ចាប់តាំងពីដើមខែតុលានេះ គេសង្កេតឃើញរដ្ឋាភិបាលចិន បានបញ្ជាឲ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិ អនុញ្ញាតឲ្យក្រុមហ៊ុនឯកជនដែលគ្រប់គ្រងដោយបរទេស នៅតាមខេត្តក្រុងទាំងអស់ មានសិទ្ធិក្នុងការចូលរួមដោយយុត្តិធម៌ក្នុងការធ្វើលទ្ធកម្ម ឬការដេញថ្លៃនានារបស់រដ្ឋាភិបាល ប៉ុន្តែត្រូវធានាថាគម្រោង និងផលិតផលដែលក្រុមហ៊ុនផលិត បន្ទាប់ពីការដេញថ្លៃ ត្រូវតែផលិតក្នុងប្រទេសចិន។
ការដាក់បទបញ្ជាដូច្នេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិន បានប្រកាសកាលពីខែកញ្ញាក្នុងការស្នើចូលរួមជាសមាជិក នៃកិច្ចព្រមព្រៀង CPTPP ដែលទាមទារនូវលក្ខខណ្ឌ និងស្តង់ដារតម្រូវខ្ពស់ៗជាច្រើន។
ក្រុមហ៊ុនឯកជនដែលគ្រប់គ្រងដោយបរទេស នៅក្នុងប្រទេសចិន បានបង្ហាញការសាទរចំពោះចំណាត់ការថ្មីរបស់រដ្ឋអំណាចចិន ប៉ុន្តែពួកគេអះអាងថា ពួកគេទាមទារពេលវេលាដើម្បីតានដានមើលថាតើ ការអនុវត្តពិតជាបានដូចការដាក់បទបញ្ជាឬទេ។
ស្របពេលដែលសំណើបេក្ខភាពរបស់ចិន បានទទួលលការគាំទ្រពីប្រទេសសមាជិក CPTPP មួយចំនួន ដូចជាសិង្ហបុរី និងឈីលី, សមាជិកដទៃទៀតបានចោទសួរថា តើក្រុងប៉េកាំងមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាពិបាកចូលក្នុងទីផ្សារ ដូចជាច្បាប់លទ្ធកម្មរបស់រដ្ឋាភិបាលនេះដែរឬយ៉ាងណា។
សូមជម្រាបថា បច្ចុប្បន្នចិនកំពុងប្រឹងប្រែងដើម្បីក្លាយជាសមាជិករបស់ CPTPP ដោយម្យ៉ាងក្រុងប៉េកាំងបានព្យាយាមស្វែងរកការគាំទ្រពីប្រទេសជាសមាជិកជាច្រើន។ ស្វែងរកការគាំទ្រក៏ដោយសារតែ ចិនចាំបាច់ត្រូវទទួលបានការយល់ព្រមពីសមាជិកទាំង១១ប្រទេសរបស់ CPTPP ទើបចិនអាចក្លាយជាផ្នែកមួយរបស់កិច្ចព្រមព្រៀងនេះបាន។ ម្យ៉ាងទៀត ប៉េកាំងត្រូវបន្តកែសម្រួលច្បាប់ធ្វើពាណិជ្ជកម្មរបស់ខ្លួនជាច្រើនផ្សេងទៀត ឲ្យសមស្របទៅតាមស្តង់ដារដែលបានចែងក្នុងកិច្ចព្រមព្រៀងដ៏ធំមួយនេះ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងប្រទេសរវាងសមាជិកទាំងអស់៕