ទឹកត្រីកំពតត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រជាផ្លូវការហើយ

ទីបំផុត ទឹកត្រីកំពតត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រជាផ្លូវការហើយ ខណៈអ្នកផលិតរំពឹងអាចហក់ចូលទីផ្សារអន្តរជាតិ


បន្ទាប់ពីទន្ទឹងរង់ចាំអស់ពេលជាច្រើនឆ្នាំ ទីបំផុតទឹកត្រីកំពត ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ(GI)ជាផ្លូវការនៅក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងថ្ងៃកម្ពុជាប្រារព្វទិវាកម្មសិទ្ធិបញ្ញាពិភពលោកក្រោមមូលបទ«ស្ត្រី និងកម្មសិទ្ធិបញ្ជា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រឌិត»។
ទឹកត្រីកំពតត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រជាផ្លូវការហើយ

ថ្នាក់ដឹកនាំសមាគមទឹកត្រីកំពតរំពឹងថា ការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រនេះនឹងជួយធ្វើឲ្យទឹកត្រីកំពតកាន់តែមានភាពល្បីល្បាញ ជាពិសេសជួយធ្វើឲ្យតម្លៃទឹកត្រីកំពតកាន់តែមានភាពល្អប្រសើរ និងអាចហក់ចូលទីផ្សារអន្តរជាតិក្នុងពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មបានបង្ហាញជំនឿយ៉ាងមុតមាំថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ និងម៉ាកសមូហភាពវានឹងជំរុញកំណើនតម្រូវការក្នុងទីផ្សារជាតិ និងអន្តរជាតិឲ្យមានការកើនឡើងបន្ថែមទៀត ជាពិសេសវានឹងក្លាយជាផ្នែកមួយនៃវិស័យទេសចរណ៍ក្នុងការជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នាទិវាកម្មសិទ្ធិបញ្ញាពិភពលោកប្រចាំឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ក្រសួងពាណិជ្ជកម្មបានរៀបចំកម្មវិធីសម្ពោធ និងប្រកាសចុះបញ្ជីផលិតផលខ្មែរចំនួន៧ប្រភេទជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ និងម៉ាកសមូហភាព ក្នុងនោះទឹកត្រីកំពតដែលជាផលិតផលកេរតំណែលដូនតាត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ។ អ្នកផលិតទឹកត្រីដ៏ល្បីល្បាញម្នាក់នៅខេត្តកំពតលោកឧកញ៉ា ចាន់ ស៊ីថា បានបង្ហាញជំនឿយ៉ាងមុតមាំចំពោះការចុះបញ្ជីនេះ ក្នុងជួយពង្រីកទីផ្សារទឹកត្រីកំពតទាំងនៅក្នុងស្រុក និងក្រៅស្រុកឲ្យកាន់តែទូលំទូលាយ និងល្បីល្បាញបន្ថែមទៀត។ ព្រោះការចុះបញ្ជី GI នេះមានន័យថា ទឹកត្រីកំពតត្រូវបានទទួលស្គាល់មានគុណភាពល្អ ហើយការផលិតគោរពតាមគោលការណ៍តម្រូវត្រឹមត្រូវ។

យ៉ាងណាមិញម្ចាស់សហគ្រាសផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង រូបនេះរំពឹងថា ក្រោយការចុះបញ្ជីនេះវានឹងជួយជំរុញឲ្យផលិតផលទឹកត្រីកំពត ដែលមានភាពឈ្មោះបោះសម្លេងតាំងពីឆ្នាំ១៩៦០ នឹងអាចហក់ចូលទៅក្នុងទីផ្សារអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។ លោកឧកញ៉ា ចាន់ ស៊ីថា ជឿជាក់ថា តម្លៃទឹកត្រីកំពតនឹងមានការកើនឡើងបន្ថែមមួយកម្រិតទៀតប្រសិនបើផលិតផលនេះពិតជាអាចហក់ចូលក្នុងទីផ្សារអន្តរជាតិមែននោះ។ លោកឧកញ៉ា ចាន់ ស៊ីថា បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងរំពឹងអាចហក់ចូលក្នុងទីផ្សារអន្តរជាតិ ផលិតផលទឹកត្រីកំពតត្រូវធានាថា មានគុណភាពអាចឆ្លើយតបស្តង់ដារតម្រូវ ហើយបរិមាណទៀតសោតត្រូវឆ្លើយតបនឹងតម្រូវការបញ្ជាទិញរបស់អតិថិជន។ កត្តានេះវាទាមទារឲ្យអ្នកផលិតទឹកត្រីកំពតទាំងអស់ត្រូវសហការគ្នា និងឯកភាពគ្នាលើស្តង់ដារផលិតរួមមួយ។

ជាមួយគ្នានេះឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបង្ហាញជំនឿជឿជាក់ថា ក្រោយការចុះបញ្ជីជាទំនិញម៉ាកសម្គាល់ភូមិសាស្ត្រវានឹងជួយជំរុញធ្វើឲ្យទីផ្សារផលិតផលទឹកត្រីកំពតកាន់តែមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀតទាំងទីផ្សារក្នុងស្រុកនិងក្រៅស្រុក។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី គោលបំណងនៃការចុះបញ្ជីមុខទំនិញមួយជាម៉ាកសម្គាល់ភូមិសាស្ត្រ ឬម៉ាកសមូហភាព គឺដើម្បីជួយបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារផលិតនោះឲ្យកាន់ទូលំទូលាយបន្ថែមទៀត។ ការអភិរក្សវប្បធម៌ប្រពៃណី និងអភិវឌ្ឍន៍ផលិតផលឲ្យកាន់តែមានភាពរីកចម្រើន ក៏ស្ថិតក្នុងគោលបំណងនៃការបញ្ជីផងដែរ។

ក្រៅពីផលិតផលទឹកត្រីកំពត ក្រសួងពាណិជ្ជកម្មក៏បានចុះបញ្ជីផលិតផលអំបិលកំពតកែប និងបង្កងតាកែវជាម៉ាកសម្គាល់ភូមិសាស្ត្របន្ថែមលើម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងក្រូចថ្លុងកោះទ្រុងខេត្តក្រចេះ។ ជាមួយគ្នានេះ អំបុកកំពង់ធំ, ដូងខ្ទះបាត់ដំបង, ក្រូចថ្លុងកោះពីរ និងនំបញ្ចុកសៀមរាបត្រូវបានចុះបញ្ជីជាម៉ាកសមូហភាព។

គួររំលឹកថា ទឹកត្រីកំពតត្រូវបានផលិត និងមានឈ្មោះបោះសម្លេងតាំងពីឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ប៉ុន្តែត្រូវបានផ្អាកការផលិតនិងបាត់ឈ្មោះនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់មកបានចាប់ផលិតជាលក្ខណៈគ្រួសារឡើងវិញនៅអំឡុងឆ្នាំ១៩៩៥ រហូតមកទល់បច្ចុប្បន្ន៕




អត្ថបទបន្ទាប់


អាជ្ញាធរខេត្តព្រះសីហនុកំពុងជំរុញលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមបង់ថ្លៃសំណល់ទឹកសម្អុយ

ព័ត៌មាន
អភិបាលខេត្តព្រះសីហនុកំពុងជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមបង់ថ្លៃទឹកសំណល់ទឹកសម្អុយ ខណៈដែលបច្ចុប្បន្ននៅមិនទាន់មានប្រជាពលរដ្ឋចូលរួមអនុវត្…

កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៣ខែឆ្នាំនេះ

ព័ត៌មាន
ដ្បិតថា វិស័យកសិកម្មបានរួមចំណែករហូតជាង២២% នៃផលិតផលសរុបក្នុងស្រុក(GDP) ក៏ប៉ុន្តែ វិស័យនេះតែងតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ជាពិសេសទាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ