តម្រូវការឧស្ម័នធម្មជាតិរាវ (LNG)ក្នុងប្រទេសចិនបានកើនឡើងក្នុងអត្រាលឿនបំផុតក្នុងកំណត់ត្រាឆ្នាំ ២០២១ ខណៈតម្រូវការបានកើនឡើង ១៨% ស្មើរនឹងជិត ៧៩ លានតោន លើសពីប្រទេសជប៉ុនដែលជាអ្នកនាំចូលឧស្ម័នធម្មជាតិរាវធំបំផុតក្នុងតំបន់អាស៊ីទៅទៀត។ កិច្ចសន្យានៃការនាំចូលរយៈពេលខ្លី (Spot Contracts) មានចំនួន ៣៩% នៃការនាំចូលឧស្ម័នធម្មជាតិក្នុងប្រទេសចិនកាលពីឆ្នាំមុន ប៉ុន្តែសម្រាប់កិច្ចសន្យាដែលមានរយៈពេលវែងពី ១០ ទៅ ២០ ឆ្នាំនៃការផ្គត់ផ្គង់ឧស្ម័នសម្រាប់ទីក្រុងប៉េកាំងមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលត្រូវចាប់ផ្តើមចែកចាយចាប់ពីឆ្នាំ ២០២២តទៅ។ យោងតាមលោកស្រី Mika Takehara តំណាងក្រុមហ៊ុន Japan Oil, Gas and Metals National Corp បានឱ្យដឹងថា ចិនបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងចំនួន ២៣ កិច្ចសន្យា កាលពីឆ្នាំ ២០២១ សម្រាប់ការនាំចូលឧស្ម័នធម្មជាតិរាវសរុបចំនួន ២៧ លានតោន។ ក្នុងនោះ ឧស្ម័នធម្មជាតិភាគច្រើនត្រូវបានទិញដោយក្រុមថាមពលរដ្ឋចំនួនបីរបស់ប្រទេសចិនគឺ China National Petroleum Corp និង CNOOC និង China Petrochemical ដែលត្រូវបានគេស្គាល់ថា Sinopec។
ប្រទេសចិនបាននាំចូលឧស្ម័នក្នុងបរិមាណបីភាគបួន ពីសហរដ្ឋអាមេរិក កាតា និង រុស្ស៊ី ខណៈនៅចន្លោះខែមករាឆ្នាំ ២០២១ ដល់ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុនចិនបានចុះកិច្ចសន្យាចំនួន ១០ សម្រាប់ឧស្ម័នជិត១៤ លានតោន ទៅជិត ១៥ លានតោន ជាមួយអង្គភាពអាមេរិក។
លោកស្រី Takehara បាននិយាយថា ការកើនឡើងនៃកិច្ចសន្យារយៈពេលវែង កើតចេញពីការជំរុញរបស់រដ្ឋាភិបាលចិនសម្រាប់សន្តិសុខថាមពលកាន់តែប្រសើរឡើង ក៏ដូចជាគោលនយោបាយឆ្ពោះទៅរកភាវូបនីយកម្មទីផ្សារសេរីនៃឧស្ម័នធម្មជាតិ។ លោកស្រី Takehara បាននិយាយថា ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពល និងកង្វះឧស្ម័ននាពេលថ្មីៗនេះ ក្នុងអំឡុងរដូវរងា រដ្ឋាភិបាលជប៉ុនកំពុងណែនាំដល់ក្រុមអាជីវកម្មដែលគ្រប់គ្រងដោយរដ្ឋ ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ និងធានាបាននូវការនាំចូលឧស្ម័នបន្ថែម។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងតំបន់ ឬ ក្នុងវិស័យឯកជនកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេលើតម្រូវការទីផ្សារ ដែលកំពុងកើនឡើងក្នុងទីក្រុងប៉េកាំង និងឆ្ពោះទៅរកកិច្ចសន្យារយៈពេលវែង ហើយកំពុងទិញឧស្ម័នធម្មជាតិរបស់អាមេរិកបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការផ្គត់ផ្គង់របស់ពួកគេ។
ទោះយ៉ាងណា សហរដ្ឋអាមេរិកមិនមែនជាប្រភពតែមួយគត់នៃការនាំចូលឧស្ម័នរបស់ចិននោះទេ ខណៈនៅចន្លោះខែមករាឆ្នាំ ២០២១ ដល់ខែមេសាឆ្នាំ ២០២២នេះ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤ ជាមួយប្រទេសកាតាក្នុងការទិញឧស្ម័នដែលមានបរិមាណ ៧លាន៥សែនតោន និងបានចុះកិច្ចសន្យាចំនួន ៥ ផ្សេងទៀតជាមួយប្រទេសរុស្ស៊ីដែលមានបរិមាណសរុប ៥លានសែនតោន៕