នៅចំពោះមុខពាក្យចចាមអារាម ដែលបានចោទប្រកាន់ប្រទេសចិនដូចនេះ លោក Chen Hai ឯកអគ្គរដ្ឋទូតចិនប្រចាំនៅភូមា បានចេញមុខច្រានចោល តាមរយៈគេហទំព័រផ្លូវការរបស់ស្ថានទូត ដោយបានសរសេរថា «ស្ថានការណ៍ក្នុងពេលបច្ចុប្បន្ននៅភូមា មិនមែនជាអ្វីដែលចិនចង់ឃើញនោះទេ»។ លោកបានចាត់ទុកការចោទប្រកាន់ទាំងនេះថាជារឿង គួរឲ្យអស់សំណើចបំផុត។
ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកយល់ឃើញថា ប្រទេសចិនចង់ព្យាយាមធ្វើខ្លួនឲ្យនៅឆ្ងាយពីអ្វីដែលកំពុងកើតឡើងនៅភូមា។
ប្រការនេះត្រូវបាន លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកអះអាងថា ចិនគួរតែជាអ្នកដើរតួនាទីដ៏សំខាន់មួយក្នុងការជួយសម្របសម្រួលស្ថានការណ៍ដ៏ក្តៅគគុកនៅភូមា ក្នុងនាមជាប្រទេសក្បែរខាងព្រមទាំងមានទំនាក់ទំនងស្អិតរមួតជាមួយគ្នា។
លោក Ned Price បានលើកឡើងថា៖«យើងនៅតែបន្តដាក់សម្ពាធទៅលើចិន ដោយទទូចឲ្យចិនទទួលស្គាល់ និងថ្កោលទោសសកម្មភាពរដ្ឋប្រហាររបស់ក្រុមយោធា»
គួររំឭកជូនថា កន្លងមកប្រទេសចិនរួមជាមួយរុស្សីដែរនោះ បានប្រើសិទ្ធិវេតូ រារាំងការចេញសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសរដ្ឋប្រហារដោយរបបសឹកភូមា។
ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់របស់ក្រុងប៉េកាំងប្រចាំនៅភូមា បានបន្តការពារជំហររបស់រដ្ឋាភិបាលចិនដែលរងការរិះគន់ និងដាក់សម្ពាធជាបន្តបន្ទាប់ដោយបានធ្វើការឆ្លើយតបថា ចិននឹងមិនជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងភូមាឡើយ ព្រោះទង្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាដើម។
សូមបញ្ជាក់ថា ការទាមទារតវ៉ាពីសំណាក់ពលរដ្ឋភូមា
ឲ្យក្រុមយោធាដោះលែង និងប្រគល់អំណាចឲ្យរដ្ឋាភិបាលស៊ីវិលវិញ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃនៅគ្រប់ច្រកល្ហក
ខណៈយោធាធ្វើការឆ្លើយតបតាមរយៈការបិទបណ្តាញអ៊ីនធឺណែត និងការបង្ក្រាប
ដោយបានបញ្ជូនទាហាននិងរថពាសដែកមកក្នុងតំបន់សំខាន់ៗកាន់តែច្រើនឡើង៕