មហាយក្សចិន បានសម្រុកលក់ចេញបណ្ណបំណុលរបស់អាម៉េរិក ហើយសម្រុកទិញចូលមាសយ៉ាងច្រើនសម្បើម។ យោងតាមការប៉ាន់ប្រមាណរបស់ធនាគារ ANZ ឱ្យដឹងថា ចិនអាចនឹងកាន់កាប់មាសរហូតដល់ទៅប្រមាណ៥,៥០០តោន ដែលច្រើនជាង២ ដងនៃចំនួនដែលចិនខ្លួនឯងបានរាយការណ៍ជាផ្លូវការ ហើយប្រសិនបើជាការពិតមែន នោះនឹងធ្វើឲ្យចិនក្លាយជាប្រទេស ដែលកាន់កាប់មាសធំបំផុតទី២ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក។
ការប៉ាន់ប្រមាណនេះបង្ហាញថា ចិនកំពុងសម្រុកស្តុកទុកមាសដោយស្ងាត់ៗដែលជាផ្នែកមួយនៃការប្រកួតប្រជែងរយៈពេលវែងជាមួយសហរដ្ឋអាម៉េរិក និងដើម្បីត្រៀមខ្លួនសម្រាប់ហានិភ័យភូមិសាស្ត្រនយោបាយ និងហិរញ្ញវត្ថុនាពេលអនាគត។ ចិនបានជំរុញឱ្យពង្រឹងសមត្ថភាពផ្គត់ផ្គង់ធនធានដោយខ្លួនឯងគ្រប់គ្រាន់ដោយមិនពឹងផ្អែកបរទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យុទ្ធសាស្ត្រថ្នាក់ជាតិមួយ ដែលបានដាក់ចេញកាលពីអំឡុងឆ្នាំ២០១១ ជំរុញលើកទឹកចិត្តដល់ការរុករក និងផលិតធនធានសំខាន់ៗរួមទាំងរ៉ែមាស ទង់ដែង អ៊ុយរ៉ាញ៉ូម និងលោហធាតុដ៏កម្រជាដើម។ ហើយជាលទ្ធផល ពេលនេះបណ្ដាក្រុមហ៊ុនរុករករ៉ែ ដែលគ្រប់គ្រងដោយរដ្ឋចិនកំពុងពង្រីកការជួលបុគ្គលិកក្នុងវិស័យភូគព្ភសាស្ត្រ និងរ៉ែ។
ជាមួយគ្នានេះចិន ក៏កំពុងកាត់បន្ថយការកាន់កាប់មូលបត្របំណុលអាម៉េរិក ដែលបានធ្លាក់ចុះមកក្រោម៧០០ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះស្ទើរតែពាក់កណ្តាលនៃកម្រិតកំពូលដែលខ្លួនធ្លាប់កាន់កាប់។ ពេលនេះការកាន់កាប់បណ្ណបំណុលអាម៉េរិករបស់ចិនមានទំហំត្រឹមតែប្រមាណ២%ប៉ុណ្ណោះនៃបំណុលសរុបរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ ដោយផ្អែកលើការប៉ាន់ស្មានរបស់ធនាគារ ANZ បង្ហាញថា ទំហំទុនបម្រុងមាសរបស់ចិន ពេលនេះអាចលើសមូលបត្ររតនាគារអាម៉េរិកដែលខ្លួនកាន់កាប់។
ក្រុមអ្នកវិភាគបានលើកឡើងថា ចិនអាចនឹងប្រើប្រាស់មូលបត្របំណុលរបស់អាម៉េរិក ដើម្បីយកប្រៀបលើទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែការកាន់កាប់បំណុលអាម៉េរិកកាន់តែច្រើនក៏មាន
ហានិភ័យផងដែរ ដោយសារការខ្ចីបុលរបស់អាម៉េរិក ចេះតែកើនឡើងមិនឈប់។ សរុបមក គឺមានតែមាសប៉ុណ្ណោះដែលត្រូវបានគេមើលឃើញថា មានសុវត្ថិភាពជាងគេបំផុតក្នុងអំឡុងពេលវិបត្តិ និងអតិផរណា។ ក្រុមអ្នកជំនាញលើកឡើងថា ចិន កំពុងងាកចេញពីការកាន់កាប់បំណុលរបស់សហរដ្ឋអាម៉េរិក និងសម្រុកទិញចូលមាសយ៉ាងគំហុកនេះ មិនត្រឹមតែសម្រាប់ហេតុផលយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែជម្រើសវិនិយោគរបស់ខ្លួនកាន់តែមានកម្រិតផងដែរ៕
ដោយ: តែម សុខុម