យោងតាមរបាយការណ៍ស្ទង់មតិ ស្តីពី«ការងារនិស្សិតបញ្ចប់ការសិក្សាវិលត្រឡប់មកប្រទេសចិន ឆ្នាំ២០២៥» ដែលចេញផ្សាយដោយវេទិកាជ្រើសរើសបុគ្គលិក Zhaopin បានបង្ហាញថា ចំនួននិស្សិតចិន ដែលបញ្ចប់ការសិក្សាពីបរទេសស្វែងរកការងារធ្វើបានកើនឡើង១២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។
ទោះបីជាវេទិកានេះមិនបានបញ្ជាក់ពីតួលេខជាក់លាក់ ប៉ុន្តែក្រសួងអប់រំចិន បានទម្លាយឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ មាននិស្សិតចិន ប្រមាណ ៤៩៥,០០០នាក់ បានវិលត្រឡប់មកប្រទេសចិនវិញ ដែលតួលេខនេះកើនឡើងជាង១៩% បើធៀបនឹងឆ្នាំមុនៗ។ ក្នុងចំណោមនិស្សិតទាំងនោះ ភាគច្រើនបានបញ្ចប់ការសិក្សាពីប្រទេសអភិវឌ្ឍន៍នៅលោកខាងលិច ដោយក្នុងនោះមកពីចក្រភពអង់គ្លេសមានចំនួន៣៤% អូស្ត្រាលី២២% និងសហរដ្ឋអាម៉េរិក ប្រមាណ៨%។
លោក ស៊ាង ប៊ីងជី (Xiong Bingqi) នាយកវិទ្យាស្ថានស្រាវជ្រាវអប់រំសតវត្សរ៍ទី២១ បានលើកឡើងកាលពីខែធ្នូ ថា ការវិលត្រឡប់របស់ធនធានមនុស្សរបស់ចិន ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានឆ្លុះបញ្ចាំងពីនិន្នាការរយៈពេលវែង នៃសេដ្ឋកិច្ចចិន។ លោកបន្ថែមថា ស្ថិរភាព និងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាមេដែកយ៉ាងសំខាន់ក្នុងការទាក់ទាញនិស្សិតទាំងនោះឱ្យវិលត្រឡប់មកអភិវឌ្ឍមាតុភូមិវិញ ជាជាងការស្នាក់នៅបរទេស៕
អត្ថបទៈ សួន ឡង់ទី