គូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៧ មីនានេះដែរ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីអ្នកឆ្លងមេរោគ Covid-19 ចំនួន ១២ ករណីបន្ថែមទៀត ដែលក្នុងនោះបានកើតលើបុរសជនជាតិខ្មែរឥស្លាមចំនួន ១១នាក់ ដែលវិលត្រឡប់ពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិខ្មែរចំនួន ម្នាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃ។សរុបទាងករណីចាស់ ១២ ករណីដែលបានរកឃើញ បូករួមទាំងករណីថ្មីចំនួន ១២ ករណីនេះ បានធ្វើឲ្យករណីឆ្លងមេរោគ Covid-19 ដែលកម្ពុជាបានរកឃើញ គិតត្រឹមព្រឹកថ្ងៃទី ១៧ មីនា ឆ្នាំ២០២០នេះ បានកើនឡើងដល់ទៅ ២៤ ករណី។
ចំនួន ករណីឆ្លង មេរោគ Covid-19នេះ ទាំង ១២ ករណីថ្មីនេះ គឺត្រូវបានរកឃើញនៅខេត្ត បន្ទាយមានជ័យ មាន២ករណី, រាជធានីភ្នំពេញ រកឃើញ ២ករណី, កំពង់ឆ្នាំង ២ករណី, បាត់ដំបងមាន ៤ករណី, នៅកំពតមាន១ករណី និងខេត្តត្បូងឃ្មុំមាន ១ករណី។
នៅព្រឹកថ្ងៃទី ១៧ មីនា ដដែលនេះដែរ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល សហការជាមួយសាលារាជធានីភ្នំពេញ សម្រេចប្រើប្រាស់សណ្ឋាគារហ្គ្រេតឌូក Great Duke (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់)ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩។ មិនត្រឹមតែប៉ុណ្ណោះ កងកម្លាំងសុខាភិបាលនៃក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ នឹងត្រូវសហការគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺនេះផងដែរ៕