ចាប់ផ្តើមដំបូងចេញពីអាជីវកម្មលក់ដែកចាស់ៗ ជីប ម៉ុង បានបន្តពង្រីកវិសាលភាពអាជីវកម្មជាបន្តបន្ទាប់ រហូតឈានទៅដល់ការផលិត បេតុង ក្បឿង ទុយោ ស៊ីម៉ង់ត៍ ដែក និងភេសជ្ជៈ ព្រមទាំងបានបន្ដបោះជំហានចូលទៅក្នុងវិស័យសណ្ឋាគារ និងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។ ការវិនិយោគដ៏សម្បើមរបស់ ជីប ម៉ុង មិនមែនជារឿងចៃដន្យទេ ប៉ុន្ដែ ការដើរស្របទៅនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ថ្នាក់នាំក្រុមហ៊ុនខ្មែរមួយនេះ ដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ជាមួយនឹងគោលការណ៍គ្រឹះលើការព្រឹងផ្នែកគុណភាពគ្រប់ខ្សែច្រវាក់ផលិតកម្ម បានធ្វើឱ្យអាណាចក្រជំនួញ ជីប ម៉ុង ពង្រីកវិសាលភាពកាន់តែធំឡើងៗ ជាឧទាហរណ៍ជាក់ស្ដែង ជីប ម៉ុង បានអភិវឌ្ឍខ្លួនយ៉ាងលេចធ្លោក្នុងវិស័យអចលនទ្រព្យ តាមរយៈក្រុមហ៊ុន ជីប ម៉ុង លែន (Chip Mong Land) ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៨។ នៅក្នុងវិស័យលំនៅឋាន ជីប ម៉ុង តែងតែផ្ដល់ជូននូវ គុណភាពសំណង់ខ្ពស់បំផុត រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា ដែលផ្ដល់នូវភាពងាយស្រួល និង បទពិសោធន៍រស់នៅដ៏ល្អឥតខ្ចោះសម្រាប់អតិថិជន។
បើនិយាយអំពីការផលិតភេសជ្ជៈវិញ ក្រុមហ៊ុន ខ្មែរ ប៊ែវើរជីស ដែលជាបុត្រសម្ព័ន្ធ របស់ ជីប ម៉ុង ត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនខ្មែរដ៏ធំដំបូងគេមួយ ដែលមានរោងចក្របំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើបចុងក្រោយលំដាប់ពិភពលោកនៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈការអនុលោមតាមស្ដង់ដារផលិតកម្មខ្ពស់បំផុតនេះហើយ ទើបធ្វើឱ្យគ្រប់ម៉ាកផលិតផល ដែលផលិតចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទាំងនៅក្នុងស្រុក និងក្រៅស្រុក។
ការអភិវឌ្ឍសមត្ថភាពផលិតកម្មឥតឈប់ឈរ និងការទទួលបាននូវសម្ទុះការគាំទ្រដ៏ខ្លាំងក្លាពីប្រជាពលរដ្ឋខ្មែរ បានបើកឱកាសឱ្យក្រុមហ៊ុន ជីប ម៉ុង បន្ដពង្រីកការផលិតផលិតផលថ្មីៗប្លែកៗបន្ថែមទៀត។ តួយ៉ាង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ ជីប ម៉ុង (Chip Mong Food & Beverage) ជាមួយនឹងទុនវិនិយោគប្រមាណ ២៥០ លានដុល្លារអាម៉េរិក។ រោងចក្រថ្មីនេះ នឹងផលិតផលិតផលចម្រុះ រួមមាន៖ ទឹកដោះគោ មី តែ និងកាហ្វេ ដោយមានកិច្ចសហការជាមួយដៃគូបច្ចេកវិទ្យាឈានមុខគេមកពីប្រទេសអាល្លឺម៉ង់ និងបារាំង។
ជារួម ការរីកចម្រើនយ៉ាងរឹងមាំរបស់ ជីប ម៉ុង ក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ បានស្តែងឱ្យឃើញពីយុទ្ធសាស្ត្រពង្រីកអាជីវកម្មប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្របពេលដែលក្រុមហ៊ុនបាននិងកំពុងបន្តវិនិយោគលើបច្ចេកវិទ្យា និងធនធានមនុស្សដែលជាកម្លាំពលកម្មខ្មែរពោរពេញដោយសមត្ថភាព ដើម្បីបញ្ជាគ្រឿងចក្រលំដាប់ពិភពលោក ផលិតផលិតថ្មីៗ ដែលមានគុណភាពខ្ពស់បំផុត ដើម្បីបំពេញតម្រូវការ និងផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់អ្នកប្រើប្រាស់៕