លោកស្រី ហ្គូ ទីងទីង (Guo Tingting) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅវេទិកាអភិវឌ្ឍន៍ចិននាទីក្រុងប៉េកាំងថា ប្រទេសចិននឹងធានាយ៉ាងពេញលេញនូវការប្រព្រឹត្តថ្នាក់ជាតិចំពោះក្រុមហ៊ុនបរទេស ដើម្បីឱ្យពួកគេអាចបណ្តាក់ទុននៅក្នុងប្រទេសចិនកាន់តែច្រើនឡើងប្រកបដោយទំនុកចិត្ត និងសន្តិភាពផ្លូវចិត្ត។
ទោះយ៉ាងណា លោកស្រី ហ្គូ មិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលប្រទេសចិននឹងធានា «ការប្រព្រឹត្តថ្នាក់ជាតិ» ឬក៏ការប្រព្រឹត្តស្មើភាពគ្នារវាងអ្នកស្រុក និងជនបរទេសតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះទេ។
ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនបស្ចិមលោកបានត្អូញត្អែរពីភាពមិនស្នើភាពគ្នានៃការចូលទៅកាន់ទីផ្សារចិន ដែលជាទីផ្សារប្រើប្រាស់ដ៏ធំបំផុតមួយក្នុងពិភពលោក ហើយក៏ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងសមាសធាតុជាសកលផងដែរ។ រដ្ឋាភិបាលបស្ចិមលោកបានសម្តែងការព្រួយបារម្ភពី«ការបង្ខិតបង្ខំសេដ្ឋកិច្ច» ដូច្នេះហើយពួកគេបានពិចារណា«កាត់បន្ថយហានិភ័យ»ខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រតិបត្តិការចេញពីប្រទេសចិន។
ជាការឆ្លើយតបនឹងបញ្ហានេះ ប្រទេសចិនបានបង្កើនការខិតខំ ដើម្បីដោះស្រាយកង្វល់របស់អ្នកវិនិយោគបរទេសដោយបានសន្យាថា នឹងការពារសិទ្ធិរបស់ក្រុមហ៊ុនបរទេស និងពង្រីកការចូលទៅកាន់ទីផ្សារខ្លួនបន្ថែមទៀត។ លោកស្រី ហ្គូ បាននិយាយថា ប្រទេសចិននឹងបន្តបើកចំហវិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុដ៏ទំនើបៗមួយចំនួន និងបង្កើតឱកាសទីផ្សារបន្ថែមទៀត ហើយនឹងការពារយ៉ាងរឹងមាំនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយនឹងអង្គការ WTO ផងដែរ។
នាយករដ្ឋមន្ត្រីចិនលោក លី ឈាង កាលពីថ្ងៃអាទិត្យ កន្លងមកនេះ បាននិយាយថា ប្រទេសចិននឹងបន្តការខិតខំរបស់ខ្លួន ដើម្បីកសាងបរិយាកាសធុរកិច្ច និងស្វាគមន៍សហគ្រាសមកពីជុំវិញពិភពលោកដែលបានទៅបណ្តាក់ទុននៅក្នុងប្រទេសចិន៕
អត្ថបទ៖ សុខ ជា