នៅទីក្រុង ប៉ៃស៊ឺ (Baise) ភាគខាងត្បូងនៃតំបន់ហ្គ័ងស៊ីដែលមានប្រជាជនប្រមាណ ៣លាន ៥សែននាក់ ត្រូវបានអាជ្ញាធរចិនប្រកាសឲ្យផ្តើមអនុវត្តពីព្រឹកថ្ងៃច័ន្ទសប្តាហ៍នេះតទៅ នូវការបិទខ្ទប់ទីក្រុង ពោលគឺមិនអនុញ្ញាតឲ្យមានការធ្វើដំណើរចេញពីក្រុងឡើយ ខណៈពលរដ្ឋអាចចេញក្រៅផ្ទះបាន ប៉ុន្តែត្រូវមើលទៅលើតំបន់ផ្ទះរបស់ពួកគេថា ត្រូវស្ថិតក្នុងការរិតត្បិតកំរិតណា។
អាជ្ញាធរក្រុង ប៉ៃស៊ឺឲ្យដឹងថា ពលរដ្ឋត្រូវបានគេកំណត់ការរិតត្បិតទៅតាមសង្កាត់ ក្រុមតូចៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉ៃស៊ឺ។ ក្នុងនោះមានពលរដ្ឋចិនមួយចំនួន មិនអាចធ្វើដំណើរឆ្លងចេញពីសង្កាត់ដែលខ្លួនរស់នៅបានទៀតផង។
មានចំងាយប្រមាណ១០០គីឡូម៉ែតពីព្រំដែនវៀតណាមជាប់នឹងខេត្តហាហ៊្សាង និង កៅប៉ាង, ក្រុងប៉ៃស៊ឺនៅថ្ងៃសុក្រសប្តាហ៍មុន បានរកឃើញករណីឆ្លងក្នុងសហគមន៍ដែលជាករណីទីមួយ លើពលរដ្ឋម្នាក់ ដែលបានធ្វើដំណើរចូលមកក្រុងវិញ ក្រោយថ្ងៃសម្រាកបុណ្យចូលឆ្នាំចិន។ នេះបើតាមទិន្នន័យពីអាជ្ញាធរក្រុង។
គួរជម្រាបថា ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ១៩មក ប្រទេសចិនបានសាងសង់របងសំណាញ់លួសជាច្រើនកន្លែង ដើម្បីពង្រឹងសុវត្ថិភាពនៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន ក្នុងការទប់ស្កាត់ជនចំណាកស្រុកខុសច្បាប់ពី ប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ស្របតាមវិធានការបង្ការការចម្លងកូវីដ១៩មកក្នុងប្រទេសរបស់ខ្លួន។
សូមជម្រាបថា ចិនជាមហាសេដ្ឋកិច្ចតែមួយគត់នៅក្នុងលោក ដែលនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយតឹងរ៉ឹងបំផុតចំពោះកូវីដ១៩។ ចាប់តាំងពីជំងឺរាតត្បាតរាតត្បាតមួយនេះ បានលេចឡើងជាលើកដំបូងកាលពី២ឆ្នាំមុននៅក្នុងទីក្រុង វូហាន នៃខេត្ត ហឺប៉ី ប្រទេសចិនបានប្រើប្រាស់វិធានការបិទខ្ទប់(Lockdown) យ៉ាងតឹងរ៉ឹង បូករួមនឹងការធ្វើតេស្តទ្រង់ទ្រាយធំ និងការតានដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីព្យាយាមលុបបំបាត់ការផ្ទុះឆ្លងភ្លាមៗតែម្តង នៅពេលណាដែលករណីវិជ្ជមានត្រូវបានគេរកឃើញ។ ប្រការទាំងនេះហើយ ទើបធ្វើឲ្យករណីឆ្លងនិងស្លាប់នៅក្នុងប្រទេសមាន ស្ថិតក្នុងកំរិតមួយទៀត បើធៀបនឹងប្រទេសជឿនលឿនដទៃ៕