បើតាមរបាយការណ៍ពី ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានគូសបញ្ជាក់ថា នៅក្នុងចំណោមគម្រោងវិនិយោគសំខាន់ៗចំនួន ២០ នៅក្នុងសួនឧស្សាហកម្មប៉ែកខាងជើង និងខាងត្បូង គឺមាន ១៥ក្រុមហ៊ុនទៅហើយមកពីប្រទេសចិន ដែលមានទុនវិនិយោគសរុបជាង ១ពាន់ ៣រយលានដុល្លារអាមេរិក។
ក្រុមហ៊ុនចិនទាំងអស់នេះ ភាគច្រើនគឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងវាយនភណ្ឌ បាស្ទិក កៅស៊ូ និងក្រដាសជាដើម។
ក្រុមហ៊ុនវិនិយោគសំខាន់ៗចំនួន ៥ផ្សេងទៀត ដែលមិនមែនជាក្រុមហ៊ុនចិន គឺមកពីប្រទេសសិង្ហបុរី ថៃ ជប៉ុន និងកូរ៉េខាងត្បូង។
តម្រូវការដីប្រើប្រាស់សម្រាប់សួនឧស្សាហកម្ម នៅក្នុងប្រទេសវៀតណាម គឺមានការកើនឡើងខ្លាំង នៅប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីវៀតណាម បានចូលរួមនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន ដើម្បីពង្រឹកបន្ថែមនូវខ្សែចង្វាក់ផ្គត់ផ្គង់។
សូមជម្រាបដែរថា ក្រសួងផែនការ និងវិនិយោគវៀតណាម បានបង្ហាញថា គិតត្រឹម ១០ខែ ឆ្នាំ ២០២០នេះ ប្រទេសវៀតណាម មានសួនឧស្សាហកម្មជាង ២៨០កន្លែង ដែលមានអត្រាកាន់កាប់ ៧០% ខណៈដែល សួនឧស្សាហកម្ម ៩០ទៀត កំពុងត្រូវបានសាងសង់៕