ចិនបានបង្កើនជំនួយយោធាដល់ប្រទេសមួយចំនួន

ចិនបានបង្កើនជំនួយយោធាដល់ប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក ខណៈដែលទ្វីបនេះកំពុងព្រួយបារម្ភពីឥទ្ធិពលរបស់រុស្ស៊ី


ប្រទេសចិនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ខ្លួនជាមួយបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកខណៈដែលសង្រ្គាមនៅប្រទេសអ៊ុយក្រែនបានធ្វើឱ្យទ្វីបនេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយសារការពួកគេបន្តពឹងផ្អែកលើជំនួយយោធារបស់ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មានជប៉ុន Nikkei ។
ចិនបានបង្កើនជំនួយយោធាដល់ប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក ខណៈដែលទ្វីបនេះកំពុងព្រួយបារម្ភពីឥទ្ធិពលរបស់រុស្ស៊ី

គ្រឿងបរិក្ខាយោធាស្ទើរតែពាក់កណ្តាលនៅទ្វីបអាហ្រ្វិក គឺត្រូវបានផ្គត់ផ្គង់ដោយប្រទេសរុស្ស៊ីដោយសារតែពួកគេ មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នាតាំងពីសម័យការតស៊ូរំដោះជាតិពីនឹមអាណានិគមន៍ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង៦០មកម្ល៉េះ។ មូលដ្ឋានគ្រឹះនៃជំនួយផ្នែកសន្តិសុខដែលរុស្ស៊ីផ្ដល់ឲ្យអាហ្វ្រិកនោះ គឺការបណ្តុះបណ្តាលកងទ័ព ការលក់អាវុធ និងការបញ្ជូនទាហានស៊ីឈ្នួល។

ឥឡូវនេះបណ្ដាប្រទេសមួយចំនួននៅអាហ្វ្រិកជាពិសេស គឺអាហ្រ្វិកខាងលិចតែម្ដងបាននិងកំពុងងាកទៅរកមហាយក្សចិនវិញ ទាក់ទងនឹងជំនួយយោធានេះ។ តំបន់អាហ្វ្រិកខាងលិចនេះ មានចំនួន ២៥% នៃចរាចរតាមសមុទ្រអាហ្រ្វិក និង ២ ភាគ ៣ នៃផលិតកម្មប្រេងរបស់ទ្វីបអាហ្រ្វិក ដូច្នេះតំបន់នេះកំពុងប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខជាច្រើន។

ការកើនឡើងនៃចោរកម្មតាមឈូងសមុទ្រហ្គីណេ (Gulf of Guinea) ដែលជាតំបន់ដឹកជញ្ជូនដ៏សំខាន់មួយនោះបានបង្កគ្រោះថ្នាក់ដល់អាជីវកម្ម និងអាចជំរុញឱ្យមានចលនាជ្រុលនិយមនៅតាមតំបន់ដីគោកជាប់ឆ្នេរសមុទ្រនេះ។ នៅប្រទេសនីហ្សេរីយ៉ាឯណោះវិញ ប្រេងឆៅប្រមាណ ១២ ម៉ឺនបារ៉ែលត្រូវគេលួចជារៀងរាល់ថ្ងៃស្មើនឹងប្រហែល ៦% នៃទិន្នផលប្រេងរបស់ប្រទេសនេះ។

កាលពីថ្ងៃទី២៨ ខែតុលា កងទ័ពជើងទឹកនីហ្សេរីយ៉ាបានទទួលទូកល្បាតប្រវែង ៤៦ ម៉ែត្រមួយគ្រឿង និងការផ្គត់ផ្គង់យោធាផ្សេងទៀតពីប្រទេសចិន ដើម្បីជួយប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មដែនសមុទ្រ និងធានាសុវត្ថិភាពនៅក្នុងឈូងសមុទ្រនេះ ដែលគ្របដណ្តប់លើផ្ទៃដី ២លាន៣សែនគីឡូម៉ែត្រការ៉េ និងមានឆ្នេរសមុទ្រប្រវែងប្រហែល ៦ ពាន់គីឡូម៉ែត្រ។

នៅក្នុងទីក្រុងឡាហ្គូស (Lagos) រដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសនីហ្សេរីយ៉ា គេឃើញក្រុមហ៊ុនចិន China Harbor Engineering បានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ ឡេកគី (Lekki) ដែលជាកំពង់ផែដ៏ធំបំផុតមួយនៅអាហ្រ្វិកខាងលិច និងបង្កើតឡើងដើម្បីគ្រប់គ្រងកុងតឺន័រចំនួន ១លាន២សែនទូ នៅក្នុងមួយឆ្នាំៗ និងមានបំណងធ្វើជាមជ្ឈមណ្ឌលភស្តុភារសមុទ្រថ្មីសម្រាប់តំបន់នេះទាំងមូលដោយបើកឱកាសវិនិយោគមួយទៀតរវាងប្រទេសចិន និងអាហ្វ្រិក។

លោក ងបាវវ៉ាជី ដាញ៉េល អិនតេ (Ngboawaji Daniel Nte) អ្នកជំនាញផ្នែកសន្តិសុខ និងស៊ើបការណ៍នៅសាកលវិទ្យាល័យ Novena នៅប្រទេសនីហ្សេរីយ៉ាបានប្រាប់ Nikkei Asia ថា តាមរយៈការប្រឆាំងនឹងអំពើភេរវកម្មនេះ ប្រទេសចិនធានាបាននូវស្ថិរភាពកម្រិតខ្លះដើម្បីទាញយកធនធានពីតំបន់នេះ ខណៈដែលប្រេង ឧស្ម័ន ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់នេះកំពុងស្ថិតនៅក្នុងដៃរបស់សហគ្រាសចិនរួចទៅហើយ។

លោក អិនតេ បាននិយាយថា ប្រទេសនីហ្សេរីយ៉ាបានជាប់ជំពាក់ជាមួយប្រទេសចិនដោយសារតែប្រាក់កម្ចី ហើយជាមួយចំនួនប្រជាជនវ័យក្មេងដ៏ច្រើននោះ ដូច្នេះហើយទ្វីបនេះគឺជាព្រំដែនថ្មីសម្រាប់ទីក្រុងប៉េកាំង។ ជាលទ្ធផល ការផ្តល់ជំនួយផ្នែកយោធា គឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ទីក្រុងប៉េកាំងដើម្បីជៀសវាងការខូចខាតវត្ថុបញ្ចាំពីការវាយប្រហារភេរវកម្មលើហេដ្ឋារចនាសម្ព័ន្ធ និងដើម្បីការពារជនជាតិចិននៅក្នុងប្រទេសនេះផងដែរ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកថា អតិផរណានឹងធ្លាក់ទាបនៅឆ្នាំ២០២៣

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី Janet Yellen កាលពីថ្ងៃទី១១ខែធ្នូ បានព្យាករណ៍ថា អតិផរណារបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៣នឹងថយចុះខ្លា…

ក្រុមហ៊ុន Viettel របស់វៀតណាម នាំចេញឧបករណ៍បច្ចេកវិទ្យាខ្ពស់ទៅឥណ្ឌា ជាលើកដំបូង

ក្រុមហ៊ុនវៀតណាម Viettel High Tech ហៅកាត់ VHT និងក្រុមហ៊ុនឥណ្ឌា United Telecoms Limited Group បានចុះកិច្ចព្រមព្រៀងលើហេដ្ឋារចនាសម្ព័ន្ធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ