គម្រោងដ៏ធំមហិមានេះត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ធ្វើការកត់សម្គាល់ថា ដោយរង់ចាំមើលដំណើរការនៃការសាងសង់គម្រោងនេះ វាពិតប្រាកដ ឬមួយយ៉ាងណានោះ?
រហូតមកដល់បច្ចុប្បន្ននេះ ដើម្បីបញ្ចប់មន្ទិលសង្ស័យសាធារណជនទាំងជាតិនិងអន្តរជាតិ គម្រោងដ៏ធំសម្បើមមួយនេះ បាននិងកំពុងដំណើរការទៅតាមផែនការគ្រោងទុក ដែលសព្វថ្ងៃឃើញមានសកម្មភាពចាក់ដីបំពេញវាលទំនាប គ្រលុក បឹង ទាំងយប់ទាំងថ្ងៃ យ៉ាងមមាញឹក ដើម្បីឆ្លើយតបទៅនឹងផែនការមេរបស់គម្រោង។
ទីក្រុងមិត្តភាពកម្ពុជា-ចិន បានសាងសង់នៅលើផ្ទៃដីប្រមាណ ៥៥០ហិកតា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណជាង ១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោកឧកញ៉ា សេង ញ៉ក់ នាយកក្រុមហ៊ុន អិល វ៉ាយភី គ្រុប ដែលគេស្គាល់ថា ជាកូនប្រសារបស់មហាសេដ្ឋី លី យ៉ុង ផាត់ បានអះអាងថា នេះគឺជាគម្រោងទី១ជំហានទី១ ដែលក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលបានសហការគ្នាជាមួយក្រុមហ៊ុនចិន ចុង មិញថូវ ក្នុងការសាងសង់ទីក្រុងមិត្តភាពកម្ពុជា-ចិននៅទីនេះ។
លោកឧកញ៉ាវ័យក្មេងរូបនេះ បន្តថា គម្រោងវិនិយោគនេះគ្រោងនឹងសាងសង់សាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាលរបស់រដ្ឋ អគារពាណិជ្ជកម្មធំៗ ខ្នាតអន្តរជាតិ ផ្សារទំនើប មជ្ឈមណ្ឌលដឹកជញ្ជូន ឡូជីស្ទីក សេនធ័រ កន្លែងតាំងពិព័រណ៍អន្តរជាតិ និងគម្រោងផ្សេងៗទៀត ដែលមាននៅក្នុងទីក្រុងមិត្តភាពកម្ពុជា-ចិននេះ។
សូមជម្រាបផងដែរថា ការវិនិយោគទីក្រុងមិត្តភាព កម្ពុជា-ចិន វិនិយោគទឹកប្រាក់ ១៥០០លានដុល្លារនេះ ស្ថិតនៅក្នុងគម្រោងវិនិយោគជាច្រើនទៀត ដែលកំពុងដំណើរការក្នុងទីក្រុងរណបរបស់អ្នកឧកញ៉ា លី យ៉ុង ផាត់។
ជាក់ស្តែង ក្រុមហ៊ុនមហាសេដ្ឋីឧកញ៉ា លី យ៉ុង ផាត់ ទើបតែប្រកាសវិនិយោគគម្រោងថ្មីមួយទៀតទៅលើសួនទឹកកម្សាន្តដ៏ទំនើបធំជាងគេបង្អស់នៅកម្ពុជា ហើយក៏ធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី ក្នុងទឹកបា្រក់ ៣០លានដុល្លារអាមេរិក ដែលនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ សួនទឹកកំម្សាន្តធំទី១ នៅអាស៊ីមួយនេះ មានឈ្មោះថា Angkor Water Park។
ហើយពិសេសជាងនេះទៅទៀត សួនសត្វដ៏ធំជាងគេបំផុតនៅកម្ពុជា និងជាព្រៃកម្សាន្តភ្នំពេញទីមួយ ដែលមានឈ្មោះថា ភ្នំពេញ សាហ្វារី នឹងចាប់បើកដំណើរការឲ្យប្រជាជនចូលទស្សនាកម្សាន្ត នៅថ្ងៃទី១ ខែមេសា ខាងមុខនេះហើយ ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សួនសត្វថ្មីនេះបានវិនិយោគសាងសង់ក្នុងទឹកប្រាក់អស់ប្រមាណជាង ១០លានដុល្លារអាមេរិក។
សួនសត្វដ៏ធំមួយនេះដែរ ក៏ជាការអភិវឌ្ឍនិងវិនិយោគដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕