ថ្លែងទៅកាន់វេទិកាមួយតាមប្រព័ន្ធអនឡាញនៅថ្ងៃអង្គារ ស្តីអំពីសមុទ្រចិនខាងត្បូង នៅទីក្រុងសាន់យ៉ា កោះហៃណាន ភាគខាងត្បូងប្រទេសចិន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានស្តីបន្ទោស តែមិនបានសំដៅចំឈ្មោះ ដល់សហរដ្ឋអាមេរិកនោះទេ ដោយលោកបានលើកឡើងថា ប្រទេសមួយចំនួនកំពុងព្យាយាមបង្ហាញសាច់ដុំ កងទ័ពជើងទឹកខ្លាំងណាស់ នៅតំបន់សមុទ្រចិនខាងត្បូង។
លោក វ៉ាង យី បានលើកឡើងថា៖ យើងត្រូវតែប្រកាន់ខ្ជាប់ពហុភាគីនិយម និងរួមគ្នារក្សាសណ្តាប់ធ្នាប់ដែនសមុទ្រនេះ។ មហាសមុទ្រ មិនមែនជាកន្លែងនៃការប្រកួតប្រជែងនោះទេ ហើយគ្មាននរណាម្នាក់គួរប្រើមហាសមុទ្រ ជាឧបករណ៍ដើម្បីដាក់អំណាចឯកតោភាគីនោះឡើយ។
មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងរូបនេះ បន្តថា៖ យើងជំទាស់ដាច់ខាតនឹងប្រទេសមួយចំនួន ក្នុងគោលបំណងការពារអនុត្តរភាពដែនសមុទ្រ ដែលបានបង្អួតកងកម្លាំងយោធារបស់ពួកគេ និងបង្កើតបក្សពួកក្នុងដែនសមុទ្រ ហើយបន្តរំលោភលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់យើង។
គួរជម្រាបថា ប្រទេសចិន និងសហរដ្ឋអាមេរិកបាននិងកំពុងបង្កើនវត្តមានយោធារបស់ពួកគេនៅក្នុងដែនទឹកជម្លោះ ជាមួយនឹងហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យ ក៏កំពុងកើនឡើងផងដែរ។