ក្រោយទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី និងប្រជែងយកចំណែកទីផ្សារថយន្តអគ្គីសនីបានជោគជ័យនៅលើទីផ្សារពិភពលោក មហាយក្សចិន កំពុងប្រើប្រាស់ជំនាញ និងសក្តានុពល នៃការវិវត្តន៍ចុងក្រោយនៃបច្ចេកវិទ្យារបស់ខ្លួន ក្នុងការផលិតឡានហោះដើរដោយថាមពលអគ្គីសនី ដើម្បីដណ្តើមយកចំណែកទីផ្សារ ដែលមានតម្លៃមហាសាលនៅលើពិភពលោកបន្តទៀត។
ទីផ្សាររថយន្តហោះនៅលើពិភពលោកសព្វថ្ងៃ មានតម្លៃសរុបប្រមាណ១,៥ទ្រីលានដុល្លារ ដូច្នេះទើបជំរុញឱ្យក្រុមហ៊ុនចិន ដាក់គោលដៅសម្លឹងទៅរកទីផ្សារនេះបន្ថែមទៀត ដើម្បីបង្ហាញសក្តានុពលនៃបច្ចេកវិទ្យារបស់ចិន។ ក្នុងចំណោមដៃគូប្រកួតប្រជែងនានា រថយន្តហោះរបស់ចិន មានសមត្ថភាពផ្តល់ដំណោះស្រាយដ៏គួរឱ្យទាក់ទាញសម្រាប់បំពេញតម្រូវការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពនៅពេលអនាគត។
ពាក់ព័ន្ធនឹងផលិតកម្មនៃគំរូរថយន្តហោះនេះ ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Morgan Stanley បានឲ្យដឹងថា ទីផ្សាររថយន្តហោះប្រភេទ EVTOL នឹងអាចដណ្តើមចំណែកនៃទីផ្សារដែលមានតម្លៃសរុបប្រមាណជា ១,៥ទ្រីលានដុល្លារ នៅក្នុងមួយឆ្នាំនៅមុនឆ្នាំ២០៤០ ដោយសាររថយន្តហោះរបស់ចិន ដែលគេបានបង្ហើបនេះ អាចបម្រើសេចក្តីត្រូវការជាច្រើន រួមទាំងសម្រួលផ្នែកអាកាសចរណ៍ ការដឹកជញ្ជូន សេវាសង្គ្រោះបន្ទាន់ កសិកម្ម ទេសចរណ៍ និងប្រតិបត្តិការសន្តិសុខ។
បើតាមការវាយតម្លៃរបស់ក្រុមហ៊ុន China Merchants Securities ប្រទេសចិនអាចដណ្តើមចំណែកទីផ្សាររហូតដល់៥០% នៃរថយន្តហោះម៉ូដែល EVTOL សរុបរបស់ពិភពលោក ស្របពេលដែលសហរដ្ឋអាម៉េរិកអាចដណ្តើមបាន១៨% ហើយអាល្លឺម៉ង់មានតែ៨%ប៉ុណ្ណោះ។
លោក ឈូ មីនឈាន់ (Qiu Mingquan) អ្នកជំនាញម្នាក់ក្នុងវិស័យយានយន្តបាននិយាយថា ស្របពេលដែលរថយន្តមូដែល EVTOL ធម្មតាខ្លះមានបញ្ហារវាងការហោះ និង បើកបរនៅលើផ្លូវ ប៉ុន្តែ EVTOL របស់ក្រុមហ៊ុនចិន មិនមានបញ្ហានោះទេ។
តាមការគ្រោងទុកការបញ្ជាទិញទុកជាមុនសម្រាប់រថយន្តហោះនៅប្រទេសចិន នឹងបើកក្នុងអំឡុងខែតុលាឆ្នាំនេះ ដោយមួយគ្រឿងមានតម្លៃប្រមាណ ១៣ម៉ឺន៨ពាន់ដុល្លារ៕
ដោយៈ សរ សុជាតិ