វិស័យទេសចរណ៍

ម៉ាឡេស៊ី ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានជាង២១លាននាក់ នៅឆមាសទី១ ខណៈភ្ញៀវទៅពីកម្ពុជា កើនឡើងជាង៥០%


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានគូសបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៦ ម៉ាឡេស៊ី ស្រូបទាញភ្ញៀវទេសចរអន្តរជាតិ បានជាង២១លាននាក់ មានការកើនឡើង២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើធៀបនឹងកម្រិតមុនពេលផ្ទុះវិបត្តិជំងឺកូវីដ-១៩ ចំនួននេះមានការកើនឡើងជាង១៧%។ កំណើនដ៏គួរឱ្យកត់សម្គាល់នេះបានស្តែងឱ្យឃើញយ៉ាងច្បាស់អំពីការងើបឡើងវិញយ៉ាងខ្លាំងក្លា និងដំណើរការទៅមុខយ៉ាងរលូន នៃវិស័យទេសចរណ៍របស់ប្រទេសនេះ។
វិស័យទេសចរណ៍
ដោយ

កំណើនដ៏ទាក់ទាញនេះ ត្រូវជំរុញដោយកត្តាសំខាន់ៗជាច្រើន រួមមាន យុទ្ធនាការទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦, ការតភ្ជាប់ជើងហោះហើរ និងការធ្វើដំណើរក្នុងតំបន់កាន់តែប្រសើរ, គំនិតផ្តួចផ្តើមលើកកម្ពស់ទេសចរណ៍ក្នុងស្រុក, ការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ព្រមទាំងការបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពសម្បូរបែបនៅទូទាំងប្រទេស។
ប្រភពចំណូល និងកំណើនដ៏ធំធេងនេះ ភាគច្រើនបានមកពីទីផ្សារអាស៊ាន ដែលក្តោបក្តាប់រហូតដល់ជិត៧៣% នៃចំនួនភ្ញៀវទេសចរសរុប ក្នុងនោះប្រទេសសិង្ហបុរី នៅតែជាប្រភពទីផ្សារធំបំផុតដោយមានកំណើន៤,៤%។ អ្វីដែលកាន់តែលេចធ្លោនោះ គឺទីផ្សារទេសចរណ៍ថ្មីៗបានបំបែកកំណត់ត្រាកើនឡើងយ៉ាងគំហុក ក្នុងនោះភ្ញៀវទេសចរមកពីកម្ពុជា កើនឡើងរហូតដល់ជាង៥២%, មីយ៉ាន់ម៉ាកើន ឡើងជិត៤៦% និងឡាវ កើនឡើងជាង២៥%។
ដោយឡែក ទីផ្សារប្រពៃណីសំខាន់ៗដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី និងចិន នៅតែជាសសរទ្រទ្រង់ដ៏រឹងមាំ ដោយចំនួនភ្ញៀវចិន បន្តកើនឡើងជាលំដាប់ ដោយសារទទួលបានផ្លែផ្កាពីគោលនយោបាយលើកលែងទិដ្ឋាការ និងការផ្សព្វផ្សាយទេសចរណ៍យ៉ាងសកម្ម។ ក្រឡេកទៅមើលបណ្តាប្រទេសជិតខាងក្នុងតំបន់វិញ ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ល្បីល្បាញទទួលបានភ្ញៀវបរទេសជាង១៦លាននាក់ នៅឆមាសទី១ ឆ្នាំនេះ ធ្លាក់ចុះជាង៣% បើធៀបនឹងឆ្នាំមុន។ វៀតណាម ទទួលបានភ្ញៀវអន្តរជាតិជាង១២លាននាក់ កើនឡើងជិត១៥%។ ចំណែកប្រទេសសិង្ហបុរី ទទួលបានជាង៨លាននាក់ ធ្លាក់ចុះជិត២% ដោយសារតែការថយចុះនៃចំនួនភ្ញៀវមកពីទីផ្សារសំខាន់ៗ ដូចជាឥណ្ឌូនេស៊ី និងឥណ្ឌា៕




អត្ថបទបន្ទាប់


​អាម៉េរិក ធ្វើអន្តរាគមន៍ដ៏កម្របំផុត ដើម្បីជួយគាំទ្រប្រាក់យ៉េន ដែលកំពុងជួបវិបត្តិធ្លាក់ថ្លៃ

សហរដ្ឋអាម៉េរិក បានធ្វើអន្តរាគមន៍ដ៏កម្រ និងគួរឱ្យចាប់អារម្មណ៍ដើម្បីជួយទ្រទ្រង់ប្រាក់យ៉េន របស់ជប៉ុន តាមរយៈការទិញប្រាក់យ៉េនយ៉ាង​ច្រើនជាលើកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ