វាជាការចុះបញ្ជីខ្មៅដ៏ធំបំផុតមួយចាប់តាំងពីច្បាប់នេះចូលជាធរមានក្នុងឆ្នាំ២០២១ ខណៈដែលទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះដាច់អហង្ការ ហើយបានព្រមានថា នឹងចាត់វិធានការការពារក្រុមហ៊ុនរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក បានចុះបញ្ជីខ្មៅក្រុមហ៊ុនចិន ចំនួន ៤៣បន្ថែមទៀត ដោយចោទប្រកាន់ថា ទំនិញផលិតដោយក្រុមហ៊ុនទាំងនេះ ឬផ្នែកណាមួយ នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេអាចជាប់ពាក់ព័ន្ធពលកម្មដោយបង្ខំ ហើយត្រូវបានហាមឃាត់មិនឱ្យនាំចូលទៅកាន់សហរដ្ឋអាម៉េរិក លុះត្រាតែអ្នកនាំចូលអាចបង្ហាញភស្តុតាងបញ្ជាក់ពីភាពស្អាតស្អំ។ ការពង្រីកបញ្ជីខ្មៅលើកនេះ គឺជាលើកដំបូងក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ អាណត្តិថ្មី និងធ្វើឱ្យចំនួនក្រុមហ៊ុនជាប់ក្នុងបញ្ជីកើនពី ១៤៤ ដល់ ១៨៧ក្រុមហ៊ុន ដែលជាការពង្រីកធំបំផុតមួយចាប់តាំងពីច្បាប់នេះត្រូវបានអនុម័តនៅឆ្នាំ២០២១។
ក្រុមហ៊ុនដែលត្រូវបានដាក់ទណ្ឌកម្មមានទាំងក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី អាលុយមីញ៉ូម បន្ទះសូឡា មាស ឧបករណ៍អេឡិចត្រូនិក និងក្រុមហ៊ុនផលិតចំណីអាហារដែលអាម៉េរិក អះអាងថា ទទួលបានវត្ថុធាតុដើមពីតំបន់ស៊ីនជាំង ឬពាក់ព័ន្ធកម្មវិធីផ្ទេរកម្លាំងពលកម្មរបស់រដ្ឋាភិបាលចិន។
ភ្លាមៗក្រោយការប្រកាសដាក់បញ្ជីខ្មៅនេះ ក្រសួងពាណិជ្ជកម្មចិន បានថ្កោលទោសថា វាជាទណ្ឌកម្មដាក់ជាឯកតោភាគីដោយគ្មានមូលដ្ឋាន និងជាការបង្កសម្ពាធលើក្រុមហ៊ុនចិន។ ទីក្រុងប៉េកាំង អះអាងថា ចិន បានហាមឃាត់ពលកម្មដោយបង្ខំតាមច្បាប់ ហើយប្រកាសថា នឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន។ ការប្រឈមមុខលើកនេះបង្ហាញថា ទោះបីជាប្រទេសទាំងពីរបន្តចរចាពាណិជ្ជកម្មយ៉ាងណាក៏ដោយ ក៏ភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅតែបន្តកើនឡើងកម្ដៅ ជាពិសេសលើបញ្ហាសិទ្ធិមនុស្ស ខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោក៕
ដោយ: តែម សុខុម