យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិនបានចុះផ្សាយថា រដ្ឋាភិបាលក្នុងតំបន់នានាទូទាំងប្រទេសចិនបានបោះផ្សាយលក់មូលបត្របំណុលចំនួនជាង ២១០ ពាន់លានដុល្លារក្នុងខែនេះ ដែលកើនឡើងជិត ៨០% បើធៀបនឹងខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ។
ហើយតួលេខនេះបានហក់ឡើងដល់កំពូលបើគិតចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ ដែលមានជិត ២០០ ពាន់លានដុល្លារប៉ុណ្ណោះ នៅពេលដែលប្រទេសចិនបានផ្តោតលើការធ្វើឲ្យមានស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន នៅគ្រាដែលមេរោគកូវីដ១៩ វាយលុកជាលើកដំបូង។
មួយវិញទៀត ក្រសួងហិរញ្ញវត្ថុចិនបាននិយាយថា រដ្ឋាភិបាលក្នុងតំបន់នានាក្នុងប្រទេសចិនបានចេញ "មូលបត្របំណុលពិសេស" ដើម្បីផ្តល់ជាមូលនិធិដល់ការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គិតត្រឹមថ្ងៃ៦ មិថុនានៅឆ្នាំនេះ ដែលគិតជាទឹកប្រាក់ដល់ទៅជិត ៣៨០ ពាន់លានដុល្លារ ច្រើនជាងបីដង បើធៀបរយៈពេលដូចគ្នាការពីឆ្នាំមុន។
ជាការពិត សេដ្ឋកិច្ចចិនបានធ្លាក់ដាំក្បាលចុះ ដោយសារតែគោលនយោបាយសូន្យកូវីដ ឬ Zero Covid ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលចិនដែលបាន និងកំពុងបន្ដអនុវត្ត។ នៅពេលដែលតម្រូវការក្នុងស្រុកពឹងផ្អែកខ្លាំងលើវិស័យឯកជនធ្លាក់ចុះ ការដឹកនាំថ្នាក់ជាតិមើលឃើញថា មូលបត្របំណុលសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសេដ្ឋកិច្ចចិនមានភាពរស់រវើកឡើងវិញុ។
លើសពីនេះទៅទៀត ប្រទេសចិនគ្រោងនឹងបោះផ្សាយមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធរហូតដល់ ៥៤០ ពាន់លានដុល្លារនៅឆ្នាំនេះផងដែរ។ ក្រសួងហិរញ្ញវត្ថុចិនក៏បានប្រាប់រដ្ឋាភិបាលក្នុងតំបន់នានានៅទូទាំងប្រទេស ឲ្យចំណាយមូលនិធិទាំងអស់ ដែលសល់ពីមូលបត្របំណុលនេះ នៅត្រឹមខែសីហាខាងមុខផងដែរ។
ទោះបីជាយ៉ាងណា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលបានពង្រីកដោយរដ្ឋាភិបាលចិននេះ ត្រូវបានគេរំពឹងថានឹងបង្កើនអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆមាសទីពីរនៅឆ្នាំនេះ។ ក៏ប៉ុន្តែ គោលដៅរបស់ទីក្រុងប៉េកាំងក្នុងការធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើង ៥,៥% ជារៀងរាល់ឆ្នាំនោះ ត្រូវបានគេព្យាករណ៍ថានឹងមិនអាចសម្រេចបានទេ។
លោក យ៉ូស៊ីណូ តាមៃ (Yoshino Tamai) នៃវិទ្យាស្ថានស្រាវជ្រាវអ៊ីតូឈូ (Itochu) បាននិយាយថា "ទោះបីជាលទ្ធភាពនៃសេដ្ឋកិច្ចចិនមានការងើបឡើងវិញពេញលេញក៏ដោយ ក៏អត្រាកំណើនពេញមួយឆ្នាំនឹងមាននៅត្រឹម ៤,៣%" ប៉ុណ្ណោះ។
លោក Tamai បាននិយាយថា បើចិនចង់សម្រេចគោលដៅសេដ្ឋកិច្ច ៥,៥% ក្នុងមួយឆ្នាំឡើងវិញនោះ ទាល់តែប្រទេសចិនបន្តការចេញមូលបត្របំណុលពិសេសឡើងវិញ ដែលខ្លួនធ្លាប់បានបង្កើតឡើងក្នុងឆ្នាំ ២០២០ កន្លងទៅ សម្រាប់ការឆ្លើយតបនឹងមេរោគឆ្លងជាលើកដំបូងរបស់ខ្លួន៕
អត្ថបទ៖ ហ៊ុន គន្ធថៃ