គិតត្រឹមថ្ងៃអាទិត្យទី២០ មិថុនា ឆ្នាំ២០២១ នៅទូទាំងពិភពលោកបានប្រើប្រាស់វ៉ាក់សាំងអស់ជាង ២ពាន់៥រយលានដូសហើយ ខណៈមានប្រទេសជាច្រើននៅតែបន្តរងគ្រោះដោយសារកូវីដ-១៩ដដែល ទោះបីការចាក់វ៉ាក់សាំងមានល្បឿនយ៉ាងលឿនដូចនេះក្តី។
យ៉ាងណាក៏ដោយចុះ យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសមួយចំនួន បានអនុញ្ញាតឲ្យប្រទេសទាំងនោះ អាចចាប់ផ្តើមបើកចំហរប្រទេស និងមានសកម្មភាពសេដ្ឋកិច្ចបណ្តើរៗជាធម្មតាឡើងវិញហើយ។
ក្នុងនោះ ចិនជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានចំនួនច្រើនគេបង្អស់នៅលើលោក ដោយកាលពីពេលថ្មីៗនេះ គណៈកម្មការសុខាភិបាលជាតិរបស់ចិនបានប្រកាសថា វ៉ាក់សាំងបង្ការកូវីដ១៩ចំនួន ១ពាន់លានដូសត្រូវបានប្រើប្រាស់សម្រាប់ចាក់ជូនពលរដ្ឋចិននៅទូទាំងប្រទេស ក្រោយចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបានជិត១ឆ្នាំ ពោលគឺប្រទេសចិនបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជន ចាប់តាំងពីខែកក្កដាឆ្នាំ២០២០មកម្ល៉េះ។
យ៉ាងណាមិញ គណៈកម្មការសុខាភិបាលជាតិរបស់ចិនពុំបានបញ្ជាក់ថា ចំនួនវ៉ាក់សាំងទាំង ១ពាន់លានដូសនេះ បានចាក់ជូនដល់ពលរដ្ឋចិនបានប៉ុន្មានលាននាក់នោះទេ ក្រៅតែពីគូសបញ្ជាក់ថា មានពលរដ្ឋភាគច្រើនបានទទួលវ៉ាក់សាំងទាំង២ដូសរួចហើយ។
បើតាមប្រភពពីរដ្ឋបាលក្រុងប៉េកាំង ដំណើរការចាក់វ៉ាក់សាំងនៅប្រទេសចិនដំបូង មានល្បឿនយឺត ប៉ុន្តែក្រោយមកចិនបានសម្រុកចាក់វ៉ាក់សាំងដល់ពលរដ្ឋរហូតបានដល់ជាង ៥០០លានដូស មិនដល់រយៈពេល១ខែផង។
សូមបញ្ជាក់ថា ចិនមិនត្រឹមតែជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានច្រើនជាងគេក្នុងពិភពលោកនោះទេ ចិនក៏ជាប្រទេសដែលបានផលិតវ៉ាក់សាំងច្រើនជាងគេបំផុតក្នុង លោកផងដែរ ពោលគឺចិនផលិតវ៉ាក់សាំងបង្ការកូវីដ-១៩បានជាង៣ពាន់លានដូសហើយគិតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ៕