សារព័ត៌មាន Rappler បានចុះផ្សាយដោយយោងតាមការចាត់ថ្នាក់ថ្មីរបស់ធនាគារពិភពលោក កាលពីថ្ងៃពុធ ទី១ ខែកក្កដា ថា ហ្វីលីពីន បានចាកចេញពីឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ជាផ្លូវការ។ ការចាកចេញនេះកើតឡើងបន្ទាប់ពីប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ៗរបស់ហ្វីលីពីនបានហក់ឡើងដល់៤,៨៥០ដុល្លារអាម៉េរិក ដែលជាតួលេខមួយលើសពីបន្ទាត់កំណត់ស្តង់ដារបស់ធនាគារពិភពលោក។
ឆ្លើយតបនឹងការប្រកាសរបស់ធនាគារពិភពលោកនេះ លោក អាសេញ៉ូ បាលីសាខេន (Arsenio Balisacan) រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ហ្វីលីពីន បានគូសបញ្ជាក់ថា លទ្ធផលនេះបានស្តែងឱ្យឃើញពីភាពធន់ និងរឹងមាំ នៃសេដ្ឋកិច្ចជាតិ។ លោកបានបន្តថា ទោះបីជាត្រូវប្រឈមមុខនឹងវិបត្តិ និងការប្រែប្រួលជាសកល ក៏ដូចជាក្នុងស្រុកយ៉ាងណាក៏ដោយ ក៏ហ្វីលីពីន នៅតែអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំតាមរយៈការពង្រឹងគ្រឹះសេដ្ឋកិច្ច និងដើរលើផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ។
ធនាគារពិភពលោកបានបង្ហាញទិន្នន័យថា កម្លាំងជំរុញដ៏សំខាន់ ដែលធ្វើឱ្យហ្វីលីពីន ដំឡើងឋានៈសេដ្ឋកិច្ចបាននៅពេលនេះ គឺដោយសារការពង្រីកខ្លួនយ៉ាងទូលំទូលាយ នៃសកម្មភាពសេដ្ឋកិច្ច ដែលបានកើនឡើងជាមធ្យម ៥,៨% គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ ជាមួយគ្នានេះ វិស័យឧស្សាហកម្មគន្លឹះៗ បានជួយជំរុញឱ្យប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ៗកើនឡើងរហូតដល់៨,៥%។ គួរជម្រាបថា ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥ នៅលើពិភពលោក ដែលបានដំឡើងឋានៈសេដ្ឋកិច្ចនៅឆ្នាំនេះ រួមជាមួយប្រទេសវៀតណាម ហ្ស៊កដានី មីក្រូណេស៊ី និងស្រីលង្កា។
តែទោះជាយ៉ាងណាក្រុមអ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា នៅពីក្រោយតួលេខដ៏គួរឱ្យមោទនភាពនេះ ហ្វីលីពីន កំពុងរងសម្ពាធពីបញ្ហាអតិផរណា ថ្លៃជីវភាពរស់នៅខ្ពស់ គម្លាតរវាងអ្នកមាន និងអ្នកក្រ និងបញ្ហាទីផ្សារការងារ។ ផ្អែកតាមទិន្នន័យស្ថិតិកាលពីខែខែមេសា ឆ្នាំ២០២៦ អត្រាអ្នកអត់ការងារធ្វើនៅហ្វីលីពីន មានចំនួន៤,៧% ស្មើនឹងពលរដ្ឋប្រមាណជាង២,៤លាននាក់។ អ្វីដែលគួរឱ្យបារម្ភជាងនេះ គឺមានពលរដ្ឋរហូតដល់ទៅជាង៧លាននាក់ផ្សេងទៀត បើទោះបីជាមានការងារធ្វើ ក៏ប៉ុន្តែនៅតែត្រូវការងារបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលមកដោះស្រាយជីវភាពប្រចាំថ្ងៃ៕
ដោយៈ សរ សុជាតិ