ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ទៅកាន់ប្រទេសឥណ្ឌា បានបញ្ចប់ដោយការចេញសេចក្តីថ្លែងការណ៍រួមចំនួន៤ និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាង១០០រវាងក្រុមហ៊ុនជប៉ុន និងឥណ្ឌា។ កិច្ចព្រមព្រៀងទាំងនេះគ្របដណ្តប់លើវិស័យជាច្រើនរួមមានឧស្សាហកម្មបន្ទះឈីប គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថាមពលបៃតង អាម៉ូញាក់ (Ammonia) សន្តិសុខដែនសមុទ្រ និងបេសកកម្មរួមគ្នាទៅកាន់ឋានព្រះច័ន្ទនាពេលអនាគត។
ក្រៅពីវិស័យបច្ចេកវិទ្យាភាគីទាំងពីរ ក៏បានព្រមព្រៀងសហការលើវិស័យកសិកម្មផងដែរដូចជាការដាំដុះផ្សិត និងផ្លែស្ត្របឺរីនៅប្រទេសឥណ្ឌា ព្រមទាំងគម្រោងវប្បធម៌ ដូចជាការផលិតភាពយន្ត Bollywood នៅកោះ Hokkaido ប្រទេសជប៉ុនផងដែរ។
ដំណើរទស្សនកិច្ចនេះកើតឡើង ស្របពេលដែលឥណ្ឌា និងជប៉ុនកំពុងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគឱ្យកាន់តែទូលំទូលាយ ដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារចិន និងសហរដ្ឋអាម៉េរិក ខណៈពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បន្ទាប់ពីផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់។
ក្រុមអ្នកជំនាញ ក៏បានកត់សម្គាល់ដែរថា ការវិនិយោគរបស់ជប៉ុននៅឥណ្ឌា កំពុងកើនឡើងយ៉ាងឆាប់រហ័ស មិនត្រឹមតែក្រុមហ៊ុនធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហគ្រាសខ្នាតតូច ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុន Start-up ជាច្រើន ក៏កំពុងចូលទៅវិនិយោគនៅឥណ្ឌា កាន់តែច្រើនផងដែរ ដែលនេះឆ្លុះបញ្ចាំងពីការរីកចម្រើន នៃភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងរវាងប្រទេសទាំងពីរ៕
ដោយ: តែម សុខុម