វិស័យ កសិកម្ម

អ្នកដាំទុរេននៅថៃ កំពុងខ្នះខ្នែងរកច្រកបញ្ចេញ ក្រោយវិបត្តិជន់ជោរទីផ្សារវាយលុកខ្លាំង


ទុរេនរបស់ថៃ កំពុងជួបវិបត្តិទីផ្សារ ដែលបង្ខំឱ្យអ្នកដាំលក់បញ្ចុះតម្លៃទាបបំផុត និងខិតខំស្វែងរកទីផ្សារបង្ហូរចេញ ដើម្បីដោះស្រាយបញ្ហា ដែលកំពុងមានការប្រទាំងប្រទើសគ្នារវាងកសិករ និងរដ្ឋាភិបាលថៃ ។ វិបត្តិទីផ្សារទុរេនរបស់ថៃនេះ កើតឡើងក្រោយការផលិតលើសតម្រូវការការប្រកួតប្រជែងដណ្តើមទីផ្សារពីប្រទេសក្នុងតំបន់ និងការធ្លាក់ចុះបរិមាណនាំចេញ ក្រោយច្រកព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានបិទ ហើយកម្ពុជា ហាមមិនឱ្យនាំចូលផ្លែឈើពីប្រទេសនេះ។
វិស័យ កសិកម្ម
ដោយ

ការរាំងខ្ទប់មិនឱ្យមានការនាំចូលផ្លែឈើរបស់ថៃ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា បូករួមនឹងវិបត្តិផ្ទៃក្នុងកំពុងធ្វើឱ្យទុរេនរបស់ថៃ ជួបវិបត្តិទីផ្សាររហូតដល់ថ្នាក់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ចេញមុខផ្សាយផ្ទាល់លក់ទុរេនក្នុងតម្លៃទាបបំផុតត្រឹម៣ដុល្លារក្នុងមួយផ្លែ ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់កសិករថៃ។ បញ្ហានេះបានជំរុញឱ្យអ្នកនាំចេញទុរេនរបស់ថៃ កំពុងខ្នះខ្នែងស្វែងរកទីផ្សារ ដើម្បីបង្ហូរទុរេនដែលកំពុងចាល់ចេញ សំដៅដោះស្រាយបញ្ហាដែលអាចធ្វើឱ្យអ្នកដាំទុរេនថៃ រងការខាតបង់នេះ។

ជាក់ស្តែងកាលពីពេលថ្មីៗទុរេនរបស់ថៃ ដែលជាទំនិញហាមឃាត់ប្រមាណ២តោនត្រូវបានឈ្មួញខិលខូចដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អាឡែន ក្រោយការសហការជាមួយឈ្មួញថៃ និងអ្នកពាក់ព័ន្ធលួចនាំចូលមកកាន់ទីផ្សារកម្ពុជា ដែលធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជននិងរងចំណាត់ការផ្លូវច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ច។ បញ្ហានេះបានធ្វើឱ្យអាជ្ញាធរកម្ពុជា បានបង្កើនការរឹតបន្តឹងលើការនាំចូលផ្លែឈើពីក្រៅប្រទេស ជាពិសេសគឺទុរេន ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ និងទីផ្សារក្នុងស្រុក ហើយអតិថិជននៅកម្ពុជា ក៏មានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការទទួលទានទុរេនដែរ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World កាលពីសប្តាហ៍មុនលោកស្រី សុផាជី សុថមផុន (Suphajee Suthumpun) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ក្រោមការសហការជាមួយអ្នកជំនួញអនឡាញដ៏មានឥទ្ធិពលម្នាក់ គឺលោកស្រី ភីមរីភី (Pimrypie) បានផ្សាយផ្ទាល់លើបណ្តាញសង្គម ដើម្បីលក់ទុរេនបញ្ចុះតម្លៃ។ ទោះបីជាទទួលបានការបញ្ជាទិញដល់ទៅ២០ម៉ឺនកញ្ចប់ ក៏កសិករថៃ សម្តែងការមិនពេញចិត្ត ដោយចោទថា ការលក់ក្នុងតម្លៃ៣ដុល្លារក្នុង១ផ្លែ គឺមិនអាចទូទាត់ថ្លៃដើមបាន និងកំពុងធ្វើឱ្យខូចតម្លៃទីផ្សារទុរេនទាំងមូល និងទាមទារឲ្យរដ្ឋមន្រ្តីរូបនេះលាលែងពីតំណែង។

បច្ចុប្បន្នថៃ គឺជាអ្នកនាំចេញទុរេនដ៏ធំមួយនៅលើពិភពលោក ដែលមានតម្លៃរហូតដល់ជាង៤ពាន់លានដុល្លារ តែពេលនេះការនាំចេញកំពុងជាប់គាំង ដោយសារការប្រកួតប្រជែងពីប្រទេសក្នុងតំបន់ដូចជាវៀតណាម និងម៉ាឡេស៊ីជាដើម។ ជាមួយគ្នានេះផ្ទៃដីដាំដុះទុរេនរបស់បានឈានដល់ជាង២២ម៉ឺនហិកតា កើនឡើង ១០% ដែលជំរុញឱ្យទិន្នផលទុរេនរបស់ថៃ ឆ្នាំនេះហក់ឡើងដល់២លានតោនកើនឡើង៣៣%។

ក្រៅពីការសម្រុកដាំលើសតម្រូវការហើយនោះ នៅពេលនេះទុរេនថៃកំពុងប្រឈមមុខនឹងតម្រូវការនៅបរទេសចុះខ្សោយ និងការប្រកួតប្រជែងពីដៃគូប្រកួតប្រជែង ខណៈទីផ្សារទុរេនចិន ដែលធំជាងគេមានតម្លៃជាង៧ពាន់លានដុល្លារបានបង្កើនការនាំចូលពីវៀតណាមដល់ទៅ៣,៤ពាន់លានដុល្លារ ហើយបើកឱកាសឲ្យប្រទេសផ្សេងៗនាំចូលដូចជា ម៉ាឡេស៊ី កម្ពុជា និងឡាវ ជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦ ដោយផ្ដល់ដល់អ្នកដំណើរទាំងចេញ និងចូលប្រទេសកម្ពុជា នូវការបញ្ច…

នាយករដ្ឋមន្ត្រីជប៉ុន ចង់កែរដ្ឋធម្មនុញ្ញសន្តិភាព ដើម្បីពង្រឹងយោធា តែពលរដ្ឋរាប់ម៉ឺននាក់នាំគ្នាធ្វើបាតុកម្មប្រឆាំង

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាការអ៊ិឈិ (Sanae Takaichi) បានជំរុញឱ្យមានការពិភាក្សាកម្រិតខ្ពស់ជុំវិញការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ