អន្តរជាតិ

ចិនបញ្ជាក់ជំហរជាថ្មីគាំទ្រពេញទំហឹងឱ្យម៉ាឡេស៊ីក្លាយជាសមាជិកពេញសិទ្ធិ នៃប្លុក BRICS


ម៉ាឡេស៊ីកំពុងបង្កើនល្បឿនដណ្តើមយកអាសនៈជាសមាជិកពេញសិទ្ធិនៃប្លុក BRICS ហើយចិនបានបញ្ជាក់ជំហរគាំទ្រជាថ្មីចំពោះមហិច្ឆតានយោបាយ និងសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី។
BRICS

លោក អាមេដ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានឱ្យដឹងថា ជំហរគាំទ្រយ៉ាងរឹងមាំពីសំណាក់មហាអំណាចចិនត្រូវបានបញ្ជាក់ឡើងវិញយ៉ាងច្បាស់ៗនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងរូបលោក ជាមួយលោក ឌីង ស៊ីសៀង (Ding Xuexiang) ឧបនាយករដ្ឋមន្ត្រីចិនក្នុងឱកាស នៃជំនួបផ្ទាល់នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែតុលា។

លោកបានគូសបញ្ជាក់ថា ចិនបានសម្តែងជំហរឥតកែប្រែក្នុងការគាំទ្រពាក្យស្នើសុំរបស់ម៉ាឡេស៊ី ដើម្បីក្លាយជាសមាជិកពេញសិទ្ធិ នៃក្រុមប្រទេស BRICS។ លោកបានសង្កត់ធ្ងន់ថា កម្លាំងរុញច្រាន និងការគាំទ្រពីប្រទេសចិន គឺជាកាតាលីករដ៏មានសារៈសំខាន់បំផុត ខណៈដែលម៉ាឡេស៊ីកំពុងស្វែងរកការគាំទ្របន្ថែមពីបណ្តាប្រទេសសមាជិកដទៃទៀត ដើម្បីធានាបាននូវសមាជិកភាពពេញលេញក្នុងប្លុកសេដ្ឋកិច្ចដ៏លេចធ្លោមួយនេះ។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ទោះបីជាកន្លងមក ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញការគាំទ្ររួចហើយក្តី ប៉ុន្តែកិច្ចពិភាក្សានាពេលនេះ គឺជាការធានាយ៉ាងប្រាកដនិយមបន្ថែមទៀតថា ចិនឈរនៅខាងម៉ាឡេស៊ីយ៉ាងពេញទំហឹងក្នុងការផ្លាស់ប្តូរឋានៈពីប្រទេសដៃគូទៅជាសមាជិកពេញសិទ្ធិ។

គួររំលឹកថា រដ្ឋាភិបាលម៉ាឡេស៊ីក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក អានវ៉ា អ៊ីប្រាហ៊ីម បានបង្ហាញបំណងចូលរួមជាមួយ BRICS តាំងពីខែមិថុនា ឆ្នាំ២០២៤ និងបានដាក់ពាក្យស្នើសុំផ្លូវការនៅខែកក្កដា។ រហូតមកដល់ខែតុលា ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី ម៉ាឡេស៊ីត្រូវបានទទួលស្គាល់ជាផ្លូវការត្រឹមប្រទេសដៃគូ ដែលជាជំហានបើកផ្លូវឆ្ពោះទៅរកសមាជិកភាពពេញសិទ្ធិ។

ប្លុក BRICS ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ បច្ចុប្បន្នបានពង្រីកសមាជិកភាពដល់១១ ប្រទេសរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប់រួម ឥណ្ឌូនេស៊ី និងអារ៉ាប៊ីសាអូឌីត។ ប្លុកនេះតំណាងឱ្យប្រជាជនប្រមាណ៤០% នៃពលរដ្ឋសកលលោក និងក្តោបក្តាប់ទំហំផលិតផលក្នុងស្រុកសរុបរហូតដល់ជាង២៦ទ្រីលានដុល្លារស្មើនឹងជាង២៦% នៃ GDP ពិភពលោក។

ការខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី ក្នុងការចូលជាសមាជិកពេញសិទ្ធិ BRICS មិនត្រឹមតែដើម្បីពង្រីកទីផ្សារនាំចេញប្រេងដូង ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក សេវាកម្មទេសចរណ៍ និងសុខាភិបាល ឬទាក់ទាញវិនិយោគទុនបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីបង្កើនឥទ្ធិពលការទូត និងជញ្ជីងអំណាចនយោបាយរបស់ខ្លួននៅលើឆាកអន្តរជាតិផងដែរ៕




អត្ថបទបន្ទាប់


ឡាវ និងវៀតណាមចាប់ផ្តើមគម្រោងកែច្នៃរ៉ែប៉ូតាសសម្រាប់ផលិតជីតម្លៃ៤៩២លានដុល្លារឡើងវិញ ក្រោយគាំងជិត១ទសវត្សរ៍

គម្រោងវិនិយោគរុករក និងកែច្នៃរ៉ែប៉ូតាសទំហំ៤៩២លានដុល្លារអាម៉េរិករបស់ឡាវ បានរស់ឡើងវិញ ក្រោយរាំងស្ទះអស់ជិត១ទសវត្សរ៍ ហើយត្រូវបានរំពឹងថាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ