លោក Masato Kanda ប្រធាន ADB បានមានប្រសាសន៍ថា «កំណើនរបស់តំបន់អាស៊ីអាគ្នេយ៍ អាស្រ័យលើអ្វីដែលតំបន់នេះនឹងសាងសង់ និងអភិវឌ្ឍបន្តទៅមុខទៀត។ រោងចក្រនានាត្រូវការអគ្គិសនីដែលមានស្ថិរភាព ខណៈអាជីវកម្មត្រូវការមធ្យោបាយកាន់តែលឿន និងមានសុវត្ថិភាពជាងមុន ដើម្បីនាំទំនិញទៅកាន់ទីផ្សារ។ ការវិនិយោគទាំងនេះក៏ត្រូវធ្វើឡើង ដើម្បីផលប្រយោជន៍ក្នុងរយៈពេលវែងផងដែរ។ ADB នឹងជួយរដ្ឋាភិបាលក្នុងតំបន់រៀបចំ និងជំរុញគម្រោងដែលវិនិយោគិនអាចទុកចិត្តបាន ហើយប្រជាជនអាចពឹងផ្អែកបាន។»
បើតាមរបាយការណ៍ បានប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៤០ តំបន់អាស៊ានត្រូវការការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៤៧៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ ស្មើនឹង ៨,៧% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់។ ការវាយតម្លៃនេះឆ្លុះបញ្ចាំងពីតម្រូវការដែលកំពុងកើនឡើងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទំនើប ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់ នគរូបនីយកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសេវាកម្មកាន់តែច្រើន។ កម្រិតវិនិយោគរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្ន អាចឆ្លើយតបបានត្រឹមតែ ៤៥% នៃតម្រូវការ ជាក់ស្តែងប៉ុណ្ណោះ ដោយនៅខ្វះថវិកាប្រមាណ ២៦៤ ពាន់លានដុល្លារទៀតក្នុងមួយឆ្នាំ។
វិស័យ អគ្គិសនី និងដឹកជញ្ជូន មានចំណែករហូតដល់ ៨៥% នៃតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដោយត្រូវការវិនិយោគប្រមាណ ៣,៦ ពាន់ពាន់លានដុល្លារ សម្រាប់វិស័យអគ្គិសនី និង ២,៥ ពាន់ពាន់លានដុល្លារ សម្រាប់វិស័យដឹកជញ្ជូន។ ការវិនិយោគលើវិស័យអគ្គិសនីត្រូវពង្រីកការផលិត ការបញ្ជូន និងការស្តុកថាមពលអគ្គិសនី រួមទាំងការតភ្ជាប់អគ្គិសនីឆ្លងកាត់ព្រំដែន តាមរយៈ បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។ ការវិនិយោគទាំងនេះនឹងជួយពង្រឹងសន្តិសុខថាមពល បង្កើនការប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយផលប៉ះពាល់ពីការរំខានខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ផ្លូវថ្នល់ នៅតែជាតម្រូវការវិនិយោគធំបំផុតក្នុងវិស័យដឹកជញ្ជូន ដែលត្រូវការថវិកាជិត ២ ពាន់ពាន់លានដុល្លារ ខណៈតម្រូវការវិនិយោគលើផ្លូវដែក និងអាកាសយានដ្ឋានក៏កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ បណ្តាញដឹកជញ្ជូនដែលតភ្ជាប់គ្នាល្អ និងការតភ្ជាប់ឆ្លងព្រំដែន នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាស៊ីអាគ្នេយ៍នៅលើទីផ្សារពិភពលោក។
ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ត្រូវការការវិនិយោគបន្ថែម ៥៨៤ ពាន់លានដុល្លារ រួមទាំងបណ្តាញអ៊ីនធឺណិតល្បឿនលឿន និងមជ្ឈមណ្ឌលទិន្នន័យ។ ការវិនិយោគទាំងនេះមានសារៈសំខាន់ក្នុងការពង្រឹងការតភ្ជាប់ឌីជីថលក្នុងតំបន់ បង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងគាំទ្រ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (ASEAN Digital Economy Framework)។ គម្រោងផ្លូវហាយវេឌីជីថលអាស៊ី-ប៉ាស៊ីហ្វិករបស់ ADB (Asia-Pacific Digital Highway) ដែលបានដាក់ឱ្យដំណើរការកាលពីខែឧសភាដែរនោះ នឹងជួយបំពេញតម្រូវការទាំងនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់ការបំពាក់បណ្តាញខ្សែកាបអុបទិក ខ្សែកាបក្រោមសមុទ្រ មជ្ឈមណ្ឌលតភ្ជាប់ និងផ្លាស់ប្តូរទិន្នន័យអ៊ីនធឺណិត និងមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ ពីពេលនេះដល់ឆ្នាំ ២០៣៥។
ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល នឹងត្រូវការការវិនិយោគបន្ថែម ២២៧ ពាន់លានដុល្លារ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៤០ រួមទាំងការវិនិយោគលើមណ្ឌល និងកន្លែងផ្តល់សេវាសុខាភិបាលថ្មីប្រមាណ ៤៩.០០០ កន្លែង ដែលភាគច្រើនជាមណ្ឌលថែទាំសុខភាពបឋម។ ការវិនិយោគទាំងនេះនឹងជួយពង្រឹងប្រព័ន្ធសុខាភិបាល និងបង្កើនការត្រៀមខ្លួនរបស់តំបន់សម្រាប់គ្រាអាសន្នផ្នែកសុខភាពនាពេលអនាគត។
របាយការណ៍នេះបានបង្ហាញថា កង្វះគម្រោងដែលមានការរៀបចំល្អ គឺជាឧបសគ្គធំមួយក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ាន។ ក្នុងពេលដែលថវិការដ្ឋាភិបាលមានកម្រិត របាយការណ៍អំពាវនាវឱ្យមានការរៀបចំគម្រោងឱ្យកាន់តែប្រសើរ បទប្បញ្ញត្តិដែលច្បាស់លាស់ និងអាចទុកចិត្តបាន ព្រមទាំងដំណើរការលទ្ធកម្មប្រកបដោយតម្លាភាព។
របាយការណ៍នេះគ្របដណ្តប់លើ ប្រទេសសមាជិកអាស៊ានទាំង ១១ រួមមាន ប្រ៊ុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូណេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។ ក្នុងនាមជាធនាគារអភិវឌ្ឍន៍ដ៏សំខាន់របស់អាស៊ាន ADB កំពុងជួយប្រែក្លាយអាទិភាពរបស់តំបន់ទៅជាគម្រោងវិនិយោគដែលអាចទាក់ទាញហិរញ្ញប្បទានបាន តាមរយៈការផ្តល់ហិរញ្ញប្បទាន ការរៀបចំគម្រោង ការផ្តល់ចំណេះដឹង និងការសម្របសម្រួលក្នុងតំបន់។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយ ចីរភាព បរិយាបន្ន និងភាពធន់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។