ក្រសួងពាណិជ្ជកម្មប្រទេសចិន បានទម្លាយរឿងរ៉ាវឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៦ ខែមីនា ថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ប្រឆាំងនឹងការផ្ដល់ឧបត្ថម្ភធនលើរថយន្តអគ្គិសនីរបស់សហរដ្ឋអាម៉េរិក ដោយអះអាងថា ការឧត្ថម្ភធនទាំងនោះធ្វើឡើងក្រោមរូបភាពរើសអើង និងប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រកួតប្រជែងដោយត្រឹមត្រូវ ស្មើភាពគ្នា និងយុត្តិធម៌។
ក្រសួងពាណិជ្ជកម្មប្រទេសចិននេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់អាមេរិកថា ការឧបត្ថម្ភធន ដែលផ្តល់ជូនក្រោមច្បាប់ស្ដីពីការកាត់បន្ថយអតិផរណា (Inflation Reduction Act) របស់សហរដ្ឋអាម៉េរិក ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០២៤ គឺវាបានរំលោភលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយប្រកាសជំហរថា ប្រទេសចិននឹងប្រឆាំងដាច់ខាតតែម្តង។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងការពារផលប្រយោជន៍របស់បណ្ដាក្រុមហ៊ុនចិន ដែលពាក់ព័ន្ធនឹងរថយន្តប្រើថាមពលអគ្គិសនីថ្មី និងការពារបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់ឧស្សាហកម្មនេះនៅជុំវិញពិភពលោក។ ច្បាប់ស្ដីពីការកាត់បន្ថយអតិផរណា (Inflation Reduction Act) ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន បានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធចន្លោះពី ៣,៧៥០ ដុល្លារ ទៅ៧,៥០០ដុល្លារ សម្រាប់អ្នកទិញរថយន្តអគ្គិសនី (EV) ដែលដំឡើងនៅទ្វីបអាមេរិកខាងជើង (North America)។ ប៉ុន្តែអ្នកទិញរថយន្តអគ្គិសនី (EV) នឹងមិនទទួលបានការលើកទឹកចិត្តផ្នែកពន្ធទាំងនេះឡើយ ប្រសិនបើរថយន្តដែលពួកគេទិញត្រូវបានផលិតដោយក្រុមហ៊ុនចិន រុស្ស៊ី កូរ៉េខាងជើង ឬអ៊ីរ៉ង់៕
ដោយ: តែម សុខុម