លោក ប្លីខេន ជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទីមួយហើយ ដែលនឹងទៅទស្សនកិច្ចនៅប្រទេសចិន បើគេគិតពីឆ្នាំ២០១៨មក ជាគ្រាដែលសហរដ្ឋអាមេរិក និងចិនចាប់ផ្តើមផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា ដែលកាលនោះអាមេរិកស្ថិតក្រោមអាណត្តិដឹកនាំរបស់លោកដូណាល់ត្រាំ។ នេះជាទស្សនកិច្ច ដែលគេទន្ទឹមចង់ឃើញជាយូរណាស់មកហើយ ដោយរំពឹងថា នឹងជួយបន្ធូរភាពតានតឹងរវាងមហាយក្សទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍មួយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មន្ត្រីអាមេរិកដែលជាប់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះបង្ហើបប្រាប់ AFP ក្នុងលក្ខខណ្ឌមិនមិនបញ្ចេញឈ្មោះថា លោកប្លីងខេ នឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃទី៥កុម្ភៈ រួចបន្តកិច្ចពិភាក្សានានារហូតដល់ថ្ងៃទី៦កុម្ភៈ។ បើតាមប្រភពពីមន្ត្រីរូបនេះដដែល ទស្សនកិច្ចនេះនឹងធ្វើឡើងដូចធម្មតា ទោះមានក្តីបារម្ភពីការឆ្លងរាតត្បាតកូវីដ១៩ក្នុងប្រទេសចិនក៏ដោយ។
ទោះយ៉ាងណា មិនទាន់មានព័ត៌មានផ្លូវការចេញពីភាគីទាំងពីរឡើយគិតត្រឹមថ្ងៃទី១៨មករានេះ។ ប៉ុន្តែប្រភពសុំមិនបញ្ចេញអត្តសញ្ញាណដដែលនិយាយថា លោកប្លីនខេន នឹងជួបជាមួយលោក ជីន កាំង ដែលទើបឡើងជារដ្ឋមន្រ្តីការបទេសចិនជំនួសលោក វ៉ាង យី ហើយក៏គ្រោងនឹងជួបជាមួយលោកស៊ី ជីនពីងផងដែរ។
លោកអាន់តូនី ប្លីងខេន នឹងក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូង ដែលនឹងទៅទស្សនកិច្ចនៅប្រទេសចិន បើរាប់ចាប់ពីឆ្នាំ២០១៨មក។ គេនៅចាំបានទស្សនកិច្ចចុងក្រោយរបស់មន្ត្រីការទូតអាមេរិកទៅជាន់ទឹកដីចិន នោះគឺកាលពីលោក ម៉ៃ ប៉ុមពីអូ ដែលកានោះ លោកនៅជារដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ។
គួររំឭកដែរ នេះមិនមែនជាលើកទីមួយឡើយអំពីព័ត៌មាននៃទស្សនកិច្ចនេះ ដោយកាលពីជំនួបរវាងលោកស៊ី ជីនពីង និងលោក ចូ បៃឌិន ទល់មុខគ្នានាឱកាសកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកាឆ្នាំ២០២២ ភាគីទាំងពីរក៏បានប្រកាសពីការធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផងដែរ។
កន្លងមកភាគីចិនតែងស្វាគមន៍ដំណើរទស្សនកិច្ចនានារបស់អាមេរិកមកកាន់ប្រទេសខ្លួនជានិច្ច ស្របពេលដែលប៉េកាំងសង្ឃឹមថាលោក ប្លីងខេននឹងដើមតាមគន្លងរបស់លោកស៊ី ជីនពីង និងលោកបៃឌិន ចំពោះការពិភាក្សាស្វែងការការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យទៅរកផ្លូវត្រូវឡើងវិញ និងស្ថិរភាព។
សូមបញ្ជាក់ថា ភាពតានតឹងបានកើនឡើងកាន់តែខ្លាំងរវាងអាមេរិក និងចិន ចាប់ពីខែសីហាឆ្នាំ២០២២ ជាពេលដែលចិនផ្តើមធ្វើសមយុទ្ធយោធាយ៉ាងសន្ធឹកក្បែរដែនកោះតៃវ៉ាន់ ក្រោយពេលដែលអតីតប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ធ្វើទស្សនកិច្ចទៅដែនកោះមួយនេះ។
គេមិនមានសុទិដ្ឋិនិយមប៉ុន្មានឡើយ ចំពោះដំណើរទស្សនកិច្ចលើកនេះ ថានឹងសម្របសម្រួលភាពតានតឹងក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រោះថា ក្នុងរដ្ឋបាលលោក ចូ បៃឌិន ក៏មិនខុសពីអតីតប្រធានាធិបតី ត្រាំ ប៉ុន្មានដែរ គឺសុទ្ធតែបានចាត់ទុកប្រទេសចិន ជាគូប្រជែងអាទិភាព៕