![ចិនដាក់ក្រុមហ៊ុនសម្លៀកបំពាក់មួយរបស់អាម៉េរិកក្នុងបញ្ជីខ្មៅ!](https://cdn.cambonomist.com/media/images/rbsmrkknngbnhchkhm_dmbphchnhtbnngv.2e16d0ba.fill-960x540.jpg)
ប្រទេសចិនបានដាក់បន្ថែមក្រុមហ៊ុនសម្លៀកបំពាក់អាម៉េរិក PVH Corp ក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបានរបស់ខ្លួនកាលពីថ្ងៃអង្គារ ដែលបើកផ្លូវឱ្យរដ្ឋាភិបាលចិនអាចពិន័យលើក្រុមហ៊ុនលក់រាយ ហាមឃាត់សកម្មភាពនាំចូល និងនាំចេញ ដកហូតប័ណ្ណការងារ និងរារាំងបុគ្គលិកមិនឱ្យចូលទៅក្នុងប្រទេសចិន។
ការប្រកាសរបស់ចិននេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានដាក់ពន្ធ១០%លើការនាំចូលពីប្រទេសចិន និងក្រោយពីប្រទេសចិនបានចាត់វិធានការសងសឹកមួយចំនួនដើម្បីប្រឆាំងនឹងសហរដ្ឋអាម៉េរិក រួមទាំងពន្ធថ្មីលើការនាំចូលថាមពល និងឧបករណ៍កសិកម្មផងដែរ។
លោក ម៉ៃឃែល ខាយ (Michael Kaye) មន្ត្រីអនុវត្តច្បាប់ពាណិជ្ជកម្មអន្តរជាតិអស់រយៈពេលជាង៣០ឆ្នាំមកហើយបាននិយាយថា សង្រ្គាមពាណិជ្ជកម្មដ៏ប្រទាញប្រទុងគ្នានេះ កំពុងបន្ត ហើយចិនចង់បង្ហាញអាម៉េរិកថា ខ្លួននឹងចាត់វិធានការដើម្បីធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនតូចធំរបស់អាម៉េរិក។
លោក ខាយ បាននិយាយថា ជាក់ស្ដែងពេលនេះក្រុមហ៊ុន PVH ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ចិនដែលចិនអាចបង្ខំក្រុមហ៊ុននេះឱ្យបិទហាងរាប់សិបដែលពួកគេកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ និងហាមឃាត់មិនឱ្យលក់ទំនិញរបស់ខ្លួនទៅឱ្យអ្នកប្រើប្រាស់ជនជាតិចិនតាមអ៊ីនធឺណិត ហើយបុគ្គលិកជាច្រើនរួមទាំងអ្នកដែលបានសាងជីវិតនៅប្រទេសចិន ក៏អាចត្រូវបាននិរទេសបញ្ជូនទៅប្រទេសកំណើតវិញផងដែរ។
គេនៅមិនច្បាស់ទេថា តើចិននឹងព្យាយាមអនុវត្តសកម្មភាពប្រឆាំងក្រុមហ៊ុន PVH នៅក្នុងតំបន់ស្វយ័តក្រុងហុងកុង ដែលជាទីស្នាក់ការកណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុននេះ ឬយ៉ាងណានោះទេ។ ទោះយ៉ាងណា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុននេះហាក់ដូចជាកំពុងដំណើរការអាជីវកម្មរបស់ខ្លួនជាធម្មតានៅឡើយនៅក្នុងប្រទេសចិន៕
អត្ថបទ៖ សុខ មង្គល