ការកើនឡើងនេះនៃទីផ្សារនាំចូលទុរេនទៅកាន់ប្រទេសចិននេះ កំពុងតែត្រូវបាន ពន្លឿនដោយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ប្រទេសចិនក្នុងការនាំចូលផ្លែឈើស្រស់ពីប្រទេសក្នុងអាស៊ីអាគ្នេយ៍ ហើយវាជាការបង្ហាញឲ្យឃើញពីសក្ដានុពលនៃការបញ្ជូលប្រទេសចិនក្នុងក្របខណ្ឌពាណិជ្ជកម្មសេរីធំៗផងដែរ។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ដែលបានចូលជាធរមាននៅក្នុងខែមករាឆ្នាំ២០២២នោះ ឥបច្ចុប្បន្ន គឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងពិភពលោកដែលមានទំហំសេដ្ឋកិច្ចស្មើនឹង ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ប្រទេសចិនគឺជាសមាជិកមួយរបស់ក្របខណ្ឌមួយនេះរួមជាមួយរដ្ឋជាសមាជិកអាស៊ានទាំង១០ បូកនឹងប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ វាក៏បានជួយជំរុញឲ្យពាណិជ្ជកម្មរវាងប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាមួយមហាយក្សចិនមានការកើនឡើងខ្លាំងដែរ។
ទីក្រុងស៊ីហួងបាណា នៅខេត្ត Yunnan របស់ប្រទេសចិនឥឡូវនេះបានល្បីល្បាញថា មានការប្រមូលផ្តុំផ្លែទុរេនច្រើនជាងគេ ដែលបាននាំចូលពីតំបន់អាស៊ីអាគ្នេយ៍។ ដោយមានទីតាំងនៅជិតព្រំដែននៃតំបន់អាស៊ីអាគ្នេយ៍នោះ ទីផ្សារលក់ដុំផ្លែឈើ និងបន្លែមានការប្រមូលផ្ដុំដោយឈ្មួញកណ្តាល និងទេសចរជាច្រើន ហើយផ្លែទុរេនជាច្រើនប្រភេទនៅទីផ្សារនោះត្រូវបាននាំចូលមកពីគ្រប់តំបន់។
អ្នកលក់ផ្លែធុរេននៅហាងទុរេនមួយបាននិយាយថា ផ្សារនេះបានលក់ចេញផ្លែទុរេនបានមួយតោនជារៀងរាល់ថ្ងៃក្នុងរដូវទេសចរណ៍ខ្លាំងបំផុត ហើយទោះបីជាតម្លៃត្រូវបានកាត់បន្ថយចាប់តាំងពីកិច្ចព្រមព្រៀង RCEP បានចូលជាធរមានក៏ដោយ ក៏តម្លៃផ្លែទុរេននៅតែបន្តកើនឡើងដោយសារតែតម្រូវការកើនឡើងនៅប្រទេសចិន។
កាលពីឆ្នាំ២០២១ ការនាំចូលទុរេនស្រស់របស់ចិនបានកើនឡើង ជិត៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺឡើងដល់ជាង ៨២ម៉ឺនតោន ហើយតម្លៃនាំចូលបានកើនឡើង ជាង ៨២% ដល់ជាង៤ពាន់លានដុល្លារ។ ការនាំចូលបានកើនឡើងជិត ៤ ដងធៀបនឹងឆ្នាំ២០១៧ ហើយទំនោរនេះហាក់ជួយឱ្យកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ។ នេះបើយោងតាមស្ថិតិគយរបស់ចិន។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការចេះតែកើនឡើងពីប្រទេសចិននោះ ប្រទេសផលិតផ្លែទុរេនមួយចំនួនកំពុងតែប្រញាប់ប្រញាល់បង្កើនការនាំចេញរបស់ពួកគេ។ តួយ៉ាងដូចជាប្រទេសថៃកាលពី២០២១ប្រទេសនេះផលិតបានផ្លែទុរេនប្រហែលជិត១លាន៣សែនតោន ពោលគឺបានកើនឡើងប្រហែល ៣០% បើធៀបនឹងឆ្នាំ២០១៩។
ប្រទេសអាស៊ីអាគ្នេយ៍ទាំងនេះយល់ឃើញថា ការចូលរួមរបស់ប្រទេសចិននៅក្នុងកិច្ចព្រមព្រៀង RCEP នេះគឺជាកម្លាំងរុញច្រានដ៏សំខាន់សម្រាប់ការលើកកម្ពស់ការនាំចេញរបស់ប្លុកនេះ៕
អត្ថបទ៖ សុខ ជា