សេតវិមានអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី Joe Biden នឹងធ្វើជាសហប្រធានកិច្ចប្រជុំដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ១២ ខែឧសភា កិច្ចប្រជុំកំពូលនេះ នឹងមានការពិភាក្សាគ្នា ក្នុងគោដៅព្យាយាមទៅបញ្ចប់វិបត្តិជំងឺរាតត្បាតកូវីដ១៩ និងរៀបចំសម្រាប់ការការពារនៃការគំរាមកំហែងពីមេរោគផ្សេងៗនាពេលអនាគត។
សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា ទោះបីជាអត្រាមរណភាពនៃមេរោគឆ្លងកំពុងធ្លាក់ចុះជាសកលក៏ដោយ ប៉ុន្តែ ការកើតឡើង និងការរីករាលដាលនៃមេរោគបំប្លែងថ្មី អូមីក្រុង គឺចាំបាច់ត្រូវតែមានយុទ្ធសាស្ត្រគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពនៅទូទាំងពិភពលោក។ សេតវិមានក៏បានសង្កត់ធ្ងន់ ថា ការបង្កើតយុទ្ធសាស្ត្រ និងការអនុវត្តត្រូវតែចាប់ផ្តើមពេលនេះ ដើម្បីស្តារនូវការងើបឡើងវិញពីវិបត្តិ ដែលកំពុងកើតឡើងឲ្យបានឆាប់រហ័សត្រឡប់មកវិញ និង បង្កើនសមត្ថភាពហិរញ្ញប្បទានជាសកលសម្រាប់វិបត្តិសុខភាពនាពេលអនាគត។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃទី១៩ មេសាថា ទីក្រុងប៉េកាំងបានដឹងពីព្រឹត្តិការណ៍នេះ ហើយប្រទេសចិនស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែង ដែលផ្តល់ផលប្រយោជន៍ដល់ការលើកកម្ពស់សាមគ្គីភាពអន្តរជាតិ និងការបង្កើតយុទ្ធសាស្ត្រ ចំពោះការទប់ស្កាត់ការរីករាលដាលកូវីដ១៩។
យ៉ាងណាម៉េញ លោក Shi Yinhong អ្នកជំនាញកិច្ចការអាមេរិកនៅសាកលវិទ្យាល័យ Renmin ក្នុងទីក្រុងប៉េកាំង បាននិយាយថា គោលនយោបាយគ្មានកូវីដរបស់ចិន អាចអនុវត្តទៅបាន ប៉ុន្តែមិនមែនពេលនេះទេ ព្រោះវាអាចធ្វើឲ្យសេដ្ឋកិច្ចកាន់តែមានភាពអាក្រក់ទៅៗ។តាមរយៈគោលនយោបាយនេះប្រទេសចិនបានរឹតបន្តឹងការធ្វើដំណើ និង បិទខ្ទប់នៅតាមទីក្រុងធំៗមួយចំនួន ខណៈសកម្មភាពអាជីវកម្មនៅទីក្រុងសៀងហៃ ដែលជាកំពង់ផែ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនត្រូវបានផ្អាក ដោយធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ និង ជំរុញឱ្យមានការភ័យខ្លាចអំពីការរំខានដល់សេដ្ឋកិច្ចពិភពលោក និងខ្សែសង្វាក់ផ្គត់ផ្គង់។
លោក Shi បានបន្តថា ទោះបីជាការអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិអំពីប្រភពដើមនៃ ជំងឺកូវីដ ១៩ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ ក៏ប៉ុន្តែការរិះគន់លើគោលនយោបាយគ្មានកូវីដរបស់ប្រទេសចិនគឺកាន់តែខ្លាំងឡើង។
គួរជម្រាបថា ពិភពលោកភាគច្រើនបានសម្រេចចិត្តរស់នៅជាមួយមេរោគកូវីដ១៩ ដោយជ្រើសរើសដកការរឹតបន្តឹងជាច្រើន ដើម្បីជំរុញឲ្យមានកំណើនសេដ្ឋកិច្ចងើបឡើងវិញ និង គិតគូរពីសុខភាពផ្លូវចិត្តរបស់ប្រជាជន។ ក៏ប៉ុន្តែ ប្រទេសចិនបានប្តេជ្ញា ក្នុងការប្រយុទ្ធដ៏យូរអង្វែងថា ខ្លួននឹងមិនរស់នៅជាមួយមេរោគកូវីដ១៩ នោះឡើយ ពោលគឺនៅតែពង្រឹងគោលនយោបាយគ្មានកូវីត ១៩ របស់ខ្លួនដោយសង្ឃឹមថានឹង អាចបញ្ចប់ការរីករាលដាលនៅប៉ុន្មានឆ្នាំខាងមុខ៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន