អាមេរិក-ចិន-ប្រភពដើមកូវីដ១៩

អាមេរិកព្រមានដាក់ចិនឲ្យនៅឯកោ បើរារាំងការស៊ើបអង្កេតពិតប្រាកដពី «ប្រភពដើមកូវីដ-១៩»


អាមេរិកព្រមានដាក់ចិនឲ្យនៅឯកោ បើមិនអនុញ្ញាតឲ្យមានការស៊ើបអង្កេតពិតប្រាកដពី «ប្រភពដើមកូវីដ-១៩»។ មន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិក បានព្រមានចំៗទៅកាន់ប្រទេសចិនកាលពីថ្ងៃច័ន្ទទី២១ ខែមិថុនាដើមសប្តាហ៍នេះថា ចិនប្រឈមមុខនឹងការដាក់ឲ្យនៅឯកោពីសហគមន៍អន្តរជាតិ ប្រសិនបើរបបក្រុងប៉េកាំងខកខានមិនបានអនុញ្ញាតឱ្យមានការស៊ើបអង្កេតពិតប្រាកដមួយ ពីប្រភពដើមនៃវីរុសកូរូណា ដែលបង្កជាជំងឺរីករាលដាល់ឆ្លងជាសកលដល់បច្ចុប្បន្ននេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ទីរពិសោធក្នុងក្រុង វូហាន ដែលលោកខាងលិខចោទថាជាកន្លែងប្រភពចម្លងដំបូងនៃកូវីដ១៩ រូបភាព៖ AP
ដោយ

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក ជេ​ក ស៊ូ​លី​វ៉ា​ន (Jake Sullivan) បាន​ពន្យល់​ថា ការ​លើក​ឡើង​របស់​លោក​ដូច្នេះ មាន​គោលដៅ​ចង់​ឲ្យ​ប្រទេស​ចិន​ធ្វើការ​ស​ម្រេ​ចិត្ត​ឲ្យ​បាន​ច្បាស់លាស់ និង​មានការ​ជ្រើសរើស​ដ៏​ត្រឹមត្រូវ​មួយ​។ ជម្រើស​នោះ គឺ​នៅ​ត្រង់​ថា តើ​ចិន​គួរតែ​អនុញ្ញាត​ឲ្យ​មានការ​ស៊ើបអង្កេត ពិតប្រាកដ​មួយ​ស្តី​ពី​ប្រភព​ដើម​នៃ​មេរោគ​កូ​រូ​ណា ឬ​បើ​មិន​មានការ​ស៊ើបអង្កេត​បែប​នេះ​ទេ តើ​ចិន​ចង់​ឲ្យ​អន្តរជាតិ​ដាក់ខ្លួន​ឲ្យ​នៅ​ឯកោ ឬ​យ៉ាងណា?

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក បាន​ព្រមាន​ធ្ងន់​ៗ​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា រហូត​អាច​ស្វែងរក​ឃើញ​ឫសគល់​នៃ​មេរោគ​កូ​រូ​ណា និង​ថែម​ទាំង​រក​ឲ្យ​ឃើញ​ថា នរណា​នឹង​ក្លាយជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​រាតត្បាត​មេរោគ​នេះ​។ 

គួរ​រំឭក​ថា នៅ​អំឡុង​មហាសន្និបាត​អង្គការ​សុខភាព​ពិភពលោក​កាលពី​ចុងខែ​ឧសភា​ឆ្នាំ​២០២១ មាន​ប្រទេស​ជា​សមាជិក​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ផង​ដែរ បាន​ស្នើ​ជា​ថ្មី​ម្តងទៀត ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត ជុំវិញ​ប្រភព​ដើមដំបូង​នៃ​វីរុស​កូ​រូ​ណា ឬ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ជំងឺ​កូ​វី​ដ​-១៩​នោះ ថា​វា​កើតឡើង​ដោយ​របៀប​ណា និង មាន​ប្រភព​ចេញពី​ណា​មក?

ប៉ុន្តែ​គេ​នៅ​ចាំ​បាន​ថា កាលនោះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អា​មេ​រិ​ក លោក សា​វី​យ៉េ បេ​សេ​រ៉ា (Xavier Becerra) បាន​និយាយ​ថា អា​មេ​រិ​ក​មិនមែន​ចង់​កកូរកកាយ​រក​អ្នក​មក​ទទួលខុសត្រូវ​ពី​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​-១៩​នោះ​ទេ គ្រាន់តែ​ដើម្បី​ស្វែង​យល់​ពី​ប្រភព​ដើម និង ការ​ចម្លង​របស់​វីរុស​កូ​វី​ដ​-១៩ ដើម្បី​អាច​ធានា​បាន​ថា ពិភពលោក​នឹង​មិន​អាច​ជួប​រឿង​បែប​នេះ​ជា​ថ្មី​ម្តងទៀត នា​ពេល​ខាង​មុខ​។

ជុំវិញ​បញ្ហា​នេះ រដ្ឋបាល​ក្រុង​ប៉េ​កាំ​ង​ជា​រឿយ​ៗ​បាន​ចេញ​មក​ច្រានចោល ករណី​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​ត​ៗ​គ្នា​ថា មេរោគ​កូ​រ៉ូ​ណា​បាន​លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធ​នៃ​ក្រុង​វូ​ហាន​ប្រទេស​ចិន ជា​កន្លែង​ដែល​ករណី​ជំងឺ​កូ​វី​ដ​១៩​ដំបូង​ត្រូវ​បាន​គេ​រក​ឃើញ​។

យ៉ាងណាមិញ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក ជេ​ក ស៊ូ​លី​វ៉ា​ន បាន​ឆ្លើយ​តប​ថា អា​មេ​រិ​ក​មិន​អាច​ទទួលយក​តាមតែ​ចិន​និយាយ​ដោយ​គ្មាន​ភស្តុ​តាង​ច្បាស់លាស់​បាន​ទេ​។ ទោះបី​ភាគី​ចិន​ថា គ្មាន​ការ​លេច​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​ក៏​ពិតមែន តែ​យើង​នៅ​តែ​ត្រូវ​ស៊ើប​ឲ្យ​បាន​ច្បាស់​។ 

សូម​រំឭក​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ បៃ​ឌិន កាលពី​ចុងខែ​ឧសភា បាន​បញ្ជា​ឱ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក តាមដាន​រក​ប្រភព​ដើម​នៃ​មេរោគ​កូ​វី​ដ​-១៩​ដោយ​ផ្ទាល់​តែ​ម្តង ហើយ​ត្រូវ​រាយការណ៍​មក​កាន់​លោក​វិញ​ក្នុងអំឡុងពេល ៩០​ថ្ងៃ ខណៈ​ពេល​ដែល​បញ្ហា​នេះ​ក៏​ទើបត្រូវ​បាន​អា​មេ​រិ​ក​និង​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន គឺ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ទាំង​៧  G7 លើកយក​មក​អំពាវនាវ ដដែល​ជា​ដដែល​កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​។

បើ​តាម​គម្រោង អង្គការ​សុខភាព​ពិភពលោក រំពឹង​ថា អាច​ដឹកនាំ​កិច្ច​ស៊ើបអង្កេត​ជា​លើក​ទី​២ ដើម្បី​ស្វែងរក​ឫសគល់​នៃ​កូ​វី​ដ​១៩ ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​វា​ជា​ការ​ស៊ើបអង្កេត​មួយ​ដាច់​ដោយឡែក ពី​ការ​ស៊ើបអង្កេត​របស់​សហរដ្ឋអាមេរិក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុម Ad-Fiden ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បីជំរុញការជាវផលិតផលអាហារផលិតនៅក្នុងស្រុក

ព័ត៌មាន
បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលភាពជាសហគ្រិនរយៈពេល ៣ខែ និងសាកល្បងគំនិតអាជីវកម្មដែលប្រកបដោយនវានុវត្តភាពក្នុងកម្មវិធី SmartSpark រួចមក ក្រ…

ចិនចាក់វ៉ាក់សាំងដល់ពលរដ្ឋបានចំនួន១ពាន់លានដូសហើយ

ព័ត៌មាន
ចិនបានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួនដល់ប្រជាជន បានសម្រេចដល់ចំនួន ១ពាន់លានដូសហើយនៅទូទាំងប្រទេស ស្របពេលដែលចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ