ធនាគារកណ្តាលចិន នៅថ្ងៃអង្គារទី២០ ខែកុម្ភៈ បានប្រកាសកាត់បន្ថយ ឬ តម្រឹមអត្រាការប្រាក់លើកម្ចីពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដែលមានរយៈពេលរហូតដល់ ៥ឆ្នាំ ។ អ្នកវិភាគបានអះអាងថា នេះគឺជាការសម្រេចចិត្តដែលមានចារឹកជំរុញសេដ្ឋកិច្ចចិន ក្រោយធ្លាក់ចុះដោយសារវិស័យអចលនទ្រព្យដែលមានបញ្ហា និងទំនុកចិត្តអាជីវកម្មលើវិស័យនេះចុះខ្សោយ។
សារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ថា ធនាគារប្រជាជនចិន បានសម្រេចធ្វើការទម្លាក់អត្រាការប្រាក់កម្ចីអចលនទ្រព្យរយៈពេលប្រាំឆ្នាំមកនៅត្រឹមតែជិត៤% ខណៈដែលអត្រាការប្រាក់ដែលបានអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២៣មក គឺនៅក្នុងកម្រិត ៤,២ % ។
ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ អ្នកវិភាគមួយចំនួនបានអះអាងថា ការកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះចំនូន ០,២៥% គឺជាការទម្លាក់អត្រាការប្រាក់ដ៏ច្រើនបំផុត ចាប់តាំងពីគេបានធ្វើការសម្រង់អត្រាការប្រាក់គោលនយោបាយរបស់រដ្ឋាភិបាលចិន ដែលបានដាក់ចេញ តាំងតែពីខែសីហា ឆ្នាំមុន។
អ្នកវិភាគសេដ្ឋកិច្ចជាច្រើនបានលើកឡើងថា វិធានការដែលបានដាក់ចេញបែបនេះ គឺពិតជាចាំបាច់ដើម្បីកសាងសន្ទុះសេដ្ឋកិច្ចបន្ទាប់ពីចិន បានប្រឈមមុខនឹងកំណើនមិនស្មើគ្នាក្នុងឆ្នាំ ២០២៣ បើទោះបីចិន បានបិទបញ្ចប់ការរឹតបន្តឹងលើការរីករាលដាលនៃមេរោគកូវីដ-១៩ ជាយូរណាស់មកហើយក៏ដោយ។
នៅឆ្នាំ២០២៣ ទីក្រុងប៉េកាំង បានរាយការណ៍ពីកំណើនសេដ្ឋកិច្ច ៥,២% ប៉ុន្តែថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ចិននឹងថយចុះមកត្រឹម ៤,៦% នៅឆ្នាំ ២០២៤។
ដើម្បីជំរុញសេដ្ឋកិច្ចចិនឡើងវិញ កាលពីដើមខែនេះ ធនាគារកណ្តាលចិនក៏បានធ្វើការកាត់បន្ថយអត្រាកាតព្វកិច្ចបម្រុងរបស់ធនាគារពាណិជ្ជ ០,៥% ផងដែរ ហើយបានបង្ហូរសាច់ប្រាក់រហូតដល់ទៅ ១៤០ ពាន់លានដុល្លារ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលចូលទៅក្នុងវិស័យអចលនទ្រព្យចិន។
ផ្អែកនៅលើយន្តការនេះ លោកស្រី ល្វីស លូ (Louise Loo) សេដ្ឋវិទូនៅ Oxford Economics បាននិយាយថា អតិថិជនហាក់ដូចជាទទួលបានមកវិញនូវចំណង់ក្នុងការចំណាយរបស់ពួកគេ បន្ទាប់ពីទិន្នន័យទេសចរណ៍ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានកើនឡើងនៅក្នុងកម្រិតច្រើនជាងពេលនៃការរាតត្បាតនៅឆ្នាំ២០១៩ ប៉ុន្តែទំហំនៃតម្រូវការប្រើប្រាស់នៅតែជាសញ្ញាមិនល្អនៅឡើយ។
លោកស្រីសេដ្ឋវិទូនៅ Oxford Economics រូបនេះបាននិយាយថា ការបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀត គឺចាំបាច់ណាស់ ចំពេលមានការបន្តធ្លាក់ចុះនៃ អចលនទ្រព្យ និងទំនុកចិត្តអ្នកប្រើប្រាស់នៅតែខ្សោយ៕