ក្រៅតែពីច្រានចោលចំពោះការលើកឡើងនេះ ប្រទេសចិនបានអះអាងទៀតថា ខ្លួនតែងតែអំពាវនាវឱ្យមានការកសាងសហគមន៍នៃគ្រប់ប្រជាជាតិទាំងអស់នៅក្នុងលំហអវកាស ពោលគឺមិនដែលចាត់លំហអាកាសជាដែនផ្ដាច់មុខរបស់ចិន ឬប្រទេសណាមួយនោះឡើយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុនអវកាសដ៏សំខាន់មួយរបស់ប្រទេសចិនបាននិយាយនាពេលថ្មីៗនេះថា ប្រទេសចិនត្រូវគេរំពឹងថា នឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតជំនាន់ថ្មីបំផុតរបស់ខ្លួននៅឆ្នាំ២០២៨ ដែលមានកម្លាំងគ្រប់គ្រាន់ក្នុងការបញ្ជូនយានអវកាសយានិកទៅកាន់ឋានព្រះចន្ទ។
លោក លីវ ពីង (Liu Bing) អ្នករចនាប្លង់ម្នាក់នៅក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសចិនបាននិយាយថា គ្រាប់រ៉ុក្កែតធុនធ្ងន់ថ្មីបំផុតនេះ នឹងអាចដាក់យានអវកាសទម្ងន់ចន្លោះពី ១៥ តោនទៅ ៥០ តោន នៅលើគន្លងទៅកាន់ឋានព្រះចន្ទ។
ទេសចិនបានបង្កើនល្បឿននៃកម្មវិធីអវកាសរបស់ខ្លួននៅក្នុងរយៈពេល១ទសវត្សរ៍មកនេះ ដោយផ្ដោតលើការរុករកនៅលើព្រះចន្ទជាចម្បង។ ប្រទេសចិនបានចុះចតយានអវកាសគ្មានមនុស្សបើកនៅឋានព្រះចន្ទជាលើកដំបូងក្នុងឆ្នាំ២០១៣ ហើយរំពឹងថានឹងបាញ់បង្ហោះរ៉ុក្កែតដែលមានកម្លាំងគ្រប់គ្រាន់ ដើម្បីបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទឆ្ពោះទៅចុងទសវត្សរ៍នេះ។
ប្រធានអង្គការ NASA លោក Bill Nelson បានប្រាប់កាសែតអាល្លឺម៉ង់ Bild ក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ពួកគេត្រូវតែមានការព្រួយបារម្ភយ៉ាងខ្លាំងដែលប្រទេសចិនកំពុងចុះចតនៅលើឋានព្រះចន្ទ ហើយលោក Nelson ថែមទាំងបានពោលទៀតថា ប្រទេសចិននឹងអាចនិយាយថា «ឋានព្រះចន្ទគឺជារបស់ពួកគេ អ្នកផ្សេងកុំចង់ទៅចូលទៅឲ្យសោះ»។
ប្រធានទីភ្នាក់ងារអវកាសអាមេរិករូបនេះបាននិយាយទៀតថា កម្មវិធីអវកាសរបស់ចិនគឺជាយោធា ហើយថាចិនបានលួចគំនិតនិងបច្ចេកវិទ្យាពីអ្នកដទៃ។
ជុំវិញការចោទប្រកាន់នេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានចេញមកឆ្លើយតបខ្លាំងៗ ចំពោះការអះអាងរបស់អង្គការណាសា ដោយនិយាយថា នេះមិនមែនជាលើកទីមួយទេ ដែលប្រធានរដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិសហរដ្ឋអាមេរិក (NASA) មិនអើពើនឹងការពិត និងតែងនិយាយដោយគ្មានការទទួលខុសត្រូវអំពីប្រទេសចិន។
មន្ត្រីនាំពាក្យចិនរូបនេះបានបញ្ជាក់ថា ភាគីសហរដ្ឋអាមេរិកបានបង្កើតយុទ្ធនាការលាបពណ៌ជានិច្ចដើម្បីប្រឆាំងនឹងការខិតខំប្រឹងប្រែងផ្នែកលំហអាកាសជាទូទៅ និងសមហេតុផលរបស់ចិន ហើយចិនតែងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដែលគ្មានទំនួលខុសត្រូវបែបនេះ។
លោក Zhao Lijian បានបន្ថែមទៀតថា ប្រទេសចិនតែងតែជំរុញឱ្យមានការកសាងអនាគតរួមគ្នាសម្រាប់មនុស្សជាតិនៅក្នុងលំហអវកាស ហើយប្រឆាំងនឹងការបំពាក់អាវុធរបស់ខ្លួន និងការប្រណាំងប្រជែងសព្វាវុធណាមួយនៅក្នុងលំហអវកាស។
ស្ថិតក្រោមកម្មវិធី Artemis របស់អង្គការ NASA គឺអង្គការនេះគ្រោងនឹងបញ្ជូនបេសកកម្មផ្ទុកអវកាសយានិកទៅកាន់គន្លងព្រះចន្ទនៅឆ្នាំ២០២៤ និងធ្វើការចុះចតនៅជិតប៉ូលខាងត្បូងតាមដំណើរគន្លងនៃឋានព្រះចន្ទនៅឆ្នាំ២០២៥។
ហើយប្រទេសចិនឯណោះវិញក៏គ្រោងនឹងរៀបចំផែនការបញ្ជូនបេសកកម្មគ្មានអវកាសយានិកទៅកាន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទនៅក្នុងពេលណាមួយនៅក្នុងទសវត្សរ៍នេះផងដែរ៕
អត្ថបទ៖ សុខ ជា