ការប៉ាន់ប្រមាណថ្មីនេះបានធ្វើឡើងយឺតជាង១០ឆ្នាំ បន្ទាប់ពីធនាគារវិនិយោគរបស់អាមេរិក Goldman Sachs បានធ្វើការព្យាករបែបនេះដែរកាលពីឆ្នាំ២០១១។ ប៉ុន្តែសេដ្ឋវិទូលោក ខេវិន ដាលី (Kevin Daly) និងលោក តាដាស ហ្កេដមីណាស (Tadas Gedminas) បាននិយាយថា កំណើនដ៏មានសក្តានុពលនៅប្រទេសចិននៅតែខ្ពស់ខ្លាំងជាងនៅសហរដ្ឋអាមេរិក។
ក្រុមសេដ្ឋវិទូនេះបាននិយាយក្នុងរបាយការណ៍មួយដែលបានចេញផ្សាយចុងក្រោយនេះថាប្រទេសចិនបានតាមជិតទាន់ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក ដោយបន្ថែមថាផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងចាប់ពី១២%នៃផលិតផលក្នុងស្រុកសរុបរបស់អាមេរិកនៅក្នុងឆ្នាំ២០០០ រហូតដល់ជិត ៨០% នៃផលិតផលក្នុងស្រុកសរុបរបស់អាមេរិកនាពេលបច្ចុប្បន្ននេះ។
របាយការណ៍ដដែលបានព្យាករថាទៀតថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសចិននឹងមានប្រហែល ៤% ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៩បើធៀបនឹងកំណើន១,៩%ក្នុងមួយឆ្នាំរបស់សហរដ្ឋអាមេរិក។
កត្តាសម្រាប់ការព្យាករពីសក្ដានុពលកំណើន GDP នេះ រួមមានចំនួនមនុស្សនៅក្នុងកម្លាំងពលកម្ម ទំហំមូលធនដែលពួកគេត្រូវធ្វើការជាមួយ និងវឌ្ឍនភាពបច្ចេកទេសជាដើម។ នេះបើយោងតាមរបាយការណ៍នេះ។
ក្រុមសេដ្ឋវិទូរបស់ Goldman Sachs បាននិយាយថា កំណើនត្រូវបានព្យាករថានឹងថយចុះតាមពេលវេលានៅតាមប្រទេសសេដ្ឋកិច្ចភាគច្រើន ដោយសារការរួមចំណែកតិចតួចពីកំណើនកម្លាំងពលកម្ម ប៉ុន្តែការធ្លាក់ចុះបែបនេះត្រូវគេរំពឹងថានឹងកើតឡើងជាពិសេសនៅប្រទេសចិនតែម្ដង។
កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសចិនអាចធ្លាក់ចុះបន្ថែមទៀតមកដល់ ២,៥% ពីឆ្នាំ២០៣០ដល់ឆ្នាំ២០៣៩ ដែលជាការបន្តធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិត ៧,៧% ក្នុងចន្លោះពេលពីឆ្នាំ២០១០ ដល់២០១៩។ នេះបើយោងតាមការព្យាកររបស់ក្រុមអ្នកសេដ្ឋកិច្ច។
ក្រុមសេដ្ឋវិទូនេះបាននិយាយថា ភាគច្រើននៃការថយចុះនេះគឺដោយសារដោយកត្តាប្រជាសាស្រ្ត ហើយវានាំឱ្យអត្រាកំណើនដ៏មានសក្តានុពលរបស់ប្រទេសចិនធ្លាក់ចុះ នៅក្រោមបណ្តាប្រទេសអាស៊ីមួយចំនួនដូចជាឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន។
របាយការណ៍នេះបានព្យាករថា កំណើនសេដ្ឋកិច្ចសកលនឹងមានជាមធ្យមតិចជាង ៣%ក្នុងមួយឆ្នាំក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀត ហើយនឹងស្ថិតនៅលើផ្លូវធ្លាក់ចុះជាលំដាប់ ដោយសារតែកំណើនប្រជាជនកាន់តែចុះខ្សោយ។
នៅក្នុងសមាជគណបក្សលើកទី២០របស់ប្រទេសចិនកាលពីខែតុលា ទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តថានឹង«ឈានដល់កម្រិតប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ ក្នុងនាមជាប្រទេសអភិវឌ្ឍន៍កម្រិតមធ្យមនៅត្រឹមឆ្នាំ២០៣៥»ដែលមានន័យថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅប្រទេសចិននឹងកើនដល់យ៉ាងហោចណាស់ ២ ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ដើម្បីសម្រេចបាននូវគោលដៅនេះ អត្រាកំណើន GDP ប្រចាំឆ្នាំរបស់ប្រទេសចិនគួរតែមានមិនតិចជាង ៤,៧៣% នោះឡើយ ប៉ុន្តែទីប្រឹក្សារដ្ឋាភិបាលបាននិយាយថា វាអាចជាការលំបាកខ្លាំងណាស់ក្នុងការសម្រេចបានគោលដៅនេះដោយសារតែចំនួនប្រជាជនវ័យចំណាស់របស់ប្រទេសចិនកើនឡើងច្រើន។
របាយការណ៍ របស់ធនាគារ Goldman Sachs បានព្យាករទៀតថា ទម្ងន់នៃសេដ្ឋកិច្ចសកលលោកនឹងប្ដូរទៅដៅទៅកាន់តំបន់អាស៊ី នៅក្នុងរយៈពេល៣០ឆ្នាំខាងមុខនេះ ពោលគឺប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង៥របស់ពិភពលោកនៅឆ្នាំ២០៥០ រួមមាន ចិន អាមេរិក ឥណ្ឌា ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់៕