ជាក់ស្ដែង តាមការស្រាវជ្រាវ របស់ស្ថាប័នអន្តរជាតិ បេកឃឺ ម៉ាកខេនស៊ី និង រ៉ូដៀម គ្រុប (Baker McKenzie and Rhodium Group) ដែលមានមូលដ្ឋាននៅអាមេរិក បានឲ្យដឹងថា សកម្មភាពនៃការច្របាច់បញ្ចូលគ្នា និងការទិញយកភាគហ៊ុន ដោយក្រុមហ៊ុនចិននៅក្រៅប្រទេសកាលពីឆ្នាំ២០២១ បានផ្លាស់ប្តូរគោលដៅពីទីផ្សារនៅអាមេរិក ទៅកាន់ទីផ្សារអឺរ៉ុបកានតែច្រើន ចំពេលដែលភាពតានតឹងកំពុងតែឡើងកម្ដៅរវាងប្រទេសដែលមានមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរ។ ជាក់ស្ដែង កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន ដែលបានធ្វើជាមួយអឺរ៉ុបបានកើនឡើង ៥% ដល់ ៨ពាន់៤ រយលានដុល្លារកាលពីឆ្នាំមុន ខណៈកិច្ចព្រមព្រៀងរវាងចិននៅតំបន់អាមេរិកខាងជើងវិញធ្លាក់ចុះនូវត្រឹម ៣៧% ស្មើនឹងទំហំទឹកប្រាក់ ៤ពាន់៧រយលានដុល្លារ។
ពាណិជ្ជកម្មរវាងចិន និងអឺរ៉ុបកើនឡើង តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជសំខាន់ៗ កាលពីឆ្នាំ២០២១កន្លងទៅនេះ ត្រូវបានគេមើលឃើញថា វាជាការបង្ហាញឲ្យអំពីការផ្លាស់ប្ដូរទិសដៅពាណិជ្ជកម្មរបស់ចិន ងាកទៅរកតំបន់អឺរ៉ុបកាន់តែច្រើនជាងមុនដែរ។ ដ្បិតថា កន្លងមក និយ័តករអាមេរិក តែងតែលើកឡើងពីក្ដីបារម្ភអំពីការវិនិយោគរបស់ប្រទេសចិនថា គំរាមកំហែងដល់សន្ដិសុខជាតិអាមេរិក តួយ៉ាងនៅសប្ដាហ៍នេះដែរ ទីក្រុងវ៉ាស៊ិនតោនក៏បានបង្ហាញពីច្បាប់ថ្មី ដែលមានបំណងជំរុញភាពប្រកួតប្រជែងរបស់អាមេរិក ឲ្យមានប្រៀបជាងចិនផងដែរ។
ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មចិននៅអឺរ៉ុបមានការកើនឡើងកាលពីឆ្នាំមុនក៏ពិតមែន តែសហភាពអឺរ៉ុបក៏បានយកចិត្តទុកដាក់ និងបង្កើនការត្រួតពិនិត្យរបស់ខ្លួនលើការវិនិយោគរបស់ចិន ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ជុំវិញការបង្កើនការត្រួតពិនិត្យពិនិត្យនេះ លោក Shi Yinhong ទីប្រឹក្សាក្រុមប្រឹក្សារដ្ឋចិនបានលើកឡើងថា សហភាពអឺរ៉ុបក៏កំពុងប្រកាន់យកនូវវិធីសាស្រ្តឈ្លានពានបន្ថែមទៀតចំពោះការវិនិយោគរបស់ប្រទេសចិន ជាពិសេសនៅក្នុងផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ ។
យ៉ាងណាក៏ដោយចុះ តាមការស្រាវជ្រាវបង្ហាញថា អ្នកវិនិយោគចិននៅតែមានចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកការវិនិយោគរបស់ពួកគេនៅក្រៅប្រទេស និងកំណើនវិនិយោគចិននៅក្រៅប្រទេសក៏រំពឹងកើនកាន់តែច្រើនដែរ ប្រសិនបើមិនមានការរំខានពីកូវីដ១៩បន្ដទៀត៕
អត្ថបទ ស៊ើង និមល់