវបានកាន់កាប់ដោយ ក្រុមហ៊ុនចិន China Merchants ដែលមានតម្លៃ ជាង ១,៣ ពាន់លានដុល្លារ និងមានកុងត្រារយៈពេលរហូតដល់ ៩៩ឆ្នាំ។
សារព័ត៌មាន CCTV Plus បានរាយការណ៍ថា កាលពីដើមឆ្នាំ ២០១៨នេះ ចិនបានទិញយកកំពង់ផែកុងតឺន័រមួយរបស់ប្រេស៊ីល ដែលស្ថិតក្នុងចំណោមកំពង់ផែ ដែលរកប្រាក់ចំណេញបានច្រើនបំផុតនៅប្រេស៊ីល។
ការទិញលក់កំពង់ផែនេះ ត្រូវបានគេមើលឃើញថា វាជាការគូសបញ្ជាក់ អំពីទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគរវាងបណ្តាប្រទេសប្រ៊ីកស៍ (BRICS) ពោលគឺប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
កំពង់ផែកុងតឺន័រ ប៉ារ៉ាណាហ្គ័រ ឬ TCP ក្នុងទីក្រុង ប៉ារ៉ាណាហ្គ័រ (Paranagua) មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋប៉ារ៉ាណា (Parana) ហើយកំពុងផែនេះ ជាស្ថានីយកុងតឺន័រធំបំផុតទី២ របស់ប្រេស៊ីល។
តំបន់នេះ រកប្រាក់ចំនូលបានប្រហែលជិតពាក់កណ្តាល នៃផលិតផលក្នុងស្រុកសរុបរបស់ប្រេស៊ីលទៅហើយ។ កាលពីខែកុម្ភៈឆ្នាំនេះ ក្រុមហ៊ុនឈ្មួញរបស់រដ្ឋចិន ឈ្មោះថា China Merchants Group បានទិញភាគហ៊ុន ៩០ភាគរយ នៃសម្បទានរយៈពេល ៣០ឆ្នាំរបស់កំពង់នេះ ក្នុងតម្លៃ ៩២៥លានដុល្លារអាមេរិក។ នេះគឺជាការទិញកំពង់ផែ ដែលចំណាយប្រាក់ច្រើនបំផុត នៅអាមេរិកឡាទីន។
បច្ចុប្បន្ន ក្រុមហ៊ុនចិនជាច្រើន និយមបណ្តាក់ទុននៅប្រេស៊ីល ជាការទិញភាគហ៊ុនកំពង់ផែសំខាន់ៗនៅទីនេះ។
តាមគេហទំព័រ Forbes បានឲ្យដឹងថា ក្នុងគោលបំណងបង្កើនជំហររបស់ខ្លួនជាមហាអំណាចដែនសមុទ្រ ចិនបានខិតខំពង្រឹងច្រកនៃសង្វាក់ផ្គត់ផ្គង់សំខាន់ៗ បង្កើនសមត្ថភាពពាណិជ្ជកម្មអន្ដរជាតិ និងបង្កើនអានុភាពសេដ្ឋកិច្ចរបស់ខ្លួនកាន់តែខ្លាំងក្លា តាមរយៈ ការទិញសិទ្ធិអភិវឌ្ឍន៍ និងសិទ្ធិប្រតិបត្តិការ ច្រកកំពង់ផែ នៃប្រទេសជាច្រើន ដែលលាតសន្ធឹងពី អាណាចក្រអាហ្វ្រិកខាងកើត ទៅមជ្ឈឹមបូព៌ា អាហ្វ្រិក អឺរ៉ុប និងសូម្បីអាមេរិកខាងត្បូងផងដែរ។
តាមការស្រាវជ្រាវរបស់ Economist Intelligence Unit កាលពីពាក់កណ្ដាលឆ្នាំ២០១៦ ដល់ពាក់កណ្ដាលឆ្នាំ២០១៧ ចិន បានចំណាយលុយមិនតិចជាង ២០ពាន់លានដុល្លារនោះទេ ក្នុងការវិនិយោគទៅក្នុងកំពង់ផែចំនួន៩ នៅក្នុងទឹកដីប្រទេសជាច្រើននៅទូទាំងពិភពលោក។
តាមការស្រាវជ្រាវដដែលបានឲ្យដឹងទៀតថា គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៧ ក្រុមហ៊ុនចិន ដែលបានវិនិយោគ និងមានភាពជាម្ចាស់កម្មសិទ្ធិក្នុងកំពង់ផែសមុទ្រ មាននៅប្រទេសចំនួន៣៤ ខណៈដែលផែនការវិនិយោគមានចំនួន១២ នៅក្នុងប្រទេសចំនួន ៨ផ្សេងទៀត។
នៅក្នុងប្រទេសក្នុងតំបន់វិញ កាលពីពេលកន្លងទៅ ចិន ក៏បានចរចាវិនិយោគក្នុងកំពង់ផែទឹកជ្រៅរបស់ មីយ៉ាន់ម៉ាក្នុងតម្លៃ ៧,៣ ពាន់លានដុល្លារ និង ២,៧ពាន់លានដុល្លារទៀត វិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ប្រសិនបើការចរចានេះ ឈានទៅដល់ការព្រមព្រៀងគ្នាមែន ចិននឹងមានភាគហ៊ុន ៧០% ខណៈមីយ៉ាន់ម៉ា មានតែ ៣០%ប៉ុណ្ណោះ។
ក្រៅពីមានផែនការវិនិយោគនៅមីយ៉ាន់ម៉ា ប្រទេសមហាអំណាចពិភពលោកទី២នេះ ក៏បានវិនិយោគនៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ពិសេសវិស័យអចលនទ្រព្យតែម្ដង ហើយកាលពីពេលកន្លងទៅនេះ ក៏មានក្រុមហ៊ុនចិនបានវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា សាងសង់កំពង់ផែសមុទ្រនៅខេត្តកំពតផងដែរ។ រីឯប្រទេសម៉ាឡេស៊ីឯណោះវិញ ប្រទេសចិន ក៏បានវិនិយោគក្នុងកំពង់ផែមួយចំនួនផងដែរ។
ដោយឡែក នៅប្រទេសថៃវិញ ចិន មិនមែនជាវិនិយោគិនធំនៅក្នុងកំពង់ផែរបស់ថៃនោះឡើយ។ យ៉ាងណាក៏ដោយ សំណើសម្រាប់ការអភិវឌ្ឍកំពង់ផែសមុទ្រដ៏ធំរបស់ថៃ ឡាមច្បាង នឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ ដោយវានឹងភ្ជាប់ជាមួយនឹងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន ហើយច្បាស់ណាស់ ចិននឹងមានឱកាសទាញផលចំណេញពីការអភិវឌ្ឍនេះ។
គួរជម្រាបថា ការវិនិយោគរបស់ចិន នៅក្នុងវិស័យពាណិជ្ជកម្មផ្លូវសមុទ្រនេះ ត្រូវបានពិភពលោកសារទ និងត្រូវបានការរិះគន់ផងដែរ ដោយសារតែគេយល់ថា ប្រទេសនេះ ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីក្ដោបក្ដាប់កំពង់ផែនសមុទ្ររបស់ប្រទេសមួយចំនួន។ តួយ៉ាង ការទិញយកកំពង់ផែក្នុងប្រទេសស្រីលង្កា បានក្លាយជាបទពិសោធន៍មួយ ធ្វើឲ្យប្រទេសផ្សេងទៀត មានការខ្លាចរអាក្នុងការអនុញ្ញតឲ្យចិនវិនិយោគ ឬទិញភាគហ៊ុនកំពង់ផែសំខាន់ៗរបស់ខ្លួន៕