ការឈានដល់ការប្ដឹងទៅកាន់ WTO ពីសំណាក់ភាគីចិននេះ គឺធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកថ្មីៗនេះ បានចេញច្បាប់ហាមប្រាមការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទំនើបៗទៅកាន់ទីផ្សារប្រទេសចិន ហើយការហាមឃាត់នេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងសងខាងនៃប្រទេសប្រទេសទាំងពីរផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សហរដ្ឋអាមេរិក កាលពីខែតុលា បានអនុម័តបទប្បញ្ញត្តិដ៏សំខាន់មួយរបស់ខ្លួន ក្នុងគោលបំណងសង្កត់សង្កិនលើឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន។ តាំងពីពេលនោះមក មានការត្អូញត្អែរយ៉ាងច្រើនពីក្រុមពាណិជ្ជកម្មកំពូលៗរបស់ប្រទេសចិន ក៏ដូចជាក្រុមហ៊ុនអាមេរិកដែលផ្គត់ផ្គង់ផលិតផលផ្នែកនេះទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ សូម្បីតែ ជនជាតិអាមេរិកាំង ដែលធ្វើការងារនៅរោងចក្រផលិតបន្ទះឈីបមួយចំនួននៅប្រទេសចិន ក៏ត្រូវបានបញ្ឈប់ពីការងារដែរ ដោយសារតែមានត្រូវអនុវត្តតាមបទប្បញ្ញត្តិដ៏តឹងរ៉ឹងនោះ។
ជាការឆ្លើយតបវិញ ក្រសួងពាណិជ្ជកម្មចិនរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ ប្រទេសចិននឹងចាត់វិធានការផ្លូវច្បាប់ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក WTO ដែលជាមធ្យោបាយចាំបាច់ក្នុងការដោះស្រាយកង្វល់របស់ចិន និងដើម្បីការពារផលប្រយោជន៍ស្របច្បាប់។ សេចក្តីថ្លែងការណ៍ដដែលចោទថា វិធានការរបស់សហរដ្ឋអាមេរិកបានគំរាមកំហែងដល់ស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មសកល។
ចំណែក លោក អាដាម ហ៊ូច(Adam Hodge) អ្នកនាំពាក្យការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បាននិយាយថា ពួកគេធ្លាប់ទទួលសំណើសម្រាប់ការពិគ្រោះយោបល់ពីប្រទេសចិន ទាក់ទងនឹងសកម្មភាពមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលប៉ះពាល់ដល់វិស័យឧបករណ៍អេឡិចត្រូនិករបស់ពួកគេដែរ ប៉ុន្តែការិយាល័នេះ បានប្រាប់ទៅកាន់ភាគីចិនវិញថា វិធានការរបស់អាមេរិក គឺមានគោលដៅទាក់ទងនឹងការរក្សាសន្តិសុខជាតិតែប៉ុណ្ណោះ ហើយ WTO មិនមែនជាវេទិកាសមរម្យ ដើម្បីពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងសន្តិសុខជាតិនោះទេ។
គួរជម្រាបថា មកទល់នឹងពេលនេះជម្លោះបច្ចេកវិទ្យា ពិសេសលើវិស័យបន្ទះឈីបលែងជារឿងរវាងចិននិងអាមេរិកតែពីរនាក់ទៀតហើយ។ នៅថ្ងៃអង្គារទី១៣ធ្នូនេះ ប្រទេសជប៉ុន និងហូឡង់បានព្រមព្រៀងជាគោលការណ៍ ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាបម្រើដល់ការផលិតបន្ទះឈីបទំនើបៗទៅកាន់ប្រទេសចិនផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍។
បើតាមសេចក្តីរាយការណ៍ដដែល ក្រុមហ៊ុនរបស់ជប៉ុនគឺ Tokyo Electron និងរបស់ហូឡង់ ASML Holding នឹងដើរតួនាទីសំខាន់ក្នុងការចូលរួមវិធានការជាមួយអាមេរិកលើកនេះ ធ្វើយ៉ាងណាឱ្យការរឹតត្បិតការនាំចេញទៅចិន មានប្រសិទ្ធភាព។ វិធានការរបស់ប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងប្រកាសនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន ក៏ដូចជាក្រសួងការបរទេសរបស់ប្រទេសហូឡង់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញរឿងនេះពីអ្នកសារព័ត៌មាននៅឡើយទេ៕