អត្រាកំណើនដែលបានព្យាករនេះ ជាអត្រាដ៏ស្តួចស្តើងបំផុត បើធៀបនឹងកំណើនសេដ្ឋកិច្ចចិនកាលពីពេលមុនៗ ហើយវានឹងធ្វើឲ្យមហាយក្សសេដ្ឋកិច្ចលេខ២ក្នុងលោកមួយនេះ មានសេដ្ឋកិច្ចដើរយឺតជាងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ការបិទខ្ទប់ក្នុងទីក្រុងសៀងហៃ គឺជាមូលហេតុចំបងមួយនៃការរំខានដល់សេដ្ឋកិច្ចចិន។ ការឆ្លងថ្មីមានទំនោរកើនឡើងថែមទៀត បើទោះបីជានៅថ្ងៃទី០១ឧសភាតួលេខបានធ្លាក់ចុះបន្តិចវិញក្ដី។ យ៉ាងណាក៏ដោយពលរដ្ឋជាង៤០% នៃក្រុងសៀងហៃ នៅតែត្រូវបានរដ្ឋអំណាច ហាមឃាត់មិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ ដែលវាបានរំខានដល់ការដឹកជញ្ជូនយ៉ាងខ្លាំង។ នៅក្នុងវិស័យផលិតកម្ម ការបញ្ជាទិញថ្មី និងការផ្គង់ផ្គង់បានធ្លាក់ចុះ។
ផលរំខានមិនត្រឹមធ្លាក់លើពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនបរទេសដែលមានមូលដ្ឋានក្នុងប្រទេសចិន ពិសេសនៅសៀងហៃដែលកំពុងបិទខ្ទប់ ក៏ត្រូវប្រទះនឹងបញ្ហាដែរ។ ជាក់ស្តែងរោងចក្រអេឡិចត្រូនិករបស់ជប៉ុន បានបិទទ្វារចាប់តាំងពីដើមខែមេសាមកម្ល៉៉េះ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានចេញផ្សាយសន្ទស្សន៍ ការទិញផលិតផល និងសន្ទស្សន៍សកម្មភាពអាជីវកម្មសម្រាប់ខែមេសា ដែលសុទ្ធសឹងតែមានទំនោរធ្លាក់ចុះ បើធៀបនឹងខែមីនា។ សន្ទស្សន៍ទាំងពីរ បានធ្លាក់ចុះក្រោ៥០ពិន្ទុ អស់ពេល ពីរខែជាប់ៗគ្នាមកហើយ ដែលប្រការនេះបង្ហាញថា សេដ្ឋកិច្ចចិន មានសកម្មភាពធ្លាក់ទាបបំផុតចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២០ នៅពេលដែលកូវីដ១៩ចាប់ផ្តើមរីករាលដាលជាលើកដំបូង។
គួរបញ្ជាក់ថា បច្ចុប្បន្នវិធានការទល់ទល់នឹងកូវីដ១៩របស់រដ្ឋអំណាចក្រុងប៉េកាំង បានពង្រីកវិសាលភាព គ្រប់ដណ្តប់កាន់តែធំទៅៗ។ នៅទីក្រុងប៉េកាំង អ្នកដែលចង់ចូលក្នុងរដ្ឋធានីមួយនេះ ត្រូវបង្ហាញលិខិតបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ តាមរយៈការធ្វើតេស្ត PCR ក្នុងរយៈពេល ៤៨ ម៉ោង។ នៅតំបន់ដាច់ស្រយាល អាជ្ញាធរបានផ្តើមបិទខ្ទប់ភ្លាមៗ បើទោះបីជាបានរកឃើញអ្នកវិជ្ជមានតែម្នាក់ក្តី។
ក្រោមការដឹកនាំដោយបុរសខ្លាំង ស៊ី ជីនពីង ដែលប្រកាន់ខ្ជាប់មិនដកដៃនោះទេ នូវគោលនយោបាយគ្មានកូវីដ១៩ បានដាក់សម្ពាធលើរដ្ឋអំណាចតាមតំបន់ឲ្យអនុវត្តវិធានការខាងលើដោយមិនស្ទាក់ស្ទើរ ដោយសារភ័យខ្លាចពីការដាក់ទោសទណ្ឌ និងរងពិន័យករណីបន្ធូរដៃ និងធ្វើឲ្យមានការរាលដាលកូវីដ១៩កាន់តែខ្លាំងថែមទៀត។
នៅចំពោះមុខស្ថានការណ៍នេះ ធនាគារកណ្តាលអាមេរិកបានទម្លាក់ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនសម្រាប់ឆ្នាំ ២០២២មកនៅត្រឹម ៤,២% ដោយសារការរឹតត្បិតនៃកូវីដ១៩។ គេបានប៉ាន់ប្រមាណថា ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ ដូចជាការបិទខ្ទប់មានកាន់តែទូលំទូលាយជាងនេះ កំណើននឹងថយចុះមកត្រឹម ៣,៥%។
យ៉ាងណាមិញ ប្រមុខដឹកនាំចិន នៅតែមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចរបស់ខ្លួន។ ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបញ្ជាក់ពីគោលនយោបាយរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវគោលដៅកំណើន ៥,៥% នៅឆ្នាំ២០២២។ ប៉ុន្តែសុទិដ្ឋិនិយមពេកបែបនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ដោយសារតែកំណើនសេដ្ឋកិច្ចដែលមានស្ថិរភាព គឺមានសារៈសំខាន់ណាស់ចំពោះប្រជាប្រិយភាពលោកស៊ី ជីនពីង សម្រាប់បន្តកាន់អំណាចអាណាត្តិទីបី ដែលនឹងក្លាយជារឿងមិនធ្លាប់មានពីមុនមកនោះទេនៅក្នុងប្រទេសចិន។ គេនឹងដឹងពីលទ្ធផលនេះ នៅក្នុងសមាជគណបក្សកុម្មុយនិស្តនារដូវស្លឹកឈើជ្រុះក្នុងប្រទេសចិនខាងមុខនេះហើយ៕