នៅក្នុងជំនួបសួរចម្លើយ ជាមួយឯកអគ្គរាជទូតជប៉ុន លោក ហីដេអូ តារុមិ និង លោកស្រី ហ័រ ឈុនយ៉ីង (Hua Chunying) ជំនួយការរដ្ឋមន្ត្រីការបរទេស និង ជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនផងដែរនោះ បានហៅការថ្លែងរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ថាជាការខុសឆ្គងទាំងស្រុង ហើយការនិយាយដូចនេះជាការរំលោភលើបទដ្ឋាន ជាមូលដ្ឋាននៃទំនាក់ទំនងទ្វេភាគី រវាងចិន និងជប៉ុន។
លោកស្រី ហ័រ ឈុនយ៉ីង បានបន្ថែមថា ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ជាការជំទាស់ដោយបើកចំហ ចំពោះអធិបតេយ្យភាពរបស់ចិន និងបានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់កងកម្លាំងដែលចង់បានឯករាជ្យភាពរបស់កោះតៃវ៉ាន់។ ចិនប្រឆាំងដាច់ខាតចំពោះរឿងនេះ។
ដោយឡែក នៅពេលចោទសួរដោយអ្នកសារព័ត៌មាន ពីបញ្ហាចិនហៅទូតជប៉ុនទៅសួរនាំ ភាគីរដ្ឋាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញការមិនយល់ស្របទៅនឹងទង្វើរបស់ចិនឡើយ ដោយសារតែ រដ្ឋាភិបាលជប៉ុនមិនមែនជាអ្នកថ្លែងការពារកោះតៃវ៉ាន់នោះទេ។ លោក ស៊ីហ្សូ អាបេ គ្រាន់តែជាអតីតនាយករដ្ឋមន្ត្រីជប៉ុនប៉ុណ្ណោះ និង ពុំមានតួនាទីអ្វីនៅក្នុងរាជរដ្ឋាភិបាលជប៉ុនបច្ចុប្បន្ននោះដែរ។
សូមរំឭកថា អតីតនាយករដ្ឋមន្ត្រីជប៉ុនដ៏មានឥទ្ធិពល លោក ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃពុធទី០១ខែធ្នូ បាននិយាយថាសហរដ្ឋអាមេរិក និងប្រទេសជប៉ុន នឹងមិនឱបដៃឈរមើលប្រទេសចិន វាយយកកោះតៃវ៉ាន់ដោយងាយឡើយ ហើយនេះជាអ្វីដែលក្រុងប៉េកាំងត្រូវតែយល់ឲ្យបានច្បាស់។ លោកថ្លែងដូចនេះ នៅអំឡុងវេទិកាតាមអនឡាញមួយ រៀបចំដោយអ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយកោះតៃវ៉ាន់៕