បើតាមលិខិតពីស្ថានទូតចិននៅអូស្ត្រាលី ផ្ញើរទៅកាន់គណៈកម្មការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប្រចាំនៅរដ្ឋសភាអូស្ត្រាលីបានសរសេរថា៖ «ប្រសិនបើចិនបានចូលរូមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ CP TPP នោះវានឹងផ្តល់ប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនសម្រាប់ប្រទេសជាសមាជិកដទៃ និងសម្រាប់តំបន់ទាំងមូល»។
លិខិតដដែលបានសរសេរលើកឡើងបន្តថា៖ ប្រទេសចិនប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍មួយ ដែលមានអនាគតល្អរួមគ្នាសម្រាប់មនុស្សជាតិ ហើយត្រៀមខ្លួនធ្វើការរួមគ្នាជាមួយគ្រប់ភាគីផ្សេងទៀត ដើម្បីលើកកម្ពស់សកលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចតំបន់។
គួរកត់សម្គាល់ថា នៅមួយរយៈចុងក្រោយនេះ ប្រទេសចិនបានព្យាយាមទាក់ទង ទៅប្រទេសមួយចំនួនដែលជាសមាជិករបស់ CP TPP ដូចជា ម៉ាឡេស៊ី ញូសេឡែន អូស្ត្រាលី និងប្រទេសផ្សេងទៀត ដើម្បីព្យាយាមស្វែងយល់ និងពិភាក្សាផ្នែកបច្ចេកទេស ស្តីពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ដ៏ធំមួយនេះ។ ប្រការនេះបានបង្ហាញពីចេតនារបស់រដ្ឋអំណាចក្រុងប៉េកាំង ក្នុងការចូលជាសមាជិករបស់កិច្ចព្រមព្រៀងខាងលើ ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៨ គ្រាដែលសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានបោះបង់ចោលសមាជិកភាពរបស់ខ្លួន ដោយបានអះអាងថា កិច្ចព្រមព្រៀងនេះ ជាការខាតបង់ដ៏ធំមួយរបស់អាមេរិកទៅវិញ។
មែនទែនទៅកិច្ចព្រមព្រៀងនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអាមេរិកខ្លួនឯង ប៉ុន្តែក្រោមអាណត្តិរបស់លោក អូប៉ាម៉ា ហើយវាត្រូវបានអាមេរិកទាត់ចោលភ្លាមៗក្រោយ លោកត្រាំ ចូលកាន់តំណែង។
ចាប់តាំងពីឆ្នាំ ២០១៨ ដដែលនោះ ទំនាក់ទំនងរវាងអូស្ត្រាលីនិងចិន ក៏បានផ្តើមមានភាពប្រេះឆានឹងគ្នា ចាប់តាំងពីបញ្ហានយោបាយ ហើយរីកកាន់តែធំទៅៗ ដល់បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រុងប៉េកាំង បានព្យាយាមបញ្ចុះបញ្ចូល អូស្ត្រាលី ឲ្យសម្របសម្រួលខ្លួនចូលជាសមាជិក CPTPP ដែរ ដោយមិនបានគូសបញ្ជាក់ពីការចង់ផ្សះផ្សាជាអូស្ត្រាលីជាមុនបន្តិចសោះ។
ជាក់ស្តែង នៅក្នុងលិខិតដដែល ដែលស្ថានទូតចិនបានដាក់ទៅកាន់សភាអូស្ត្រាលី ស្ថានទូតមិនបាននិយាយពីបញ្ហាទ្វេភាគីនោះទេ ប៉ុន្ដែ ចិនបានព្យាយាមលើកពីភាពស័ក្ដិសមរបស់ខ្លួនឯងថា ខ្លួនគួរតែត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយ CP TPP ដោយសារវត្តមានរបស់ខ្លួនអាចនឹងជួយបង្កើនការនាំចេញ និងការធ្វើឲ្យប្រសើរឡើងនូវទំហំទីផ្សារ សម្រាប់ការវិនិយោគបរទេស។
យ៉ាងណាមិញ មិនទាន់មានការឆ្លើយតបណាមួយពីភាគីអូស្ត្រាលីជុំវិញលិខិតរបស់ចិននោះទេ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា ជាកិច្ចព្រមព្រៀងមួយដ៏មានឥទ្ធិពលសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច ដោយសារតែវានឹងមានការបើកចំហទីផ្សារ ក៏ដូចជាការអនុគ្រោះពន្ធដល់ជាង ៩០%សម្រាប់ប្រទេសជាសមាជិកទាំង១១ក្នុងការនាំចេញទំនិញ ខណៈដែលសរុបទំហំ GDP នៃប្រទេសជាសមាជិកទាំងអស់មានប្រមាណជាង ៤០% នៃសេដ្ឋកិច្ចសកល ឬស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១០ទ្រីលានដុល្លារអាមេរិក និងគ្រប់ដណ្តប់លើប្រជាជនសរុបជិត ៥០០លាននាក់៕