គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិនបាននិយាយកាលពីថ្មីៗនេះថា ខ្លួននឹងដកពន្ធ៩៨% នៃផលិតផលជាប់ពន្ធពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ក្នុងនោះរួមទាំងប្រទេស ជីប៊ូទី រវ៉ាន់ដា តូហ្គោ ប្រទេសឡាវ និងកម្ពុជាផងដែរ។ ការកាត់បន្ថយពន្ធនេះ នឹងចូលជាធរមាននៅថ្ងៃទី០១ខែកញ្ញាខាងមុខ។ វានឹងគ្របដណ្តប់លើមុខទំនិញនាំចូលពីប្រទេសទាំង ១៦ចំនួន ជិត៩ពាន់មុខទំនិញឯណោះ។
នេះមិនមែនជាគំនិតផ្តួចផ្តើមថ្មីនោះទេ ពោលប្រធានាធិបតីចិន ស៊ី ជីនពីង ធ្លាប់បានលើកឡើងពីរឿងនេះដំបូងកាលពីខែវិច្ឆិកាឆ្នាំ២០២១ នៅក្នុងវេទិកានៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ ប៉ុន្តែថ្មីៗនេះ សារព័ត៌មានក្នុងស្រុកចិន China Daily បានចុះផ្សាយបន្ថែមថា ការកាត់បន្ថយពន្ធស្ទើរតែទាំងស្រុងនេះ មិនត្រឹមតែអនុវត្តជាមួយប្រទេសនៅអាហ្វ្រិកប៉ុណ្ណោះទេ តែវាក៏នឹងមានសុពលភាពលើប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុតផ្សេងទៀត ក្រៅពីតំបន់អាហ្វ្រិកដែរ។
សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យមួយក្នុងទីក្រុងតៃប៉ិ និយាយថា ប្រទេសចិនតែងតែចង់បង្កើនវត្តមានរបស់ខ្លួនជាមួយប្រទេសដែលនៅក្បែរខាង ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នោះគឺជាចំណុចខ្លាំងរបស់ចិន ក្នុងការប្រកួតប្រជែងនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។
ក្រៅពីនេះ គេកត់សម្គាល់ឃើញប្រទេសម៉ូសំប៊ិក អេរីទ្រេ សាធារណរដ្ឋអាហ្រ្វិកកណ្តាល ហ្គីណេ ស៊ូដង់ ឆាដ បង់ក្លាដែស នេប៉ាល់ គីរីបាទី កោះសូឡូម៉ុន និងវ៉ានូអាទូ គឺសុទ្ធសឹងជាអ្នក ទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធលើទំនិញនាំចូលនេះ។ គួរកត់សម្គាល់ដែរថា ក្នុងចំណោមប្រទេសទាំងអម្បាលមាណខាងលើនេះ កោះសូឡូម៉ុន និង គីរីបាទី ថ្មីៗនេះ បានផ្តាច់ទំនាក់ទំនងការទូតជាមួយក្រុងតៃប៉ិ ហើយបានងាកមករកទីក្រុងប៉េកាំងវិញ។
គួរជម្រាបថា ប្រទេសចិនគិតមកទល់ខែសីហាឆ្នាំនេះនៅតែជាប់ជំពាក់វាក់វិន នឹងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលគិតមកទល់ពេលនេះមានរយៈ៤ឆ្នាំមកហើយ។ ប្រការនេះបណ្តាលឱ្យពន្ធមានតម្លៃ ៥៥០ពាន់លានដុល្លារអាមេរិកត្រូវបានដាក់លើទំនិញដែលផលិតដោយប្រទេសចិន។ ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន កំពុងពិចារណានិងមិនទាន់មានចម្លើយនៅឡើយថាតើត្រូវដកពន្ធមួយចំនួនពីទំនិញចិន ដើម្បីជួយសម្រាលអតិផរណាដែលកំពុងតែមានខ្ពស់នៅអាមេរិកដែរឬទេ។
ដោយឡែកទំនាក់ទំនងរបស់ចិនជាមួយដៃគូពាណិជ្ជកម្មធំមួយទៀត គឺអូស្ត្រាលីនៅបន្តធ្លាក់ចុះដូចគ្នាចាប់តាំងពីឆ្នាំ២០២០ នៅពេលដែលទីក្រុងកង់បេរ៉ាបានស្នើសុំឱ្យមានការស៊ើបអង្កេតអន្តរជាតិអំពីប្រភពដើមនៃមេរោគឆ្លងកូវីដ១៩។
នេះអាចនិយាយបានថា ទីក្រុងប៉េកាំងកំពុងប្រឹងប្រែងស្វែងរកដៃគូ ដើម្បីប៉ះប៉ូវដល់ផលរំខានជាមួយដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួន ហើយចិនក៏នឹងទទួលបានប្រយោជន៍បន្ថែមតាមរយៈការបញ្ចូនកម្មករទៅសាងសង់ហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ពង្រីកវិសាលភាពនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ មួយវិញទៀត វានឹងជំរុញឱ្យមានការទទួលយកប្រាក់យ័នឆ្លងព្រំដែនជាអន្តរជាតិ កាន់តែច្រើនឡើងផងដែរ៕