
កាលពីសប្តាហ៍មុនលោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលអនុវត្តពន្ធគយបដិកាថ្មីខ្ពស់កប់ពពករបស់លោករយៈពេល៩០ថ្ងៃលើប្រទេសនានា ប៉ុន្តែបានបន្តដំឡើងពន្ធលើទំនិញនាំចូលរបស់មហាយក្សចិនជាបន្តបន្ទាប់រហូតដល់១៤៥%។ ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍ថា មហាយក្សចិនជំរុញឱ្យសហរដ្ឋអាម៉េរិកចាត់វិធានការជាដុំកំភួន ដើម្បីកែកំហុសរបស់ខ្លួនចេញ លុបចោលទាំងស្រុងនូវការអនុវត្តខុសឆ្គងនូវពន្ធគយបដិការ ហើយត្រឡប់ទៅរកមាគ៌ាដ៏ត្រឹមត្រូវនៃការគោរពគ្នាទៅវិញទៅមក។
រដ្ឋបាលលោក ដូណាល់ ត្រាំ ហាក់ត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់សម្បទានដល់មហាយក្សចិនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដោយបានប្រកាសថា ផលិតផលអេឡិចត្រូនិកមួយចំនួនរួមទាំងផលិតផលដែលផលិតនៅក្នុងប្រទេសចិនផងនឹងត្រូវបានលើកលែងពន្ធ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិកលោក ហូវើដ ឡាត់និក (Howard Lutnick) បានប្រាប់សារព័ត៌មាន ABC News កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា ការលើកលែងពន្ធបែបនេះគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ។ លោកបាននិយាយថា រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងប្រកាសពន្ធបែបនេះដាច់ដោយឡែកលើបន្ទះឈីបចិន ដែលលោកនិយាយថានឹងប្រកាសនៅសប្ដាហ៍នេះ។
ទោះជាយ៉ាងណា ប្រធានាធិបតី ដូណាល់ ត្រាំ ចេញមកបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមថា គ្មានការលើកលែងពន្ធចំពោះផលិតផលទាំងនេះទេ ហើយបានច្រានចោលសេចក្ដីរាយការណ៍ទាក់ទិននឹងការលើកលែងពន្ធលើទំនិញចិនថាជាព័ត៌មានមិនពិត៕
ដោយ: តែម សុខុម