ការដាក់សម្ពាធរបស់រដ្ឋចិនលើក្រុមហ៊ុនរបស់លោក Jack Ma នាពេលនេះ គឺដោយសារតែបារម្ភអំពីឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ អាចធ្វើឲ្យប៉ះពាល់ដល់សាធារណៈមតិនៅក្នុងប្រទេសចិន។ នេះបើតាមការរាយការណ៍ពីBloomberg។
ប្រភពពី Bloomberg បាននិយាយថា មន្ត្រីរដ្ឋាភិបាលចិនមានការខកចិនជាពិសេស ចំពោះឥទ្ធិពលរបស់ក្រុមហ៊ុនអាលីបាបា លើបណ្ដាញសង្គម នៅក្នុងប្រទេសចិន និងការកើតមាននូវរឿងអាស្រូវរបស់ក្រុមហ៊ុននេះ ដែលជាប់ពាក់ព័ន្ធនឹងនាយកប្រតិបត្តិរបស់ខ្លួន ពិសេសគឺលោក Jack Ma នេះតែម្ដង។
លោក Jack Ma ស្ថាបនិកក្រុមហ៊ុនអាលីបាបា បានក្លាយជាផ្ទាំងស៊ីបសម្រាប់ការត្រួតពិនិត្យ ពីសំណាក់រដ្ឋាភិបាលចិនតាំងពីឆ្នាំមុនមកម្ល៉េះ ដោយរដ្ឋចិនមានគោលដៅដាក់សម្ពាធលើក្រុមហ៊ុនពាណិជ្ជកម្មអនឡាញ និងក្រុមហ៊ុនទាក់ទងសេវាហិរញ្ញវត្ថុរបស់មហាសេដ្ឋីចិនរួបនេះ។
ហេតុអ្វី បានជាក្រុមហ៊ុនរបស់លោក Jack Ma ជាផ្ទាំងស៊ីបរបស់រដ្ឋាភិបាលចិន?
នោះក៏ដោយសារតែ លោក Jack Ma កាលពីខែតុលាកន្លងទៅ បានធ្វើការរិះគន់ខ្លាំងៗទៅលើប្រព័ន្ធគ្រប់គ្រងនៅក្នុងវិស័យហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចិន។ ក្រោយពីបានរិះគន់រួចមក គេសង្កេតឃើញថា លោកក្រុមហ៊ុនរបស់ មហាសេដ្ឋីចិនមាត់រអិលរូបនេះ បានជួបញ្ហាជាបន្ដបន្ទាប់ ដូចជាត្រូវបានផ្អាកការបោះផ្សាយលក់មូលបត្រតម្លៃជាង៣០ពាន់លានដុល្លារអាមេរិក ហើយថ្មីនេះ កំពុងប្រឈមនឹងការផាកពិន័យដោយអាជ្ញាធរចិនក្នុងតម្លៃទឹកប្រាក់ប្រមានជិត១ពាន់លានដុល្លារផងដែរ។ ហើយចុងក្រោយនេះ រដ្ឋាភិបាលចិន ហាក់កំពុងដាក់សម្ពាធថែមទៀតដល់លោក Jack Ma ដោយចង់ឲ្យក្រុមហ៊ុនរបស់លោកលក់ភាគហ៊ុនក៏ដូចជាទ្រព្យសម្បត្តិចេញពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលលោក Jack Ma មានចំណែកភាគហ៊ុនក្នុងនោះ។
សូមបញ្ជាក់ថា លោក Jack Ma និងក្រុមហ៊ុនអាលីបាបា បានបង្កើតនូវផលប័ត្រជាច្រើន នៅក្នុងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយនៅរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ជាក់ស្ដែង ក្រុមហ៊ុនអាលីបាបា ជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនបណ្ដាញសង្គមរបស់ចិនដូចជា Weibo និង Youku រួមជាមួយនឹងស្ថាប័នព័ត៌មាន អនឡាញ និងព្រីន The South China Morning Post ដ៏ល្បីនៅហុងកុងផងដែរ។
ជុំវិញនឹងការចុះផ្សាយនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបបែបណាពីសំណាក់ក្រុមហ៊ុនអាលីបាបា ក៏ដូចជាលោក Jack Ma នោះទេ។ យើងនឹងរង់ចាំមើលបន្ដទៀត ថាតើវាសនាលោក Jack Ma និងក្រុមហ៊ុនអាលីបាបា នឹងទៅជាយ៉ាងណាបន្ដទៀត ក្រោយពីស្ថិតនៅក្នុងផ្ទាំងស៊ីបរបស់រដ្ឋាភិបាលចិនយ៉ាងដូច្នេះនោះ?