ទីផ្សារហិរញ្ញវត្ថុ

​អាម៉េរិក ធ្វើអន្តរាគមន៍ដ៏កម្របំផុត ដើម្បីជួយគាំទ្រប្រាក់យ៉េន ដែលកំពុងជួបវិបត្តិធ្លាក់ថ្លៃ


សហរដ្ឋអាម៉េរិក បានធ្វើអន្តរាគមន៍ដ៏កម្រ និងគួរឱ្យចាប់អារម្មណ៍ដើម្បីជួយទ្រទ្រង់ប្រាក់យ៉េន របស់ជប៉ុន តាមរយៈការទិញប្រាក់យ៉េនយ៉ាង​ច្រើនជាលើកដំបូង​មិនធ្លាប់​មានក្នុងរយៈពេលជាង១០ឆ្នាំ​មក​នេះ បន្ទាប់ពីរូបិយប័ណ្ណជប៉ុន ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រជិត៤០ឆ្នាំ​។ វិធានការនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភថា ការធ្លាក់ថ្លៃប្រាក់យ៉េនអាចបង្កអស្ថិរភាពដល់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោក។
​អាម៉េរិក ធ្វើអន្តរាគមន៍ដ៏កម្របំផុត ដើម្បីជួយគាំទ្រប្រាក់យ៉េន ដែលកំពុងជួបវិបត្តិធ្លាក់ថ្លៃ
ដោយ

សារតព័ត៌មាន Reuters និង Financial Times បានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានចូលអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់បរទេសដោយបញ្ជាឱ្យធនាគារកណ្តាលអាម៉េរិកប្រចាំទីក្រុងញូវយ៉កទិញប្រាក់យ៉េនជប៉ុនយ៉ាងច្រើនតាមរយៈធនាគារធំៗដូចជាធនាគារ Goldman Sachs និងធនាគារ Morgan Stanley ជាដើម។ ចំណាត់ការនេះកើតឡើង បន្ទាប់ពីជប៉ុន បានចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃយ៉ាងគំហុករបស់ប្រាក់យ៉េន។ មុនការធ្វើអន្តរាគមន៍ ក្រសួងហិរញ្ញវត្ថុអាម៉េរិក ក៏បានជូនដំណឹងទៅកាន់ធនាគារធំៗឱ្យត្រៀមខ្លួនធ្វើសកម្មភាពនៅក្នុងទីផ្សាររូបិយប័ណ្ណផងដែរ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent បានបង្ហាញផែនការថា សហរដ្ឋអាម៉េរិកគ្រោងទិញប្រាក់យ៉េនក្នុងទំហំប្រមាណ៥ពាន់លានដុល្លារ ដល់១០ពាន់លានដុល្លារ។ ក្រោយព័ត៌មានអំពីការអន្តរាគមន៍នេះត្រូវបានផ្សព្វផ្សាយ ប្រាក់យ៉េន បានហក់ឡើងថ្លៃភ្លាមៗ ខណៈប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃពីប្រមាណជិត១៥៩យ៉េន មកនៅត្រឹមជាង១៥៧យ៉េន ក្នុងមួយដុល្លារ បន្ទាប់ពីមុននេះបានឡើងថ្លៃដល់ជិត១៦៤យ៉េនក្នុងមួយដុល្លារអាម៉េរិក ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៦។
ប្រភពដដែលបញ្ជាក់ថា ជប៉ុន និងសហរដ្ឋអាម៉េរិក អាចនឹងប្រកាសវិធានការរួមថ្មីដើម្បីទប់ស្កាត់ការទិញរូបិយប័ណ្ណទុកលក់ចេញវិញ ដើម្បីយកចំណេញពេលឡើងថ្លៃ ដែលជាការដាក់សម្ពាធលើប្រាក់យ៉េន និងស្តារស្ថិរភាពទីផ្សារហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលអាម៉េរិក ចូលអន្តរាគមន៍ដោយផ្ទាល់ដើម្បីគាំទ្រដល់ប្រាក់យ៉េន ចាប់តាំងពីឆ្នាំ២០១១ ក្រោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិនៅជប៉ុន។ ក្រុមអ្នកវិភាគយល់ថា ចំណាត់ការរួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ គឺជាសារដ៏រឹងមាំមួយទៅកាន់ទីផ្សារថា ប្រទេសទាំងពីរត្រៀមប្រើវិធានការបន្ថែម ប្រសិនបើការប្រែប្រួលរូបិយប័ណ្ណនៅតែបន្តគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន ជាប្រទេសឆ្លាតវៃក្នុងការប្រើគោលនយោបាយឧបត្ថម្ភធន ដែលអាម៉េរិក និងអឺរ៉ុប គួរសិក្សាដកពិសោធន៍

លោកស្រី ជីលៀន ថេត (Gillian Tett) អ្នកវិភាគដ៏មានឥទ្ធិពលរបស់សារព័ត៌មាន Financial Times បានលើកឡើងនូវទស្សនៈគួរឱ្យចាប់អារម្មណ៍ថា ប្រទេសច…

ម៉ាឡេស៊ី ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានជាង២១លាននាក់ នៅឆមាសទី១ ខណៈភ្ញៀវទៅពីកម្ពុជា កើនឡើងជាង៥០%

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានគូសបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៦ ម៉ាឡេស៊ី ស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ